
រាជធានីតូក្យូ៖ ប្រទេសជប៉ុន ធ្លាប់ជាមហាអំណាចយោធាដ៏ខ្លាំងក្លាបំផុតមួយ នៅលើពិភពលោក នាសម័យសង្គ្រាមលោកលើកទី២ ប៉ុន្ដែការទម្លាក់គ្រាប់បែកមហាប្រល័យរបស់រដ្ឋាភិបាលរដ្ឋធានីវ៉ាស៊ីនតោន ២គ្រាប់ ទៅលើទីក្រុងហ៊ីរ៉ូស៊ីម៉ា (Hiroshima) និងណាហ្កាសាគី (Nagasaki) ទើបធ្វើឱ្យប្រទេសនេះ យល់ព្រមចុះចាញ់ ហើយសុខចិត្តសម្ងំដេកលង់លក់ អស់រយៈពេលជាច្រើនទសវត្សរ៍ ក្រោមច្បាប់រដ្ឋធម្មនុញ្ញសន្ដិភាព ដែលបានតាក់តែងឡើង ដោយសហរដ្ឋអាម៉េរិក ប៉ុន្ដែភាពមិនប្រាកដប្រជាផ្នែកសន្ដិសុខសកល ការបាញ់ផ្លោងមីស៊ីលរបស់កូរ៉េខាងជើង ការគំរាមកំហែងរបស់រុស្ស៊ី និងការបង្កើនសកម្មភាពយោធាឥតឈប់ឈររបស់ចិន នៅក្នុងតំបន់ បានដាស់អង្រួនមហាយក្សអាស៊ីបូព៌ាមួយនេះ ឱ្យក្រោកពីដំណេក ដោយបង្កើនកញ្ចប់ថវិកាការពារជាតិ និងគ្រឿងសព្វាវុធ រហូតធ្វើឱ្យរដ្ឋាភិបាលរដ្ឋធានីប៉េកាំង មានអារម្មណ៍ភ័យខ្លាច ចំពោះការបង្កើនកម្លាំងយោធារបស់រាជធានីតូក្យូ។

សារព័ត៌មានហុងកុង South China Morning Post បានផ្សាយថា បើតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសជប៉ុន បានឱ្យដឹងថា ចិនអាចនឹងត្រូវប្រឈមមុខជាមួយនឹងកងទ័ពជប៉ុន ដែលមានសមត្ថភាពដ៏ខ្លាំងក្លាជាងមុន នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ស្របពេលរដ្ឋាភិបាលរាជធានីតូក្យូ កំពុងពិចារណា បង្កើនថវិកាលើវិស័យការពារជាតិ នៅក្នុងរយៈពេល៥ឆ្នាំ ដោយកើនឡើងជិតទ្វេដង រហូតដល់ចំនួន៨០ពាន់ពាន់លានយ៉េន (លុយជប៉ុន) ឬស្មើនឹង៥០៨ពាន់លានដុល្លារអាម៉េរិក។ ក្រុមអ្នកសង្កេតការណ៍ លើកឡើងថា ការពង្រឹងកម្លាំងយោធាដ៏ខ្លាំងក្លាបែបនេះ អាចជួយបង្កើនសមត្ថភាពកងស្វ័យការពារជប៉ុន រារាំង ឬឆ្លើយតបទៅនឹងប្រតិបត្តិការនានារបស់កងទ័ពរំដោះប្រជាជនចិន (PLA) នៅតំបន់ជុំវិញកោះតៃវ៉ាន់ និងសមុទ្ទចិនខាងកើត ព្រមទាំងអាចទប់ទល់នឹងការវាយប្រហារ និងរក្សានូវប្រតិបត្តិការយោធា រយៈពេលយូរអង្វែង ករណីមានជម្លោះនៅក្នុងតំបន់។

ការបង្កើនកញ្ចប់ថវិកា លើវិស័យយោធាដ៏ធំសម្បើមបែបនេះ បានត្រូវគេរាយការណ៍ថា បានកើនឡើងប្រហែល៤៣ពាន់ពាន់លានយ៉េន នៅក្នុងផែនការបច្ចុប្បន្ន ប៉ុន្ដែវាស្ថិតនៅក្នុងដំណាក់កាលនៃការចរចារបស់រដ្ឋាភិបាល ចំពេលជប៉ុនកំពុងរៀបចំកែប្រែឯកសារសំខាន់ៗ ចំនួន៣ ស្ដីអំពីសន្តិសុខជាតិ ឱ្យរួចរាល់ នៅត្រឹមចុងឆ្នាំ២០២៦នេះ។ បច្ចុប្បន្ន ទំនាក់ទំនងការទូត រវាងប្រទេសជប៉ុន និងចិន បានធ្លាក់ចុះយ៉ាងខ្លាំង ក្រោយពេលលោកស្រី សាណេអេ តាកៃឈី (Sanae Takaichi) បានចូលមកកាន់តំណែង ជានាយករដ្ឋមន្រ្ដីជប៉ុន នៅក្នុងអំឡុងចុងឆ្នាំ២០២៥។ លោកស្រីនាយករដ្ឋមន្រ្ដី តាកៃឈិ បានថ្លែងជាចំហ ទៅកាន់សភាជប៉ុនថា៖«រដ្ឋាភិបាលរាជធានីតូក្យូ នឹងធ្វើអន្ដរាគមន៍យោធា ប្រសិនបើចិន លើកទ័ពវាយលុកលើកោះតៃវ៉ាន់។» ការលើកឡើងរបស់លោកស្រីនាយករដ្ឋមន្រ្ដី លើការធ្វើអត្ថាធិប្បាយដ៏មុតស្រួចបំផុត ដែលនាយករដ្ឋមន្រ្ដីនានារបស់ជប៉ុន មិនធ្លាប់លើកឡើងជាសាធារណៈ នៅក្នុងនាមរដ្ឋាភិបាល ខណៈពីមុនធ្លាប់តែលើកឡើង ដោយមន្រ្ដីគណបក្សរបស់ជប៉ុនតែប៉ុណ្ណោះ។

ចាប់តាំងពីលោកស្រី សេណេអេ តាកៃឈិ ដឹកនាំរដ្ឋាភិបាលរាជធានីតូក្យូនោះមក ជប៉ុន បានបន្ធូរបន្ថយនូវការរឹតបន្ដឹង ពាក់ព័ន្ធនឹងគ្រឿងសព្វាវុធ។ ការសម្រេចចិត្តរបស់លោកស្រី បានបើកផ្លូវដល់ប្រទេសជប៉ុន អាចនាំចេញទ្រព្យសម្បត្ដិការពារជាតិ ទៅកាន់ប្រទេសនានា ខណៈបច្ចុប្បន្នប្រទេសអាស៊ីបូព៌ាមួយនេះ កំពុងហក់ចូលទៅក្នុងការប្រកួតប្រជែងទីផ្សារការពារជាតិ ជាមួយកូរ៉េខាងត្បូង នៅប្លុកអាស៊ាន និងពិភពលោក។ បើតាមទស្សនាវដ្ដីកងទ័ពចិន បានចេញផ្សាយកាលពីពេលកន្លងទៅថា ជប៉ុន មានក្រុមអ្នកជំនាញអាវុធមហាប្រល័យលោក និងមានសារធាតុព្លុយតូញ៉ូមគ្រប់គ្រាន់ នៅក្នុងឃ្លាំងស្ដុករបស់ខ្លួន។ ប្រទេសមហាអំណាចសេដ្ឋកិច្ចទី២របស់អាស៊ីមួយនេះ អាចនឹងផលិតអាវុធនុយក្លេអ៊ែររហូតដល់ជាង៥០០០គ្រាប់ នៅក្នុងរយៈពេលយ៉ាងយូរត្រឹមមួយឆ្នាំ ប្រសិនបើរាជធានីតូក្យូលុបចោលច្បាប់ ដែលពួកគេប្រកាន់ខ្ជាប់ចំនួន៣ រួមមាន៖ មិនរក្សាទុកអាវុធនុយក្លេអ៊ែរ, មិនផលិតអាវុធនុយក្លេអ៊ែរ, និងមិននាំចូលអាវុធនុយក្លេអ៊ែរ៕







