
រាជធានីបាងកក៖ អតីតមេបញ្ជាការយោធាភូមិភាគ២ ដែលបានដឹកនាំការឈ្លានពានលើអធិបតេយ្យកម្ពុជា ប៊ុនស៊ីន ផាដក្លាង (บุญสิน พาดกลาง) ត្រៀមលាចាកសិក្ខាបទ (ភាសាសាមញ្ញហៅថា សឹក) ដើម្បីត្រឡប់ទៅធ្វើជាទីប្រឹក្សាមេបញ្ជាការកងទ័ពជើងគោកវិញ។ នេះបើយោងតាមការចុះផ្សាយដោយកាសែតខាវសដ កាលពីថ្ងៃទី៥ ខែវិច្ឆិកា...។

អតីតមេទ័ពឈ្លានពានដ៏លេចធ្លោក្នុងប្រទេសថៃ ប៊ុនស៊ីន ផាដក្លាង ត្រៀមខ្លួនលាចាកសិក្ខាបទ នៅចុងខែវិច្ឆិកាខាងមុខ មុនត្រឡប់ទៅបំពេញភារកិច្ចយោធាវិញ ក្នុងនាមជាទីប្រឹក្សាមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី១ ខែធ្នូ។ អតីតមេទ័ពរូបនេះ មានសង្ឃដីការថា៖«អាត្មា..! នឹងត្រឡប់ទៅ[បម្រើយោធា]វិញ»។ សូមជម្រាបថា កន្លងទៅ អគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ លោក ផៈណា ក្លែវផ្លតធូក (พนา แคล้วปลอดทุกข์) បានតែងតាំងអតីតមេបញ្ជាការយោធភូមិភាគ២ ប៊ុនស៊ីន ផាដក្លាង ជាទីប្រឹក្សាយុទ្ធសាស្ត្ររបស់អគ្គមេបញ្ជាការទ័ពភូមិន្ទថៃ ដើម្បីផ្តល់ការណែនាំជាយុទ្ធសាស្ត្រ និងការការពារជាតិ។

គេនៅចាំបានថា នៅពេល ប៊ុនស៊ីន ផាដក្លាង កាន់តំណែងជាមេបញ្ជាយោធភូមិភាគ២ លោកបានធ្វើព្យុះ ធ្វើភ្លៀងជាខ្លាំងមកលើប្រទេសកម្ពុជា។ គ្រានោះ ប៊ុនស៊ីន ផាដក្លាង បានបង្ហាញជំហយ៉ាងរឹងត្អឹងក្នុងមហិច្ឆតាឈ្លានពានកម្ពុជា តាមរយៈសកម្មភាពយោធា ការបោះពាក្យសម្តី ផ្លែផ្កា ឌឺដងបញ្ឆេះកំហឹងក្រុមអ្នកជាតិនិយមថៃ ឱ្យគាំទ្រខ្លួនបើកការឈ្លានពានលើអធិបតេយ្យកម្ពុជា ទាំងកំរោល សាហាវព្រៃផ្សៃ ឃោរឃៅ និងអនុមនុស្សធម៌បំផុត។ មានសំណួរជាច្រើនចោទសួរថា ប្រសិនបើអតីតមេទ័ពថៃឈ្លានពាន វិលចូលតំណែងយោធាវិញ តើអាចនឹងមានការគំរាមកំហែងកាន់តែខ្លាំង ដល់កម្ពុជាដែរឬទេ? ហើយថា តើថៃពិតជាមានគម្រោងធ្វើសង្គ្រាមឈ្លានពានជុំទី៣លើប្រទេសកម្ពុជាមែនឬ?..៕





