ផ្ទុយពីការធ្វើដាក់កម្ពុជា! សីហស័ក្តិ ទូរសព្ទទៅអង្វរភូមា១០នាទី កុំឱ្យវា.យ.ប្រ.ហារចូលដីថៃ
ហៀប ស៊ីថេត
•
មួយម៉ោងមុន

រាជធានីបាងកក៖ ប្រមុខការទូតថៃ បានអំពាវនាវឱ្យប្រទេសភូមា បង្ការកុំឱ្យប្រតិបត្តិការយោធារបស់ខ្លួន ប្រឆាំងនឹងក្រុមប្រដាប់អាវុធជនជាតិភាគតិច ប៉ះពាល់ដល់ទឹកដីថៃ បន្ទាប់ពីការប្រយុទ្ធគ្នានៅជិតព្រំដែន បណ្ដាលឱ្យប្រជាពលរដ្ឋថៃរងរបួស និងខូចខាតផ្ទះសម្បែង។ នេះបើតាមខ្លឹមសារសន្ទនាតាមទូរសព្ទរយៈពេល១០នាទី របស់លោក សីហស័ក្តិ ភួងកែវកែវ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ ជាមួយរដ្ឋមន្ត្រីការបរទេសភូមា លោក ទីន មួងស្វេ (Tin Maung Swe) កាលពីថ្ងៃអង្គារទី៣ ខែវិច្ឆិកា។

លោក សីហស័ក្តិ ភួងកែវកែវ (Sihasak Phuangketkeow)
លោក សីហស័ក្តិ ភួងកែវកែវ (Sihasak Phuangketkeow)

ការសន្ទនាតាមទូរសព្ទនេះ ធ្វើឡើងក្នុងពេលលោក សីហស័ក្តិ កំពុងស្ថិតនៅរដ្ឋធានីប៉េកាំង ប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) លើកទី១១។ លោក សីហស័ក្តិ ថ្លែងថា លោកបានសម្ដែងនូវក្ដីបារម្ភរបស់រាជរដ្ឋាភិបាលថៃ ចំពោះប្រតិបត្តិការយោធារបស់ភូមា ប្រឆាំងនឹងក្រុមប្រដាប់អាវុធជនជាតិភាគតិច នៅជិតព្រំដែន ជាពិសេស ការវាយប្រហារតាមអាកាស សំដៅលើទីតាំងយោធា។ លោកបានសង្កត់ធ្ងន់ថា ប្រតិបត្តិការយោធារបស់ភូមា មិនគួរឱ្យប៉ះពាល់ដល់ប្រទេសថៃឡើយ ហើយការវាយប្រហារតាមអាកាស គួរតែធ្វើឡើងនៅទីតាំងដែលឆ្ងាយពីព្រំដែនថៃ តាមតែអាចធ្វើទៅបាន។

រដ្ឋមន្ត្រីការបរទេសថៃរូបនេះ ក៏បានលើកឡើងអំពីស្ថានការណ៍ទូទៅនៅក្នុងប្រទេសភូមាផងដែរ ដោយបានថ្លែងថា ប្រទេសថៃ កំពុងធ្វើការឆ្ពោះទៅរកការធ្វើសមាហរណកម្មឡើងវិញរបស់ភូមា ទៅក្នុងប្លុកអាស៊ាន។ ទោះជាយ៉ាងណាក៏ដោយ លោកបានគូសបញ្ជាក់ថា ភូមាត្រូវតែឆ្លើយតបទៅនឹងក្ដីបារម្ភរបស់ប្លុកនេះ ជាពិសេស តាមរយៈការកាត់បន្ថយអំពើហិង្សា។ លោក សីហស័ក្តិ និយាយដោយភាពទន់ភ្លន់ទៀតថា ការកាត់បន្ថយអំពើហិង្សាដោយភាគីទាំងអស់ នឹងជួយបង្កើតបរិយាកាសអំណោយផលជាងមុន សម្រាប់កិច្ចសន្ទនា និងការសម្រុះសម្រួលគ្នា ក្នុងការសម្រេចបាននូវសន្តិភាពនៅក្នុងប្រទេសភូមាទាំងមូល។ លោកក៏បានបញ្ជាក់ពីផែនការទស្សនកិច្ចទៅកាន់ភូមា នាថ្ងៃទី១២ ខែវិច្ឆិកា ខាងមុខ ពោលគឺមុនកិច្ចប្រជុំកំពូលអាស៊ាន ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៥-១៧ ខែវិច្ឆិកា៕(Sic)

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត