
ACL Two៖ នៅទីបំផុត ក្រុមភ្នំពេញក្រោន បានរងបរាជ័យលើកដំបូងរបស់ខ្លួនក្នុងពូល H ក្រោមថ្វីជើងក្រុមឃីតឈី អេហ្វស៊ី ដោយលទ្ធផល ១-២ ដែលជាការប្រកួតសងសឹកគ្នាដ៏ក្ដៅគគុក នៅទីលានវាលស្មៅកីឡដ្ឋាន Mong Kok Stadium ទីក្រុងហុងកុង ប្រទេសចិន...។

សំឡេងកញ្ចែរលោកអាជ្ញាកណ្ដាលបន្លឺឡើង បានត្រឹម២នាទីប៉ុណ្ណោះ ក្រុមឃីតឈី អេហ្វស៊ី រកបានគ្រាប់បាល់ភ្លាមៗ ដោយកីឡាករ រូស្លេន មីងហ្កាហ្សូវ (Ruslan Mingazow) តាមរយៈការបណ្តើរបាល់ចូលតំបន់គ្រោះថ្នាក់ ក្រុមភ្នំពេញក្រោន ហើយបញ្ជូនឱ្យមិត្តរួមក្រុមបញ្ចប់ទី តែបាល់រត់ទៅប៉ះចំជើងកីឡាករភ្នំពេញក្រោន ផ្លាតចូលទីខ្លួនឯង ធ្វើឱ្យក្រុមឃីតឈី អេហ្វស៊ី នាំមុខ ក្រុមភ្នំពេញក្រោន លទ្ធផល ០-១។ លទ្ធផលនេះ បានបន្តរហូតដល់ចប់៤៥នាទីដំបូងក្នុងវគ្គទី១។ កាន់តែគួរឱ្យសោកស្ដាយបំផុតនោះ កីឡាករ កើត ពេជ្រ បានបង្កកំហុស ត្រូវលោកអាជ្ញាកណ្ដាលផ្តល់កាតក្រហម ធ្វើឱ្យក្រុមភ្នំពេញក្រោន មានសភាពកាន់តែយ៉ាប់យឺន ព្រោះមានគ្នាត្រឹម១០នាក់ ប្រកួតជាមួយដៃគូ មានគ្នា១១នាក់ ស្របពេល ក្រុមឃីតឈី អេហ្វស៊ី កំពុងនាំមុខស្រាប់។

ចូលដល់ការប្រកួតវគ្គទី២ ក្រុមភ្នំពេញក្រោន រៀបចំទម្រង់លេងថ្មីបានយ៉ាងល្អ ទោះបីសល់គ្នា១០នាក់ក្ដី ក៏ក្រុមភ្នំពេញក្រោន ដាក់ការកៀបសង្កត់លើក្រុមឃីតឈី អេហ្វស៊ី វិញដែរ។ ក្រុមទាំងពីរ បានធ្វើការវាយសម្រុកគ្នាទៅវិញទៅមកយ៉ាងជក់ចិត្តបំផុត ប៉ុន្តែនៅនាទី៨៥ កីឡាករពាក់អាវលេខ៧របស់ក្រុមភ្នំពេញក្រោន មីជឡែន ហ្គុយថូ (Mijland Guytho) ស៊ុតបញ្ចូលទីតាមស្មើបានយ៉ាងល្អ ធ្វើឱ្យក្រុមភ្នំពេញក្រោន ទទួលបានគ្រាប់បាល់ ១-១ ជាមួយក្រុមឃីតឈី អេហ្វស៊ី វិញ។ ទោះជាយ៉ាងណា ក្តីសង្ឃឹមប្រកួតស្មើរបស់អ្នកគាំទ្រក្រុមភ្នំពេញក្រោន បានបាត់បង់ទៅវិញ ក្រោយ ក្រុមឃីតឈី អេហ្វស៊ី រកបានមួយគ្រាប់ទៀត តាមរយៈការតែតបញ្ចូលទីដោយកីឡាករ ខេនឌី (Kendy) នៅនាទី៩០+ និងបានរក្សាលទ្ធផលនេះ រហូតចប់ការប្រកួត៕




