ក្រៅពីដាក់ពង្រាយរថក្រោះនៅភូមិជោគជ័យ, កងកម្លាំងថៃ បន្តជីកលេណដ្ឋានឆ្ពោះមកមុខប្រមាណ២០ម៉ែត្រទៀត នៅឃុំថ្មដារបស់កម្ពុជា
អ
អុន សម្ផស្ស
•
4 ម៉ោងមុន

អន្តរខេត្ត៖ ក្រៅពីធ្វើសកម្មភាពដាក់ពង្រាយរថក្រោះ២គ្រឿង នៅតំបន់ភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ កងកម្លាំងយោធាថៃឈ្លានពាន បានបន្តជីកលេណដ្ឋានឆ្ពោះមកមុខប្រមាណ២០ម៉ែត្របន្ថែមទៀតពីទីតាំងចាស់ នៅតំបន់ច១ ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា...។

ក្រសួងការពារជាតិ បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) ចុះទៅមើល ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពជាក់ស្តែង តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ​នៅតំបន់ច១ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ បេសកកម្មនេះ មានគោលបំណងពិនិត្យមើលសកម្មភាពរបស់កងកម្លាំងយោធាថៃ ដែលបានរំកិលទីតាំងប៉ុស្តិ៍សង្កេតការណ៍ និងបន្តជីកលេណដ្ឋានឆ្ពោះមកមុខប្រមាណ ២០ម៉ែត្រពីទីតាំងដើម ព្រមទាំងផ្ទៀងផ្ទាត់ការគោរព និងការអនុវត្តវិធានការទាំងហ្លាយដែលមានចែងក្នុងសេចក្តីប្រកាសរួម ក្រោយបទឈប់បាញ់ចូលជាធរមាន។ ហាក់មិនខុសគ្នាកាលពីថ្ងៃទី៣វិច្ឆិកា កម្ពុជាក៏បាននាំក្រុម AOT-KH ទៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បន្ទាប់ពីយោធាថៃ បានដាក់ពង្រាយរថក្រោះ២គ្រឿង នៅចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងដែលក្រុមអ្នកសង្កេតការណ៍អាស៊ានឈរសង្កេតការណ៍។

ជុំវិញស្ថានការណ៍នេះ ក្រសួងការពារជាតិកម្ពុជា អំពាវនាវឱ្យភាគីថៃគោរពឱ្យបានខ្ជាប់ខ្ជួន ប្រកបដោយសុឆន្ទៈ និងភាពស្មោះត្រង់ នូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេស លើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត សំដៅស្វែងរកដំណោះស្រាយដោយសន្តិវិធី យុត្តិធម៌ និងយូរអង្វែង ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ រវាងប្រទេសទាំងពីរ។ ជាមួយគ្នា កម្ពុជាប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់គោរពកិច្ចព្រមព្រៀងនានា ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញ ឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត