
កីឡាអន្តរជាតិ៖ ព្រឹត្តិការណ៍ដ៏ភ្ញាក់ផ្អើល និងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក កើតឡើងក្នុងកម្រិតពានរង្វាន់យុវជនអាយុក្រោម២០ឆ្នាំ(U20) នៅប្រទេសប្រេស៊ីល ដោយលោកអាជ្ញាកណ្ដាល បានសម្រេចចាយកាតក្រហមរហូតដល់ ៥១សន្លឹក ក្នុងប្រកួតតែមួយ បន្ទាប់ពីមានហិង្សាក្រឡាប់ចក្រពេញទីលាន…។

ការប្រកួតជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ មីណាស ហ្សេរ៉ាយស៍ អាយុក្រោម២០ឆ្នាំ (Minas Gerais Under-20 Championship) រវាងក្រុមអាប់ប៊ើលេនឌៀ (Uberlandia) និងក្រុមមាម័រ (Mamore) បានប្រែជាភាពវឹកវរយ៉ាងធ្ងន់ធ្ងរ បណ្ដាលឱ្យកីឡាករ៤៣នាក់ និងសមាសភាពក្រុមការងារគ្រូបង្វឹក៨នាក់ ទទួលបានកាតក្រហមបណ្តេញចេញពីទីលាន។ ការចាយកាត់ក្រហមចំនួននេះ បានបំបែកកំណត់ត្រាចាស់៣៦កាតក្រហម ដែលធ្លាប់កើតឡើងនៅក្នុងការប្រកួតលីគទី៥ នៅប្រទេសអាហ្សង់ទីន កាលពីឆ្នាំ២០១១។

យោងតាមរបាយការណ៍ពី BBC Sports នៅព្រឹកថ្ងៃព្រហស្បតិ៍ទី០៥ ខែវិច្ឆិកានេះ បានឱ្យដឹងថា ជម្លោះបានផ្ទុះឡើងនៅវគ្គទីពីរ បន្ទាប់ពីកីឡាករដាវី (Davi) របស់ក្រុម ម៉ាម័រ រត់ទៅឌឺដងដាក់កីឡាករអង្គុយកៅអីបម្រុងរបស់គូប្រកួត ពេលអបអរសាទរគ្រាប់បាល់នាំមុខ ៣-១។ ភ្លាមៗ គ្រូបង្វឹករបស់ក្រុមអ៊ុយប៊ើឡែនឌៀ លោក ប៉ៅឡូ ស៊ើជីអូ ដាយអាស ឌូស សាន់តូស (Paulo Sergio Dias Dos Santos) បានរត់ចូលទីលានទៅប្រឈមមុខដោយផ្ទាល់ បង្កឱ្យកើតជាការវាយប្រហារគ្នាយ៉ាងក្ដៅគគុក រហូតឈានដល់ការដកកាតក្រហម ជាបន្តបន្ទាប់។

ប្រភពសារព័ត៌មានប្រេស៊ីល O Tempo បានរាយការណ៍ថា កងកម្លាំងនគរបាលយោធា ត្រូវបានសុំអន្តរាគមន៍បន្ទាន់ ដោយសារមានការខូចខាតទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរនៅក្នុងកីឡដ្ឋាន Parque do Sabia។ របាយការណ៍របស់ប៉ូលិស បញ្ជាក់ថា ទ្វារចំនួន១៤ ត្រូវបាក់បែក បន្ទប់ទឹក និងបង្អួចត្រូវបានបំផ្លិចបំផ្លាញ ព្រមទាំងកៅអី និងតុជាច្រើន ត្រូវបាក់បែកខ្ទេចខ្ទី។ យ៉ាងណា ការប្រកួតកីឡាមិនមែនជាសង្គ្រាមនោះទេ! តាមរយៈហេតុការណ៍ខាងលើ បង្រៀនយើងថា ជ័យជម្នះដ៏ពិតប្រាកដមិនមែន បានមកពីការយកឈ្នះដោយហិង្សានោះឡើយ តែវាកើតចេញពីការគោរពបទបញ្ជាការប្រកួត ការគ្រប់គ្រងអារម្មណ៍ និងស្មារតីកីឡា លើទីលានតែប៉ុណ្ណោះ៕



