១០ខែ មន្រ្តីបរិស្ថានទប់ស្កាត់ទឹកកខ្វក់ជិត២២លានម៉ែត្រគូប មិនឱ្យហូរបំពុលតំបន់ទឹកសាធារណៈ
S
Soriya Sou
•
3 ម៉ោងមុន

រាជធានីភ្នំពេញ៖ រយៈពេល១០ខែ គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៦ មន្រ្តីជំនាញនៃក្រសួងបរិស្ថាន បានទប់ស្កាត់ការបញ្ចេញសំណល់រាវកខ្វក់ចំនួន២១ ៩៨៧ ៧០៣ម៉ែត្រគូប មិនឱ្យហូរចូលក្នុងប្រភពទឹកសាធារណៈ ដែលជាជំហានដ៏សំខាន់មួយក្នុងការការពារប្រព័ន្ធអេកូឡូស៊ី និងសុខភាពសាធារណៈនៅកម្ពុជា...។

ដោយឡែក បើគិតចាប់ពីខែមករា ឆ្នាំ២០២៥ ដល់ខែតុលា ឆ្នាំ២០២៦ ពោលគឺរយៈពេល២១ខែ ក្រសួងបានគ្រប់គ្រងបរិមាណការបញ្ចេញសំណល់រាវ ដែលបានសម្អាតរួច និងធានាមិនឱ្យមានការបំពុលបរិស្ថាន បានរហូតដល់ជាង៤២លានម៉ែត្រគូប។ នេះបើតាមរបាយការណ៍របស់ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី៥វិច្ឆិកា។ ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រងការបញ្ចេញសំណល់រាវកខ្វក់ ក្រសួងបរិស្ថាន បានអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ដោយជំរុញឱ្យរោងចក្រ និងសហគ្រាសនានាបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ ដើម្បីផ្តល់ព័ត៌មានផ្ទាល់ភ្លាមៗមកកាន់ទីស្តីការក្រសួង។ គិតរហូតមកដល់ខែតុលា ឆ្នាំ២០២៦ មានក្រុមហ៊ុន និងសហគ្រាសចំនួន៧៥ហើយ ដែលបានស្ម័គ្រចិត្ត និងចូលរួមបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យការបញ្ចេញសំណល់រាវនេះ។

ជាថ្មីម្ដងទៀត ក្រសួងបានអំពាវនាវដល់ម្ចាស់រោងចក្រសហគ្រាស និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមបន្តគោរព និងអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួន។ ការអំពាវនាវនេះ ធ្វើឡើងដើម្បីរួមគ្នាលើកកម្ពស់គុណភាពបរិស្ថាន សុខភាពសាធារណៈ និងជំរុញការអភិវឌ្ឍដោយចីរភាពនៅព្រះរាជាណាចក្រកម្ពុជា និងបន្ទាប់ពីមានក្រុមហ៊ុនមួយចំនួន នៅតែលួចបញ្ចេញសំណល់រាវកខ្វក់ចូលទៅក្នុងប្រភពទឹកសាធារណៈម្ដងជាពីរដង បើទោះបីជាទទួលបានការណែនាំ និងពិន័យអន្តរការណ៍ពីក្រសួងបរិស្ថានក៏ដោយ៕


អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត