
រាជធានីភ្នំពេញ៖ បច្ចុប្បន្ន យន្ដហោះគ្មានមនុស្សបើកហោះហើរនៅលើអាកាស ឬដ្រូនរត់នៅលើដី រត់នៅលើទឹក និងដ្រូនមុជក្រោមទឹក កំពុងក្លាយជាអាវុធដ៏សំខាន់បំផុតមួយ មិនអាចខ្វះបាន នៅក្នុងសង្គ្រាមនាសម័យទំនើប ប៉ុន្ដែប្រសិនបើកម្ពុជា មានយានដ្រូនផ្ទុកដ្រូនរបស់តួកគីយ៉េ Bayraktar TB2 នឹងធ្វើឱ្យប្រសិទ្ធភាពនៃការវាយប្រហារគូសត្រូវ មានកម្រិតខ្ពស់ ព្រោះវាអាចហោះហើរបានចម្ងាយរាប់ពាន់គីឡូម៉ែត្រ។

សារព័ត៌មាន The Defence Blog ចេញផ្សាយព័ត៌មាននេះនៅថ្ងៃព្រហស្បតិ៍ទី៥ ខែវិច្ឆិកា ថា បច្ចុប្បន្ន ក្រុមហ៊ុនផលិតដ្រូនរបស់ប្រទេសតួកគី Baykar (បាយការ) បានសាកល្បងយានដ្រូនផ្ទុកដ្រូន ប្រភេទ Bayraktar TB2 (បាយរ៉ាក់តារ ធីប៊ីធូ) ឬដ្រូន TB2 សម្រាប់ផ្ទុកដ្រូនអត្ដឃាត ប្រភេទ Skydagger FPV ចំនួន១៦គ្រឿង ដោយអាចបញ្ចេញម្ដងចំនួន២គ្រឿង ដែលអាចវាយប្រហារ ទៅលើគោលដៅនានា នៅក្នុងចម្ងាយ១៥គីឡូម៉ែត្រ។ ដ្រូន ប្រភេទ TB2 អាចហោះចេញពីមជ្ឈមណ្ឌលបណ្ដុះបណ្ដាល និងសាកល្បងការហោះហើរ Keşan នៃក្រុមហ៊ុន Baykar ស្ថិតនៅភាគពាយព្យនៃប្រទេសតួកគី ហើយបានហោះទៅកាន់តំបន់តេស្ដសាកល្បងមួយកន្លែង។ នៅទីនោះ យានដ្រូនផ្ទុកដ្រូន បានបញ្ចេញដ្រូន ប្រភេទ FPV ចំនួន២គ្រឿង។

រីឯអ្នកបញ្ជានៅលើដី បានបញ្ជាដ្រូនទាំង២គ្រឿង តាមរយៈប្រព័ន្ធតភ្ជាប់ទិន្នន័យរបស់ TB2 ហើយរូបភាពពីការសាកល្បង បានបង្ហាញថា ដ្រូនទាំង២គ្រឿងនោះ បានហោះបោះពួយ សំដៅទៅបំផ្ទុះលើគោលដៅផ្សេងៗដែលបានកំណត់។ ទោះជាយ៉ាងណា ក្រុមហ៊ុន Baykar មិនបានបញ្ជាក់ថា តើដ្រូនចំនួន១៤គ្រឿងផ្សេងទៀត ដែលបានចូលរួម នៅក្នុងការហោះហើរ ឬការសាកល្បងនេះ បានធ្វើអ្វីខ្លះ ឬធ្វើនៅពេលណានោះឡើយ។ ដ្រូន FPV ជាប្រភេទដ្រូនមានស្លាបកង្ហារចំនួនបួន (Quadcopters) ទំហំតូច និងមានតម្លៃថោក ហើយបានបញ្ជាតាមរយៈរូបភាព ពីកាមេរ៉ា និងបំពាក់ដោយគ្រឿងបំផ្ទុះ។ ដ្រូនទាំងនេះ ជាអាវុធដ៏សំខាន់មួយប្រភេទ នៅក្នុងចំណោមអាវុធ ដែលបានប្រើប្រាស់ជាញឹកញាប់បំផុត នៅលើសមរភូមិជួរមុខ នៅក្នុងប្រទេសអ៊ុយក្រែន។ ប៉ុន្តែដោយសារតែដែនកំណត់នៃរយៈចម្ងាយបញ្ជាតាមរលកវិទ្យុ ទើបដ្រូនប្រភេទនេះ អាចវាយប្រហារ បានតែនៅក្នុងចម្ងាយជិតៗពីអ្នកបញ្ជាតែប៉ុណ្ណោះ។

បើតាមសារព័ត៌មានតួកគីយ៉ា Akşam បានឱ្យដឹងថា លោក ហាលូក បាយរ៉ាកតារ (Haluk Bayraktar) នាយកប្រតិបត្តិនៃក្រុមហ៊ុន Baykar បានបញ្ជាក់ថា តាមធម្មតា ដ្រូនប្រភេទ FPV នេះ អាចហោះនៅក្នុងចម្ងាយត្រឹមតែប្រហែល១៥គីឡូម៉ែត្រ ប៉ុន្តែប្រសិនបើមានយានដ្រូនផ្ទុកដ្រូន ប្រភេទ TB2 ហើយបញ្ជូនសញ្ញាបញ្ជាតាមរយៈដ្រូននេះ វានឹងអាចពង្រីកចម្ងាយវាយប្រហារបាន រហូតដល់រាប់ពាន់គីឡូម៉ែត្រ។ យុទ្ធសាស្ត្របែបនេះ នឹងបើកផ្លូវ ឈានទៅរកគោលលទ្ធិសង្គ្រាមតាមបែបសម័យថ្មី នាពេលបច្ចុប្បន្ន៕





