
រាជធានីបាងកក៖ យោធាភូមា បានបដិសេធទទួលខុសត្រូវ ចំពោះការបាញ់ប្រហារឆ្លងដែន ដែលបណ្ដាលឱ្យជនស៊ីវិលថៃម្នាក់ រងរបួស និងបានអះអាងថា ក្រុមប្រដាប់អាវុធជនជាតិភាគតិច និងកងកម្លាំងប្រឆាំងរបបយោធា គឺជាអ្នកបាញ់ប្រហារដោយចេតនា ចូលទៅក្នុងប្រទេសថៃ ដើម្បីញុះញង់ឱ្យមានភាពតានតឹង រវាងប្រទេសទាំង២។ នេះបើយោងតាមការចុះផ្សាយ ដោយកាសែតខាវសដ នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយកាលពីថ្ងៃទី៣ ខែវិច្ឆិកា ក្រុមការងារព័ត៌មានរបស់យោធាភូមា បានចោទប្រកាន់សហភាពការ៉ែន (KNU) កងទ័ពរំដោះជាតិការ៉ែន (KNLA) ក្រុមរដ្ឋាភិបាលរួបរួមជាតិ (NUG) គណៈកម្មាធិការតំណាងសភា (CRPH) និងកងកម្លាំងការពារប្រជាជន (PDF) ថា បានព្យាយាមបំផ្លាញទំនាក់ទំនងរវាងភូមា និងថៃ។ សេចក្តីថ្លែងការណ៍ ដែលត្រូវបានចុះផ្សាយដោយទូរទស្សន៍អន្តរជាតិភូមា (MITV) គ្រប់គ្រងដោយរដ្ឋ បានលើកឡើងជាពិសេស អំពីហេតុការណ៍កាលពីថ្ងៃទី២៩ ខែតុលា ក្នុងនោះ ជនស៊ីវិលថៃម្នាក់ បានរងរបួសដោយសារគ្រាប់កាំភ្លើងយន្តធុនធ្ងន់ទំហំ១២,៧មិលីម៉ែត្រ នៅជិតព្រំដែន។ យោធាភូមា បានបដិសេធថា ទាហានខ្លួន មិនទទួលខុសត្រូវចំពោះរឿងនេះទេ ដោយបញ្ជាក់ថា ក្រុមប្រដាប់អាវុធជនជាតិភាគតិច បានបាញ់ប្រហារដោយចេតនា ចូលទៅក្នុងដែនដីថៃ ដើម្បីបំផ្លាញទំនាក់ទំនងទ្វេភាគី។

សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖«អាជ្ញាធរថៃ ដែលពាក់ព័ន្ធ ត្រូវបានជូនដំណឹងរួចហើយ ថា អាវុធប្រភេទនេះ មិនត្រូវបានប្រើប្រាស់ដោយកងទ័ពភូមាទេ»។ យោធាភូមាអះអាងថា ខ្លួនបានផ្តល់ការបកស្រាយដល់អាជ្ញាធរយោធាថៃ រួចហើយ ទោះបីជាសេចក្តីថ្លែងការណ៍មិនបានទម្លាយព័ត៌មានលម្អិត នៃភស្តុតាងគាំទ្រណាមួយក៏ដោយ។ យោងតាមសេចក្តីថ្លែងការណ៍ របាយការណ៍បែបនេះ មានបំណងបំភិតបំភ័យ សហគមន៍ព្រំដែន និងបង្កើតភាពជាសត្រូវរវាងប្រទេសទាំង២។ យោធាភូមា បានសម្ដែងការសោកស្ដាយ និងអាណិតអាសូរចំពោះជនស៊ីវិលថៃ ដែលរងរបួស ហើយបញ្ជាក់ថា ខ្លួនគោរពអធិបតេយ្យភាពរបស់ប្រទេសថៃ។

សេចក្តីថ្លែងការណ៍ បានបញ្ជាក់ទៀតថា៖«កងទ័ពភូមា នឹងមិនធ្វើសកម្មភាពណាមួយ ដែលរំលោភលើអធិបតេយ្យភាពរបស់ប្រទេសផ្សេងទៀតឡើយ»។ សូមជម្រាបថា សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីមានការស្នើសុំពីរាជរដ្ឋាភិបាលរាជធានីបាងកក កាលពីថ្ងៃទី២ ខែវិច្ឆិកា ឱ្យបង្កើនការប្រុងប្រយ័ត្ន ក្នុងអំឡុងពេលប្រតិបត្តិការយោធានៅជិតព្រំដែនរួម៕



