
រដ្ឋធានីប៉េកាំង៖ កងនាវាផ្ទុកយន្ដហោះវាយប្រហាររបស់សហរដ្ឋអាម៉េរិក បានធ្វើដំណើររ ចូលមកកាន់សមុទ្ទចិនខាងត្បូង ស្របពេលកងនាវាផ្ទុកយន្ដហោះវាយប្រហាររបស់ចិន កំពុងធ្វើសកម្មភាពនៅតំបន់ប៉ាស៊ីហ្វិកខាងលិច ហើយសកម្មភាពរបស់កងទ័ពជើងទឹក នៃប្រទេសមហាអំណាចសេដ្ឋកិច្ចកំពូលពិភពលោកទាំង២ កំពុងបង្ហាញនូវការប្រកួតប្រជែងយុទ្ធសាស្ត្រ ដាក់គ្នាទៅវិញទៅមក...។

សារព័ត៌មាន The Defence Blog បានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី៥ ខែវិច្ឆិកានេះថា រូបភាពពីផ្កាយរណប បញ្ចេញដោយក្រុមហ៊ុនពាណិជ្ជកម្មរបស់ប្រទេសចិន Mizar Vision បង្ហាញពីកងនាវាផ្ទុកយន្ដហោះវាយប្រហាររបស់សហរដ្ឋអាម៉េរិក USS Theodore Roosevelt (យូអេសអេស ធេអូដ័រ រូសេវ៉ែល) មានលេខសម្គាល CVN 71 បានចូលមកដល់សមុទ្ទចិនខាងត្បូង កាលពីថ្ងៃពុធ នៅក្នុងដំណើររឆ្ពោះទៅកាន់តំបន់មជ្ឈិមបូព៌ា។ បើតាមក្រុមហ៊ុនពាណិជ្ជកម្មរបស់ចិន Mizar Vision អះអាងថា កងនាវាផ្ទុកយន្ដហោះវាយប្រហារនេះ អមដំណើររដោយនាវាចម្បាំងបំពាក់ប្រព័ន្ធមីស៊ីលនាំផ្លូវ USS Chosin (យូអេសអេស ឆូស៊ីន) មានលេខសម្គាល់ CG 65 និងនាវាពិឃាដបំពាក់ប្រព័ន្ធមីស៊ីលនាំផ្លូវ USS Roosevelt មានលេខស្គាល់ DDG 80។

នៅថ្ងៃដដែលនោះរ កងទ័ពជើងទឹកសហរដ្ឋអាម៉េរិក ក៏បានបញ្ចេញរូបភាពមួយសន្លឹក បង្ហាញពីកងនាវាផ្ទុកយន្ដហោះវាយប្រហារ Theodore Roosevelt កំពុងធ្វើដំណើររទន្ទឹមគ្នា ជាមួយនឹងនាវាចាក់ប្រេង HMAS Stalwart (A304) នៃកងទ័ពជើងទឹកអូស្ត្រាលី។ នៅក្នុងសេចក្តីអធិប្បាយភ្ជាប់ជាមួយរូបភាព កងទ័ពជើងទឹកសហរដ្ឋអាម៉េរិក បញ្ជាក់ថា កងនាវាផ្ទុកយន្តហោះនេះ ជាទីបញ្ជាការនៃក្រុមវាយប្រហារតាមផ្លូវអាកាសលេខ៩ (Carrier Strike Group 9) កំពុងធ្វើប្រតិបត្តិការជាប្រចាំ នៅក្នុងតំបន់ប្រតិបត្តិការ នៃកងនាវាទី៧របស់សហរដ្ឋអាម៉េរិក គ្របដណ្ដប់នៅលើតំបន់ប៉ាស៊ីហ្វិកខាងលិច និងសមុទ្ទចិនខាងត្បូង។ ទោះជាយ៉ាងណាក៏ដោយ កងទ័ពជើងទឹកសហរដ្ឋអាម៉េរិក មិនបានបញ្ជាក់អំពីទីតាំងពិតប្រាកដ នៃកងនាវាទាំងនោះឡើយ។

បើតាមក្រុមមន្រ្ដីសហរដ្ឋអាម៉េរិក បានឱ្យដឹងថា កងនាវាផ្ទុកយន្ដហោះវាយប្រហារ Theodore Roosevelt បានធ្វើដំណើរចាកចេញពីមូលដ្ឋានកងទ័ពជើងទឹករបស់ខ្លួន នៅទីក្រុងសានឌីហ្គោ (San Diego) រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី២៧ ខែកញ្ញា។ កងនាវាផ្ទុកយន្ដហោះនេះ នឹងត្រូវដាក់ពង្រាយក្រោមការគ្រប់គ្រងរបស់ទីបញ្ជាការកណ្ដាលសហរដ្ឋអាម៉េរិក ដែលត្រួតត្រានៅតំបន់មជ្ឈិមបូព៌ា ហើយត្រូវគេរំពឹងថា វានឹងចូលមកជំនួសកងនាវាផ្ទុកយន្ដហោះវាយប្រហារ USS George Washington (CVN 73) ដែលកំពុងធ្វើប្រតិបត្ដិការបិទផ្លូវសមុទ្ទ ទៅកាន់ប្រទេសអ៊ីរ៉ង់ ដោយកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក នៅក្នុងសមុទ្ទអារ៉ាប់។

ស្របគ្នានឹងការចូលមកដល់ នៃកងនាវាផ្ទុកយន្ដហោះរបស់សហរដ្ឋអាម៉េរិក នៅក្នុងសមុទ្ទចិនខាងត្បូងនោះ កងនាវាផ្ទុកយន្ដហោះវាយប្រហាររបស់ចិន ក៏កំពុងធ្វើសកម្មភាព នៅពាសពេញតំបន់ជាច្រើន នៃតំបន់ប៉ាស៊ីហ្វិកខាងលិច ជាមួយនឹងនាវាផ្ទុកយន្ដហោះ Fujian និង Liaoning កំពុងប្រតិបត្ដិការ នៅតំបន់សមុទ្ទផ្សេងៗគ្នា ខណៈកងនាវាផ្ទុកយន្ដហោះរបស់ចិនមួយគ្រឿងទៀត ឈ្មោះ Shandong រៀបចំវិលត្រឡប់ទៅកាន់សមុទ្ទវិញ ក្រោយការជួសជុលអស់រយៈពេលជាច្រើនខែរួចមក។ សកម្មភាពរបស់កងនាវាផ្ទុកយន្ដហោះវាយប្រហាររបស់ប្រទេសមហាអំណាចអាស៊ី និងលោកខាងលិចទាំង២ នៅក្នុងដែនទឹកកណ្ដាលនាពេលនេះ កំពុងបង្ហាញអំពីការប្រកួតប្រជែងយុទ្ធសាស្ត្រ និងភូមិសាស្ត្រនយោបាយ រវាងរដ្ឋធានីប៉េកាំង និងរដ្ឋធានីវ៉ាស៊ីនតោន៕





