ដូណាល់ ត្រាំ អត់ខ្វល់រឿងចាញ់ឆ្នោតបក្សប្រឆាំង រៀបចំយុទ្ធោបករណ៍សឹក ត្រៀមវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់
S
Sinuon Nop
•
7 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ថ្វីបើគណបក្សប្រជាធិបតេយ្យ ដណ្ដើមបានការគ្រប់គ្រងសភាទាំង២របស់សហរដ្ឋអាម៉េរិក ពីគណបក្សសាធារណរដ្ឋ នៅក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្ដិ កាលពីថ្ងៃអង្គារ(ម៉ោងនៅសហរដ្ឋអាម៉េរិក)យ៉ាងណាក្ដី ប៉ុន្ដែសម្រាប់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងថា ការបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ គឺអាស្រ័យលើការសម្រេចចិត្តរបស់លោកផ្ទាល់ ខណៈក្រុមមន្រ្ដីយោធាសហរដ្ឋអាម៉េរិក បានបញ្ជាក់ពីការរៀបចំខ្លួនរួចរាល់ សម្រាប់ការវាយប្រហារទ្រង់ទ្រាយធំ ទៅលើប្រទេសអ៊ីរ៉ង់ សាជាថ្មី...។

បណ្ដាញទូរទស្សន៍អារ៉ាប៊ីសាអូឌីត Al Arabiya News បានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី៥ ខែវិច្ឆិកា ថា តាមសេចក្ដីរាយការណ៍ពីសារព័ត៌មានអាម៉េរិក Axios ដែលបានដកស្រង់ប្រភពពីមន្រ្ដីអាម៉េរិក ថា កងទ័ពសហរដ្ឋអាម៉េរិក បានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់លទ្ធភាពអាចចាប់ផ្តើមឡើងវិញ នូវប្រតិបត្តិការយោធាទ្រង់ទ្រាយធំ ប្រឆាំងអ៊ីរ៉ង់ ដោយរាប់បញ្ចូលទាំងការបញ្ជូនយុទ្ធោបករណ៍យោធាបន្ថែម ទៅកាន់តំបន់មជ្ឈិមបូព៌ា។ ប៉ុន្ដែក្រោយការចាញ់យ៉ាងធ្ងន់ធ្ងររបស់គណបក្សសាធារណរដ្ឋ នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងប្រឈមមុខនឹងជម្រើសដ៏លំបាកមួយ រវាងការបន្តការវាយប្រហារ ដោយយោធាប្រឆាំងអ៊ីរ៉ង់ ការបន្តកិច្ចព្រមព្រៀងដែលបានចរចា ឬការរក្សាសម្ពាធសេដ្ឋកិច្ច។

សារព័ត៌មានអាម៉េរិកដដែលលើកឡើងថា លោក ដូណាល់ ត្រាំ បានទទួលស្គាល់ថា សង្គ្រាមប្រឆាំងអ៊ីរ៉ង់ បានជំរុញឱ្យគណបក្សសាធារណរដ្ឋ ចាញ់គណបក្សប្រជាធិបតេយ្យ ប៉ុន្ដែលោកប្រធានាធិបតី នៅតែមិនទាន់សម្រេចអំពីសកម្មភាពបន្ទាប់ ធ្វើឱ្យក្រុមទីប្រឹក្សា នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់ អំពីគោលបំណងរបស់លោក។ បើតាមសារព័ត៌មាន Axios រាយការណ៍ថា អនុប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ជេឌី វ៉េនស៍ (JD Vance) បានដឹកនាំក្រុមអ្នកស្និទ្ធស្នាលរបស់លោក ដូណាល់ ត្រាំ ជាមួយនឹងការជំរុញឱ្យលោកប្រធានាធិបតី ស្វែងរកកិច្ចព្រមព្រៀង ជាមួយរដ្ឋធានីតេហេរ៉ង់ ជាជាងការបន្តប្រតិបត្តិការយោធាឡើងវិញ។ ទន្ទឹមគ្នា លោក វ៉េនស៍ ក៏បានរិះគន់ជាលក្ខណៈឯកជន ចំពោះការវាយតម្លៃរបស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន នេតាន់យ៉ាហ៊ូ ជុំវិញបញ្ហាអ៊ីរ៉ង់ ហើយថែមទាំងបានព្រមានថា សង្គ្រាមដែលមិនទទួលបានការគាំទ្រ អាចធ្វើឱ្យគណបក្សសាធារណរដ្ឋ បាត់បង់ជ័យជម្នះ នៅក្នុងការបោះឆ្នោត។

ថ្វីបើមានការព្រមានជាច្រើនយ៉ាងណាក្ដី លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅតែមានទំនោរឆ្ពោះទៅរកការបន្តការវាយប្រហារ ទៅលើប្រទេសអ៊ីរ៉ង់ នៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ ដូចអ្វីដែលនាយករដ្ឋមន្រ្ដីអ៊ីស្រាអែល បានជំរុញឱ្យម្ចាស់សេតវិមានរូបនេះ ធ្វើតាម។ ក្រុមមន្ត្រីសហរដ្ឋអាម៉េរិក បានប្រាប់ Axios ថា កងទ័ពរបស់ខ្លួន បានបញ្ចប់ការរៀបចំ សម្រាប់ការបន្តប្រតិបត្តិការប្រយុទ្ធទ្រង់ទ្រាយធំ ប្រឆាំងនឹងអ៊ីរ៉ង់ រួមទាំងការដាក់ពង្រាយយុទ្ធោបករណ៍យោធាបន្ថែមទៀត ទៅកាន់តំបន់មជ្ឈិមបូព៌ា។ ស្របគ្នានេះដែរ ក្រុមអ្នកសម្របសម្រួលប្រទេសកាតា កំពុងធានាដល់ការគាំទ្រពីសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ សម្រាប់សេចក្តីព្រាងកិច្ចព្រមព្រៀង ដែលមានគោលបំណងរារាំងដល់ការប្រយុទ្ធគ្នាជាថ្មី ហើយអាចចាប់ផ្តើមការចរចាឡើងវិញ ដោយផ្ទាល់ នៅថ្ងៃខាងមុខ។

លោក ចន រ៉ាតឃ្លីហ្វហ្វេ (John Ratcliffe) នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាម៉េរិក CIA, លោក ស្កត់ បេសសេនត៍ (Scott Sessent) រដ្ឋមន្រ្ដីក្រសួងរតនាគារ និងទីប្រឹក្សាផ្សេងៗទៀត បានពេញចិត្ត នៅក្នុងការរក្សាការបិទផ្លូវកងទ័ពជើងទឹករបស់សហរដ្ឋអាម៉េរិក និងយុទ្ធនាការហ៊ុមព័ទ្ធសេដ្ឋកិច្ច ដើម្បីបង្កើនសម្ពាធលើរដ្ឋធានីតេហេរ៉ង់។ ដោយឡែក លោក ម៉ូសេន រ៉េហ្សាអេ (Mohsen Rezaei) លេខាធិការឧត្ដមក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ង់ បានអបអរសាទរចំពោះបរាជ័យ សម្រាប់គណបក្សសាធារណរដ្ឋរបស់លោក ដូណាល់ ត្រាំ ហើយចាត់ទុកថា វាជាជ័យជម្នះ សម្រាប់រដ្ឋធានីតេហេរ៉ង់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត