វាំងននខ្មៅ នៅពីក្រោយការដាក់ពង្រាយកងទ័ពជាង២ម៉ឺននាក់ នៅកណ្តាលរដ្ឋធានីហ្សាការតារបស់ឥណ្ឌូណេស៊ី
S
Sinuon Nop
•
5 ម៉ោងមុន

រដ្ឋធានីហ្សាការតា៖ ផ្អើលប្រទេសក្នុងតំបន់ និងពិភពលោក ឥណ្ឌូណេស៊ី បានចល័តកងទ័ពជើងគោក ជើងទឹកជាង២ម៉ឺននាក់ក្នុងរដ្ឋធានីហ្សាការតា ក្រោយលេចធ្លាយរលករដ្ឋប្រហាររបស់មនុស្សក្រុមធំ។ ភ្លាមៗ..នាយឧត្តមសេនីយ៍ប៉ូលិសជាន់ខ្ពស់៣រូប ត្រូវបានចាប់ខ្លួន ខណៈហេតុការណ៍ដ៏រំជើបរំជួលនេះ កំពុងស្ថិតក្នុងការស៊ើបអង្កេតយ៉ាងបន្ទាន់របស់មន្ត្រីលោកប្រធានាធិបតី ប្រាបូវ៉ូ ស៊ូប៊ីនតូ...។

ការដាក់ពង្រាយកងកម្លាំង និងបុគ្គលិកយោធា ទាំងកងទ័ពជើងគោក ជើងទឹក និងកងម៉ារីនជាង២ម៉ឺននាក់ ទៅកាន់រដ្ឋធានីហ្សាការតា ធ្វើឡើងក្រោយមានពាក្យចចាមអារ៉ាម អំពីអំពើរដ្ឋប្រហារ ស្របពេលអាជ្ញាធរកំពុងស៊ើបអង្កេតលើករណីលួចស្ដាប់ទូរសព្ទ ដែលមានគោលដៅលើលោកប្រធានាធិបតី។ សារព័ត៌មានរបស់ឥណ្ឌូណេស៊ី The Jakarta Post បានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី៥ ខែវិច្ឆិកានេះថា រឿងអាស្រូវកាន់តែមានសភាពធ្ងន់ធ្ងរឡើង បន្ទាប់ពីវិមានប្រធានាធិបតី លើកឡើងថា សកម្មភាពលួចស្ដាប់ ដែលកំណត់គោលដៅលើលោក ប្រាបូវ៉ូ ស៊ូប៊ីនតូ (Prabowo Subianto) អាចចាត់ទុកជាអាកប្បកិរិយា«ឈានទៅរកអំពើក្បត់ជាតិ»។ ព័ត៌មានដ៏រសើបដែលទទួលបាន តាមរយៈការទំនាក់ទំនងរបស់ប្រមុខរដ្ឋ អាចបង្កគ្រោះថ្នាក់ ដល់ប្រទេស និងថ្នាក់ដឹកនាំជាតិ។

អ្នកនាំពាក្យកងកម្លាំងឥណ្ឌូណេស៊ី លោកឧត្ដមសេនីយ៍ទោ មូហាម៉េដ ណាស (Muhammad Nas) បញ្ជាក់ថា សកម្មភាពរបស់កងទ័ព គឺជាដំណើរការតាមស្ដង់ដារ សម្រាប់ការថែរក្សាសន្ដិសុខជាតិ និងបូរណភាពទឹកដី។ កងទ័ព «ត្រូវតែត្រៀមខ្លួនជានិច្ច ដើម្បីការពារប្រទេសជាតិទាំងមូល និងការពារបូរណភាព នៃសាធារណរដ្ឋឥណ្ឌូណេស៊ី»។ ការិយាល័យលោកប្រធានាធិបតីឥណ្ឌូណេស៊ី បានបញ្ជាក់ថា នាយឧត្ដមសេនីយ៍នគរបាល៣រូប ដែលរងការចោទប្រកាន់ពីការលួចស្ដាប់ទូរសព្ទលោកប្រធានាធិបតីឥណ្ឌូណេស៊ី ដោយគ្មានការអនុញ្ញាតនោះ រួមមាន៖ ១-លោកឧត្ដមសេនីយ៍ លីស្ទីយ៉ូ ប្រាបូវ៉ូ ប្រធានខុទ្ទកាល័យប្រធានាធិបតី, ២-លោកឧត្ដមសេនីយ៍ អារី សុនតា ណាស៊ូស៊ិន (Ahrie Sonta Nasution) និង៣-លោកឧត្ដមសេនីយ៍ អេកូ ហាឌីសានតូសូ (Eko Hadi Santoso)។ ជនសង័្សយទាំង៣នាក់ បានត្រូវចាប់ខ្លួនភ្លាមៗ។

ប៉ូលិស បានចោទប្រកាន់ការលួចស្ដាប់ទូរសព្ទរបស់ប្រធានាធិបតី ដោយគ្មានការអនុញ្ញាត កើតឡើងចន្លោះពីឆ្នាំ២០២៥-ដល់២០២៦ ខណៈលោកឧត្ដមសេនីយ៍ លីស្ទីយ៉ូ នៅជាមេប៉ូលិសជាតិឥណ្ឌូណេស៊ី។ ជនសង្ស័យទាំងបីនាក់ អាចប្រឈមនឹងការចោទប្រកាន់ ពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់មួយចំនួន ដូចជា ការលួចស្ដាប់ ការថតទុក ការបង្វែរទិស ការកែប្រែ ការរារាំង ឬការតាមដានការទំនាក់ទំនងតាមប្រព័ន្ធអេឡិកត្រូនិក ដែលមិនមែនជាសាធារណៈ។ បទល្មើសទាំងនេះ អាចប្រឈមមុខនឹងទោសទណ្ឌជាប់ពន្ធនាគាររហូត១០ឆ្នាំ។ មេដឹកនាំឥណ្ឌូណេស៊ី បានដាក់ពង្រាយកម្លាំងយោធាចំនួន២១០០០នាក់ រួមទាំងកងទ័ពជើងគោក កងទ័ពជើងទឹក និងកងម៉ារីន ស្របពេលមានការលេចឮឡើងពាក្យចចាមអារ៉ាម អំពីអំពើរដ្ឋប្រហារ ក្រោយការចាប់ខ្លួនឧត្ដមសេនីយ៍ជាន់ខ្ពស់ទាំង៣រូបនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត