បណ្ដេញជនជាតិវៀតណាម២៣នាក់ចេញពីកម្ពុជា ក្រោយរកឃើញជាប់ពាក់ព័ន្ធ Online Scams និងបទល្មើសពីរផ្សេងទៀត
Chanmarady Chuon
•
12 ម៉ោងមុន

ក្រុងស្វាយរៀង៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃសុក្រទី២៥ ខែកញ្ញា ឆ្នាំ២០២៦នេះ បានសម្រេចបណ្ដេញជនជាតិវៀតណាមសរុបចំនួន២៣នាក់ (ស្រី០៥នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ខេត្តស្វាយរៀង បន្ទាប់ពីពួកគេបានបញ្ចប់ការអនុវត្តទោសទណ្ឌរួចរាល់...។

ការចាត់វិធានការក្ដៅ និងបណ្តេញក្រុមជនបរទេសទាំងនេះចេញ ត្រូវបានធ្វើឡើងបន្ទាប់ពីកម្លាំងសមត្ថកិច្ចជំនាញបានស្រាវជ្រាវ និងរកឃើញយ៉ាងច្បាស់ថា ក្រុមជនជាតិវៀតណាមខាងលើ បានលួចចូលសំងំប្រព្រឹត្តិបទល្មើសជាច្រើន រួមមាន៖ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams), ការលួចឆ្លងដែនខុសច្បាប់, ការលួចស្នាក់នៅ និងធ្វើការងារដោយគ្មានការអនុញ្ញាត ព្រមទាំងមានការប្រើប្រាស់សារធាតុញៀនខុសច្បាប់ នៅលើទឹកដីកម្ពុជាផងដែរ។

ប្រតិបត្តិការបោសសម្អាត និងបណ្តេញចេញជនជាតិបរទេសខុសច្បាប់ ដែលពាក់ព័ន្ធនឹងបទល្មើសឆបោកតាមអនឡាញនេះ គឺជាការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត តាមបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបញ្ជាក់ជំហរយ៉ាងច្បាស់ៗថា៖«កម្ពុជាមិនអនុញ្ញាតឱ្យឧក្រិដ្ឋជន ឬជនខុសច្បាប់ ប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងធ្វើសកម្មភាពឆបោក ឬប្រព្រឹត្តបទល្មើសបង្កអសន្តិសុខដល់តំបន់ និងពិភពលោកឡើយ»។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃ កំពុងបន្តយុទ្ធនាការស្រាវជ្រាវ បង្ក្រាប និងលុបបំបាត់បទល្មើសឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងក្ដៅគគុក ដោយជំរុញការស្វែងរកចាប់ខ្លួនមេខ្លោងពាក់ព័ន្ធ ព្រមទាំងរំដោះ និងជួយសង្គ្រោះជនរងគ្រោះដែលរងការបោកបញ្ឆោត ឱ្យទទួលបានសេរីភាព និងត្រឡប់ទៅប្រទេសកំណើតវិញដោយសុវត្ថិភាព៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត