យោធាភូមា វា.យ.ប្រ.ហារតាមអាកាសលើអន្តេវាសិកដ្ឋានកុមារីជាប់ព្រំដែនថៃ ស្លា.ប់មនុស្ស៣នាក់
ហៀប ស៊ីថេត
•
11 ម៉ោងមុន

រាជធានីបាងកក៖ យោធាភូមា បានបើកការវាយប្រហារតាមអាកាសទៅលើអន្តេវាសិកដ្ឋានកុមារីមួយកន្លែង ក្នុងរដ្ឋការ៉ែន បានសម្លាប់មនុស្សយ៉ាងហោចណាស់៣នាក់ និងមនុស្សជាច្រើននាក់ផ្សេងទៀតរងរបួស។ ជនរងគ្រោះម្នាក់រងរបួសធ្ងន់បានបាត់បង់ជីវិត បន្ទាប់ពីត្រូវបានជម្លៀសឆ្លងកាត់ទន្លេសាលវីន ចូលទៅកាន់ប្រទេសថៃ ដើម្បីទទួលការព្យាបាលបន្ទាន់...។

ការវាយប្រហារនេះ កើតឡើងកាលពីល្ងាចថ្ងៃអង្គារទី៣វិច្ឆិកា នៅជិតភូមិដេពូណូ (De Pu No) ក្នុងរដ្ឋការ៉ែន ប្រទេសភូមា នេះបើយោងតាមការបញ្ជាក់របស់លោក ពង្សពិផាត់ មីពេញចាម៉ាស (พงศ์พิพัฒน์ มีเบญจมาศ) ប្រធានអង្គការរដ្ឋបាលឃុំម៉ែសាមឡែប ក្នុងស្រុកសបមើយ ខេត្តម៉ែហុងសុន។ លោក ពង្សពិផាត់ បានរាយការណ៍ថា ការវាយប្រហារតាមអាកាសនេះ គឺជាជំហានដំបូង ដែលបានបណ្ដាលឱ្យមនុស្ស២នាក់ស្លាប់ និង៩នាក់ផ្សេងទៀតរងរបួសនៅកន្លែងកើតហេតុ។ កាលពីថ្ងៃពុធទី៤វិច្ឆិកា អាជ្ញាធរថៃ ត្រូវបានស្នើសុំឱ្យផ្តល់ជំនួយវេជ្ជសាស្ត្របន្ទាន់សម្រាប់មនុស្ស២នាក់ ដែលរងរបួសធ្ងន់ធ្ងរ ត្រូវដឹកជញ្ជូនតាមទូកឆ្លងកាត់ទន្លេសាលវីន ទៅកាន់ផ្នែកខាងព្រំដែនថៃ ដោយផ្អែកលើគោលការណ៍មនុស្សធម៌។ បុគ្គលិកសុខាភិបាលមកពីមន្ទីរពេទ្យ លើកកម្ពស់សុខភាពឃុំម៉ែសាមឡែប និងក្រុមឆ្លើយតបបន្ទាន់មកពីអង្គការរដ្ឋបាលមូលដ្ឋាន ត្រូវបានចល័តដើម្បីជួយសង្គ្រោះអ្នករងរបួស។

យ៉ាងណា អ្នកជំងឺដែលរងរបួសធ្ងន់ធ្ងរម្នាក់ក្នុងចំណោម២នាក់ បានបាត់បង់ជីវិត ខណៈកំពុងរង់ចាំការបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យសបមើយ។ ចំណែកឯអ្នកជំងឺម្នាក់ទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដោយជោគជ័យ ដោយទទួលបានការព្យាបាលបន្ថែម។ ការស្លាប់ចុងក្រោយ បានធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់៣នាក់។ លោក ពង្សពិផាត់ បន្ថែមថា អាជ្ញាធរថៃ បានចេញការព្រមានដល់ពលរដ្ឋក្នុងភូមិម៉ែសាមឡែប ភូមិថាតាហ្វាង និងភូមិជាប់ព្រំដែនផ្សេងទៀត តាមបណ្តោយទន្លេសាលវីន ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចាប់តាំងពីថ្ងៃទី២ ខែវិច្ឆិកា មកម៉្លេះ អំពីរលកនៃការវាយប្រហារតាមផ្លូវអាកាសរបស់យោធាភូមា ក្នុងរដ្ឋការ៉ែន ក្បែររបងព្រំដែនខ្លួន។ ហេតុការណ៍នេះបានបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើង លើសុវត្ថិភាពរបស់សហគមន៍នៅតាមបណ្តោយព្រំដែនថៃ-ភូមា ខណៈការប្រយុទ្ធគ្នា បន្តកើតមាននៅត្រើយម្ខាងនៃទន្លេ ហើយគ្រាប់បន្តហោះផ្លោងឆ្លងដែនស្រោចចូលដីថៃ ដូចទឹកភ្លៀង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត