
រាជធានីបាងកក៖ អគ្គស្នងការនគរបាលតម្រួតជាតិថៃ បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង និងបានចេញបទបញ្ជាយ៉ាងប្រញាប់ប្រញាល់ ឱ្យកងកម្លាំងតម្រួតនគរបាលព្រំដែន រៀបចំផែនការជម្លៀសប្រជាពលរដ្ឋចេញពីតំបន់ព្រំដែន ក្រោយឮសូរសំឡេងនៃការប្រយុទ្ធគ្នា យ៉ាងក្ដៅគគុករវាងយោធាភូមា និងកងប្រដាប់អាវុធបំបែករដ្ឋការ៉ែន…។

សារព័ត៌មានថៃ ខាវសដ បានចេញផ្សាយដំណឹងបន្ទាន់នេះ កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ដោយគូសបញ្ជាក់ថា លោកឧត្តមសេនីយ៍ឯក សិរីវឌ្ឍន៍ ឌីពោ (ศิริวัฒน์ ดีพอ) អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលតម្រួតជាតិថៃ ជាអ្នកចេញបញ្ជាប្រកាសអាសន្ន ក្រោយទទួលបទបញ្ជាផ្ទាល់ពីចៅហ្វាយនាយ គឺលោកឧត្តមសេនីយ៍ឯក សម្រាន្ត នួនម៉ា (สำราญ นวลมา) អគ្គស្នងការនគរបាលតម្រួតជាតិ ដែលកំពុងអង្គុយមិនសុខលើកៅអីតួនាទីរបស់ខ្លួន ដោយលោកព្រួយបារម្ភថា សុវត្ថិភាពពលរដ្ឋថៃ នៅតាមបណ្តោយព្រំដែនភូមា ពេលនេះ ប្រឈមនឹងហានិភ័យខ្ពស់។

ទោះជាយ៉ាងណា សង្គ្រាមបាននិងកំពុងផ្ទុះឡើងយ៉ាងកក្រើកនៅលើទឹកដីភូមា ដែលជាប្រទេសជាប់របងផ្ទះជាមួយថៃ។ នគរបាលតម្រួតជាតិថៃ បានសម្ដែងការតក់ស្លុតជាខ្លាំង ក្រោយសំឡេងនៃការបាញ់ប្រហារ ស្នូរគ្រាប់ផ្លោងកក្រើកមេឃខ្ទរខ្ទារនៅត្រើយទន្លេម្ខាងក្នុងទឹកដីភូមា និងបានឆ្លងចូលក្នុងទឹកដីជាបន្តបន្ទាប់ ជាពិសេស តំបន់ស្រុកម៉ែសូត្រ និងស្រុកភូប្រា នៃខេត្តតាក។ ភាពជ្រួលច្របល់នេះ បានបង្ខំឱ្យអគ្គស្នងការនគរបាលតម្រួតជាតិថៃ ប្រញាប់ប្រញាល់ចេញបញ្ជាដល់មន្ត្រីតម្រួតនគរបាលខេត្តតាក, ភូមិភាគ៦ និងនគរបាលតម្រួតការពារព្រំដែន ត្រៀមជើងព្រួលរត់ និងរៀបចំជម្លៀសកុមារ មនុស្សចាស់ អ្នកជំងឺទៅកាន់តំបន់សុវត្ថិភាព ខណៈយោធាថៃប្រុងជើងការខ្ពស់បំផុត តែមិនទាន់មានបទបញ្ជាវាយបកទៅកាន់យោធាភូមាវិញទេ។

ផ្ទុយពីបទបញ្ជារបស់អគ្គស្នងការនគរបាលតម្រួតជាតិថៃ លោកស្រីវរសេនីយ៍ទោ ផាន់រុំផា ភឌ្ឍនវឌ្ឍន៍ (พันรุมภา พัฒนวัฒน์) អ្នកនាំពាក្យរងអគ្គស្នងការដ្ឋាននគរបាលតម្រួតជាតិថៃ បែរជាចេញមុខមកអំពាវនាវកុំឱ្យប្រជាពលរដ្ឋថៃ ភ័យស្លន់ស្លោ និងកុំឱ្យចែករំលែកព័ត៌មានផ្តេសផ្តាស។៕



