ក្រសួងបរិស្ថានព្រមានចាត់វិធានការលើម្ចាស់រោងចក្រសហគ្រាសដែលមិនបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងការបញ្ចេញសំណល់រាវ
K
Kimhuoy K.
•
2 ឆ្នាំមុន

រាជធានីភ្នំពេញ៖ ក្រសួងបរិស្ថានបាននិងកំពុងអនុវត្តក្រមបរិស្ថាននិងធនធានធម្មជាតិ ដែលពាក់ព័ន្ធនឹងការអនុវត្តវិធានស្វ័យត្រួតពិនិត្យនៅតាមប្រភពបំពុលសក្តានុពល ដែលតម្រូវឱ្យរោងចក្រសហគ្រាសឧស្សាហកម្ម ដែលបញ្ចេញសំណល់ប្រភេទប្រភពបំពុលត្រូវបំពាក់ជាចាំបាច់នូវឧបករណ៍ស្វ័យត្រួតពិនិត្យ តាមដានការបញ្ចេញសំណល់រាវ និងការបង្ហូរទឹកកខ្វក់ចេញពីរោងចក្រសហគ្រាស ដើម្បីតាមដានត្រួតពិនិត្យការបំពុលបរិស្ថានពីចម្ងាយ។ 

ទន្ទឹមនឹងនេះដែរ ក្រសួងបរិស្ថានបានណែនាំដល់ម្ចាស់រោងចក្រ សហគ្រាស(ប្រភេទប្រភពបំពុលសក្តានុពល) ដែលមិនទាន់បានអនុវត្តការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ ស្របតាមច្បាប់ ត្រូវរួសរាន់ធ្វើការបំពាក់ឧបករណ៍នេះ ចាប់ពីពេលនេះតទៅ។ ក្រសួងអះអាងថា ក្នុងករណីខកខានមិនបានធ្វើការបំពាក់ដូចបានកំណត់នៅក្នុងក្រមបរិស្ថាន និងធនធានធម្មជាតិ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ក្រសួងបរិស្ថាននឹងចាត់វិធានការច្បាប់១០០ភាគរយដោយមិនមានការលើកលែងឡើយ។

ការបំពាក់ឧបករណ៍នេះគឺដើម្បីបញ្ចៀសការលេចជ្រាប ឬការលួចបង្ហូរសំណល់រាវ ដែលមានសារធាតុពុលចេញពីរោងចក្រសហគ្រាសចូលទៅក្នុងប្រភពទឹកធម្មជាតិ និងធានាបាននូវសុខភាពប្រជាពលរដ្ឋ ជាពិសេសកម្មករ កម្មការិនី និយោជិតដែលរស់នៅនិងបំពេញការងារក្នុងតំបន់ឧស្សាហកម្ម មានសុខភាពល្អ មានបរិស្ថានល្អ និងមានការវិនិយោគល្អ។  នេះបើតាមការបញ្ជាក់របស់លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។ 

លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន
លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន

គួរបញ្ជាក់ផងដែរថា ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់ភាពស្អាតក្នុងដែនទឹកស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងបានបង្ហាញនូវភាពស្មោះត្រង់ក្នុងការបញញចេញសំណល់រាវ ក្រោយការសម្អាតរួចរបស់ខ្លួនសម្រាប់ជូនមន្រ្តីអធិការកិច្ចក្រសួងធ្វើការតាមដានពីចម្ងាយនូវដំណើរការបញ្ចេញសំណល់រាវរបស់ខ្លួន ក្រុមហ៊ុន Hi blue Washing Process Co., Ltd ដែលជាឧស្សាហកម្មបោកគក់ខោប៊យ បានបំពាក់ប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវបន្ថែមទៀត កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត