សេចក្តីព្រាងច្បាប់ស្តីពី «ប្រព័ន្ធទឹកកខ្វក់» ត្រូវបានរដ្ឋសភាទទួលយកពិនិត្យសិក្សា
អ
អុន សម្ផស្ស
•
03 កញ្ញា 2024 11:13 AM

រាជធានីភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាកម្ពុជា កាលពីថ្ងៃចន្ទ ក្រោមការអញ្ជើញចូលរួមពី សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា បានបើកកិច្ចប្រជុំពិភាក្សា និងអនុម័តទទួលយកសេចក្តីព្រាងច្បាប់ប្រព័ន្ធទឹកកខ្វក់ យកទៅពិនិត្យសិក្សា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភា ក្រោយបញ្ចប់កិច្ចប្រជុំនាថ្ងៃទី២កញ្ញា ឆ្នាំ២០២៤។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលបង្ហាញថា អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តលើរបៀបវារៈចំនួនពីររួមមាន៖«សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់» និង «សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យកម្ពុជា ចូលជាភាគីនៃកិច្ចព្រមព្រៀង ស្តីពីការទទួលយកបទប្បញ្ញត្តិបច្ចេកទេសរួមនៃអង្គការសហប្រជាជាតិសម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាចបំពាក់ និង/ឬ ប្រើប្រាស់ទៅលើយានយន្ត»។ ជាលទ្ធផលសម្រេចដូចជា៖ ទី១.អង្គប្រជុំបានអនុម័តប្រគល់ សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ ជូនគណៈកម្មការសាធារណការដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភាពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។

រូបភាពតំណាង
រូបភាពតំណាង

ទី២.អង្គប្រជុំបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមឱ្យកម្ពុជា ចូលជាភាគីនៃកិច្ចព្រមព្រៀងស្តីពី ការទទួលយកបទប្បញ្ញត្តិបច្ចេកទេសរួមនៃអង្គការសហប្រជាជាតិ សម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាចបំពាក់ និង/ឬប្រើប្រាស់ទៅលើយានយន្ត និងលក្ខខណ្ឌសម្រាប់ ការទទួលស្គាល់ទៅវិញទៅមក នៃការផ្ដល់អនុលោមភាពដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ ជូនគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា សហការជាមួយគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញដូចគ្នា។

គួរជម្រាបថា សេចក្តីព្រាងច្បាប់ទាំងពីរដែលត្រូវបានរដ្ឋសភាទទួលយកសិក្សានេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចអនុម័តជាផ្លូវការកាលពីថ្ងៃទី២៣ ខែសីហា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមការអញ្ជើញចូលរួមពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ សេចក្តីព្រាងច្បាប់នេះ នឹងអាចក្លាយជាឧបករណ៍គតិយុត្តដ៏សំខាន់សម្រាប់កំណត់អំពីការគ្រប់គ្រង ការអភិវឌ្ឍ ការសាងសង់ ការជួសជុល ការថែទាំ ការធ្វើប្រតិបត្តិការ និងការប្រើប្រាស់ប្រព័ន្ធទឹកកខ្វក់ ក្នុងគោលបំណងធានាប្រសិទ្ធភាព គុណភាព សុវត្ថិភាព និងនិរន្តរភាពនៃប្រព័ន្ធទឹកកខ្វក់ និងការការពារបរិស្ថាន រួមចំណែកធ្វើឱ្យប្រសើរឡើងនូវសុខមាលភាពសាធារណៈនៅកម្ពុជា៕

រូបភាព៖

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមការអញ្ជើញចូលរួមពី សម្តេចអធិបតី ហ៊ុន ម៉ាណែត
រូបភាព៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមការអញ្ជើញចូលរួមពី សម្តេចអធិបតី ហ៊ុន ម៉ាណែត
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត