៨ខែឆ្នាំ២០២៥ ក្រសួងបរិស្ថានទប់ស្កាត់ទឹកកខ្វក់បានជាង១០លានម៉ែត្រគូប
S
Sreyleak Yith
•
02 កញ្ញា 2025 04:00 PM

រាជធានីភ្នំពេញ៖ មន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី២កញ្ញានេះ បានឱ្យដឹងថា រយៈពេល៨ខែពោលគឺចាប់ពីខែមករាដល់ដំណាច់ខែសីហា ឆ្នាំ២០២៥ មន្រ្តីជំនាញបានទប់ស្កាត់ទឹកកខ្វក់ចំនួន១២លានម៉ែត្រគូប មិនឱ្យហូរចូលបំពុលតំបន់ទឹកសាធារណៈ..។

មន្រ្តីបរិស្ថាន គូសបញ្ជាក់ថា លទ្ធផលសម្រេចបាននាពេលនេះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងចូលរួមសហការល្អពីថ្នាក់ដឹកនាំ មន្រ្តីបរិស្ថាន និងអ្នកពាក់ព័ន្ធ ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលជាសសរស្តមទី១​គឺ «ភាពស្អាត» និងប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលបានយកចិត្តទុកដាក់ខ្ពស់លើវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ និងលើការគ្រប់គ្រងគុណភាពទឹកប្រកបដោយចីរភាព សម្រាប់ការអភិរក្សជីវៈចម្រុះនៅក្នុងទឹក និងការពារសុខភាពសាធារណៈ។ មន្រ្តីបរិស្ថានបន្ថែមថា ការទប់ស្កាត់ និងកាត់បន្ថយការបំពុលទឹកពីរោងចក្រ សហគ្រាស ក្រសួងបានអនុវត្តច្បាប់១០០ភាគរយ ដោយតម្រូវឱ្យប្រភពបំពុលដែលមានហានិភ័យការបំពុលខ្លាំង ត្រូវបំពាក់ និងដំណើរការប្រព្រឹត្តកម្មសំណល់រាវ និងបំពាក់ឧបករណ៍ស្វ័យប្រវត្តិតាមដានសំណល់រាវ ស្របតាមច្បាប់ជាធរមាន។

បើគិតត្រឹមខែសីហា ឆ្នាំ២០២៥នេះ មានរោងចក្រចំនួន៥២បានចុះកិច្ចសន្យារួច ក្នុងនោះ មានរោងចក្រចំនួន៤២ បំពាក់ឧបករណ៍ស្វ័យប្រវត្តិតាមដានសំណល់រាវរួចរាល់។ ក្រសួងបរិស្ថានបាននិងកំពុងអនុវត្ត «យុទ្ធនាការផ្ទៃទឹកស្អាត» ផ្តោតលើការសម្អាតទន្លេ និងប្រភពទឹកសាធារណៈពីសំណល់ប្លាស្ទិក ការពង្រឹងការតាមដានគុណភាពទឹកសាធារណៈ ការរៀបចំលិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំបច្ចេកទេស និងការបំពាក់ប្រព័ន្ធប្រព្រឹត្តិកម្មសំណល់រាវ និងឧបករណ៍ស្វ័យត្រួតពិនិត្យការបញ្ចញសំណល់រាវ នៅគ្រប់ប្រភពបញ្ចេញសំណល់រាវ ស្របតាមច្បាប់ជាធរមាន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត