កម្ពុជា បញ្ជាក់ប្រាប់តំណាងពិសេស UN ពីការយកចិត្តទុកដាក់ខ្ពស់លើកុមារ ដែលជាអនាគតធនធានជាតិ
អ
អុន សម្ផស្ស
•
5 ម៉ោងមុន

រាជធានីភ្នំពេញ៖ កម្ពុជាចាត់ទុកការយកចិត្តទុកដាក់ ការការពារសិទ្ធិ និងការលើកកម្ពស់សុខុមាលភាពកុមារ ជាអាទិភាពសំខាន់ក្នុងការកសាងធនធានមនុស្ស និងអភិវឌ្ឍប្រទេសជាតិ។ កុមារ គឺជាអនាគត និងជាធនធានដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព។ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា លើកឡើងក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រីបណ្ឌិត ណាចាត ម៉ាអាលឡា អេម-ជីដ (Najat Maalla M’jid) តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកបញ្ហាអំពើហិង្សាលើកុមារ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦...។

សម្តេចប្រធានរដ្ឋសភា គូសបញ្ជាក់ថា៖«រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់បំផុតលើកុមារ ដែលជាអនាគតធនធានសំខាន់របស់ប្រទេសជាតិ»។ សម្តេចប្រធានរដ្ឋសភា លើកឡើងថា ក្រោយការដួលរលំនៃរបបខ្មែរក្រហម កម្ពុជាបានចាប់ផ្តើមកសាងប្រទេសឡើងវិញ ពីបាតដៃទទេ។ ក្នុងអំឡុងពេលសង្គ្រាមស៊ីវិល ស្ត្រី និងកុមារ គឺជាក្រុមដែលរងគ្រោះខ្លាំងជាងគេ។ បទពិសោធដ៏ឈឺចាប់ពីអតីតកាលនេះ បានក្លាយជាមេរៀនដ៏សំខាន់ ដែលជំរុញឱ្យកម្ពុជាប្តេជ្ញាការពារប្រជាជន ជាពិសេស ស្ត្រី និងកុមារ មិនឱ្យជួបប្រទះនូវសោកនាដកម្មដូចអតីតកាលឡើយ។ សម្តេចគូសបញ្ជាក់ថា ក្នុងរយៈពេលជាងពីរទសវត្សរ៍នៃសុខសន្តិភាព កម្ពុជាសម្រេចបាននូវសមិទ្ធផល និងវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការលើកកម្ពស់ និងការពារសិទ្ធិស្ត្រី និងកុមារ។ ទោះជាយ៉ាងនេះក្ដី កម្ពុជានៅមានកិច្ចការជាច្រើនត្រូវបន្តធ្វើរួមគ្នា ជាពិសេស ការកំណត់ និងដោះស្រាយបញ្ហាប្រឈមថ្មីៗក្នុងយុគសម័យឌីជីថល ព្រមទាំងផលប៉ះពាល់ពីជម្លោះព្រំដែនថ្មីៗមកលើស្ត្រី និងកុមារ។ ជាមួយគ្នា សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តសហការជាមួយអង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់ការការពារសិទ្ធិ និងសុខុមាលភាពស្ត្រី និងកុមារ ទាំងនៅកម្ពុជា និងនៅទូទាំងពិភពលោក។

ជាការឆ្លើយតប លោកស្រីបណ្ឌិត ណាចាត ម៉ាអាលឡា អេម-ជីដ បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ចេញនូវផែនការជាតិប្រឆាំងអំពើហិង្សាលើស្ត្រី និងកុមារ ដែលស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (SDGs)។ ជំនួបទ្វេភាគីនេះ បង្ហាញពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការសហប្រជាជាតិ ក្នុងការជំរុញការការពារកុមារពីអំពើហិង្សា ហានិភ័យនានា ព្រមទាំងបង្កើតបរិយាកាសអំណោយផលដល់ការលូតលាស់ ការសិក្សារៀនសូត្រ និងការអភិវឌ្ឍសមត្ថភាពរបស់កុមារ ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយសក្តានុពលសម្រាប់អនាគតប្រទេសជាតិ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត