
ACL Two៖ ការប្រកួតវគ្គសន្សំពិន្ទុតាមពូលនីមួយៗនៃពានរង្វាន់ AFC Champions League Two បានឈានដល់ជុំទី៤ ហើយ ខណៈ៣ជុំកន្លងមក ក្រុមភ្នំពេញក្រោន មិនទាន់ស្គាល់ពាក្យបរាជ័យឡើយក្នុងពូល H។ ចំណែក ក្រុមព្រះខ័នរាជស្វាយរៀង ដ្បិតថាបានបំបាក់ក្រុម ក្រុមថែមភីណេស រ៉ូវើស៍ ៥ទល់នឹង១ ឡើងមកឈរលេខ២នៅពូល G ប៉ុន្តែនៅតែត្រូវធ្វើការធ្ងន់ស្ទើរគ្រប់ការប្រកួតទាំងអស់នៅ ACL Two...។

សូមជម្រាបថា ក្រុមភ្នំពេញក្រោន ត្រូវប្រកួតសន្សំពិន្ទុជុំទី៤ជាមួយក្រុម ក្រុមឃីតឈី អេហ្វស៊ី នៅកីឡដ្ឋាន Mong Kok Stadium នាទីក្រុងហុងកុង ប្រទេសចិន នៅវេលាម៉ោង១៧ៈ០០នាទីល្ងាចថ្ងព្រហស្បតិ៍ទី០៥វិច្ឆិកានេះ ខណៈកាលពីជុំទី៣ ក្រុមឃីតឈី អេហ្វស៊ី រងបរាជ័យក្រោមថ្វីជើង ក្រុមភ្នំពេញក្រោន ដោយលទ្ធផល ២-០ កាលពីយប់ថ្ងៃទី២៩តុលា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។ នេះជាការប្រកួតវគ្គសន្សំពិន្ទុដ៏មានសារសំខាន់សម្រាប់ក្រុមភ្នំពេញក្រោន ដែលត្រូវការជ័យជម្នះត្រឹមមួយប្រកួត ឬ៣ពិន្ទុបន្ថែម ដើម្បីទទួលបានកៅអីវគ្គបន្ទាប់នៃពានរង្វាន់ AFC Champions League Two។ បច្ចុប្បន្ន ក្រុមភ្នំពេញក្រោន មាន៩ពិន្ទុ គ្រាប់បាល់ចំណេញ៤គ្រាប់ឈរកំពូលតារាងពូល H, ក្រុមហ្កាងវ៉ុន មាន៤ពិន្ទុ គ្មានគ្រាប់បាល់ចំណេញ, ក្រុមឃិតឈី អេហ្វស៊ី មាន២ពិន្ទុ ជំពាក់គ្រាប់បាល់២គ្រាប់, និងក្រុមបាតតារាង គូឈីង ស៊ីធី មាន១ពិន្ទុ ជំពាក់គ្រាប់បាល់២គ្រាប់។

ចំណែកក្រុមជើងឯកលីកកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ស្វាគមន៍ ក្រុមថែមភីណេស រ៉ូវើស៍ វិញម្ដង នៅវេលាម៉ោង៧:១៥នាទីយប់ថ្ងៃព្រហស្បតិ៍ទី៥វិច្ឆិកានេះដូចគ្នា បន្ទាប់ពីការប្រកួតជុំទី៣ ព្រះខ័នរាជស្វាយរៀង លុតក្រុមថែមភីណេស រ៉ូវើស៍ (Tampines Rovers) យ៉ាងចាស់ដៃ ដោយលទ្ធផល ៥ទល់នឹង១ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ នៅកីឡដ្ឋាន Jalan Besar Stadium ប្រទេសសិង្ហបុរី។ ព្រះខ័នរាជស្វាយរៀង ដ្បិតថា បានហក់ឡើងមកឈរលេខពីរក្នុងពូល G បណ្តោះអាសន្នក៏ពិតមែន ប៉ុន្តែហានិភ័យនៃការធ្លាក់ចេញពីការឡើងទៅវគ្គបន្ទាប់ មានភាគរយខ្ពស់ណាស់ ព្រោះពូល G ប្រជុំដោយក្រុមខ្លាំងៗក្នុងតំបន់អាស៊ី ពោលគឺចំណោម៣ក្រុមក្នុងពូល G ព្រះខ័នរាជស្វាយរៀង អាចយកឈ្នះតែ ក្រុមថែមភីណេស រ៉ូវើស៍ មួយនេះប៉ុណ្ណោះ ក្រៅពីនោះ ព្រះខ័នរាជស្វាយរៀង រងបរាជ័យក្រោមថ្វីជើងក្រុមខ្លាំងជប៉ុន ម៉ាឈិដាក់ ហ្ស៊ីលវៀ (FC Machida Zelvia) ០-២ និងលេងស្មើក្នុងដី ០-០ ជាមួយក្រុមសាងហៃ ស៊ិនហួរ (Shanghai Shenhua) មកពីប្រទេសចិន នៅប្រកួតជុំទី២។

សរុបជារួមមក សម្រាប់ក្រុមភ្នំពេញក្រោន ប្រកួតក្រៅដីលើកនេះ បានត្រឹមលទ្ធផលស្មើ ឬឈ្នះ គឺជាភាពវិជ្ជមានមួយ សម្រាប់ការបន្តដំណើរទៅវគ្គបន្ទាប់នៃពាន ACL Two។ ទោះបីរងបរាជ័យ ក៏ក្រុមជើងឯករងលីកកំពូលមួយនេះ នៅតែមានឱកាសបានឡើងទៅវគ្គបន្ទាប់ដែរ លើកលែងតែចាញ់គ្រប់ការប្រកួតប៉ុណ្ណោះ ទើបមានត្រួតពិនិត្យលើគ្រាប់បាល់ចំណេញ និងពិន្ទុរបស់ក្រុមនីមួយៗក្នុងពូល H។ ដោយឡែក ក្រុមព្រះខ័នរាជស្វាយរៀង ចាប់ពីប្រកួតជុំទី៤នេះតទៅ គឺមិនត្រូវរងបរាជ័យទៀតនោះទេ ពិសេសការប្រកួតយប់នេះ នៅក្នុងដីខ្លួនឯងតែម្ដង ត្រូវតែយកឈ្នះលើក្រុមថែមភីណេស រ៉ូវើស៍ ម្ដងទៀត ដើម្បីក្រសោបយកតំណែងលេងពីរល្អក្នុងពូល G ហើយត្រូវបន្តយកឈ្នះលើ ក្រុមសាងហៃ ស៊ិនហួរ (Shanghai Shenhua) នៅប្រទេសចិន នាការប្រកួតជុំទី៥ ទើបមានឱកាសឡើងទៅវគ្គបន្ទាប់ ទោះបីជួបក្រុមម៉ាឈិដាក់ ហ្ស៊ីលវៀ (FC Machida Zelvia) នៅជុំទី៦ ត្រូវរងបរាជ័យម្ដងទៀតក៏ដោយ៕




