
កីឡាបាល់ទាត់៖ ការប្រកួតបាល់ទាត់ជើងឯកទ្វីបអាស៊ី AFC Asian Cup 2027 ត្រូវបានប្រកាសពន្យាររយៈពេលប្រមាណ១១ខែ ដោយសារបញ្ហាសន្តិសុខ និងស្ថានការណ៍មិនស្ថិតស្ថេរ នៅក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយរួមគ្នារវាងសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងសហព័ន្ធកីឡាបាល់ទាត់អារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦...។

តាមការបញ្ជាក់ពីគណៈកម្មការរៀបចំការប្រកួត ការសម្រេចចិត្តផ្លាស់ប្ដូរកាលបរិច្ឆេទនេះ ធ្វើឡើងបន្ទាប់ពីមានការពិភាក្សាយ៉ាងល្អិតល្អន់រវាង AFC សហព័ន្ធបាល់ទាត់ម្ចាស់ផ្ទះ និងភាគីពាក់ព័ន្ធ ដើម្បីធានាសុវត្ថិភាពដល់ក្រុមជម្រើសជាតិ មន្ត្រីអាជ្ញាកណ្ដាល ក៏ដូចជាអ្នកគាំទ្រមកពីជុំវិញពិភពលោក ដែលអាចជួបផលវិបាកលើការធ្វើដំណើរដោយសារវិបត្តិសន្តិសុខក្នុងតំបន់។ ការកែសម្រួលកាលបរិច្ឆេទប្រកួតថ្មីនេះ គឺកាលបរិច្ឆេទចាស់ នៅថ្ងៃទី០៧ ខែមករា ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៧ ត្រូវបានលុបចោល ដោយជំនួសមកវិញនូវកាលបរិច្ឆេទថ្មី ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៧ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៨ ខាងមុខ។

ទោះបីជាមានការផ្លាស់ប្ដូរពេលវេលាយ៉ាងយូរក៏ដោយ ប្រទេសអារ៉ាប៊ីសាអូឌីត នៅតែរក្សាសិទ្ធិធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ដ៏ធំប្រចាំទ្វីបអាស៊ីនេះដដែល។ យ៉ាងណា តុល្យភាពនៃកាលបរិច្ឆេទថ្មីនេះ នឹងត្រូវបញ្ជូនទៅសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) ដើម្បីសុំការអនុម័តផ្លូវការបន្ថែម លើប្រតិទិនប្រកួតអន្តរជាតិ (FIFA Match Calendar)។ ការផ្លាស់ប្ដូរភ្លាមៗនេះ នឹងធ្វើឱ្យបណ្តាប្រទេស និងក្រុមជម្រើសជាតិទាំងហ្លាយដែលបានឈ្នះកៅអី និងកំពុងប្រកួតជម្រុះ ត្រូវកែប្រែផែនការហ្វឹកហាត់ ក៏ដូចជា កាលវិភាគនៃការប្រកួតក្នុងស្រុក និងពានរង្វាន់ផ្សេងៗឡើងវិញទាំងស្រុង ដើម្បីតម្រង់ទិសទៅកាន់ចុងឆ្នាំ២០២៧វិញ៕




