ឃើញគុនខ្មែរនៅអុីរ៉ង់រីកចម្រើនខ្លាំង ប្រធានសហព័ន្ធ សង្ឃឹមព្រឹត្តិការណ៍ប្រកួតកីឡាគុនខ្មែរជើងឯកពិភពលោក លើកទី៧ នឹងកាន់តែស្វិតស្វាញ
Chanmarady Chuon
12 ម៉ោងមុន

គុនខ្មែរ៖ ប្រធានសហព័ន្ធកីឡាគុនខ្មែរ លោក ខូវ ឆាយ បានសម្ដែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះសហព័ន្ធគុនខ្មែរប្រចាំសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ដែលបានរៀបចំព្រឹត្តិការណ៍ការប្រកួតគុនខ្មែរ ជើងឯកថ្នាក់ជាតិរបស់ខ្លួន និងបានជ្រើសរើសក្រុមជម្រើសជាតិអ៊ីរ៉ង់ សម្រាប់ឆ្នាំ២០២៦ ប្រកបដោយភាពជោគជ័យយ៉ាងត្រចះត្រចង់...។

ប្រធានសហព័ន្ធកីឡាគុនខ្មែររូបនេះ គូសបញ្ជាក់ថា ព្រឹត្តិការណ៍ដ៏ធំមួយនេះ គឺជាសាក្សីយ៉ាងច្បាស់ ដែលបានបង្ហាញពីការរីកចម្រើនយ៉ាងឆាប់រហ័ស និងការរីកដុះដាលយ៉ាងខ្លាំងក្លានៃក្បាច់គុនបុរាណខ្មែរនៅលើទឹកដីមជ្ឈិមបូព៌ា តាមរយៈការចូលរួមយ៉ាងផុសផុលពីសំណាក់កីឡាករ-កីឡាការិនី គ្រូបង្វឹក មន្ត្រីបច្ចេកទេស ព្រមទាំងអ្នកគាំទ្រយ៉ាងច្រើនកុះករ។ ជាមួយគ្នា លោក ខូច ឆាយ ក៏បានកោតសរសើរដោយស្មោះចំពោះលោក សេយ៉េដ្រេហ្សា មូសាវី (Seyedreza Mousavi) ប្រធានសហព័ន្ធគុនខ្មែរប្រចាំប្រទេសអ៊ីរ៉ង់ និងតំបន់មជ្ឈិមបូព៌ា និងជាអនុប្រធានសហព័ន្ធគុនខ្មែរអន្តរជាតិ (KKF) ព្រមទាំងក្រុមការងារទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការខិតខំផ្សព្វផ្សាយ និងអភិវឌ្ឍវិស័យកីឡាគុនខ្មែរលើឆាកអន្តរជាតិ យ៉ាងសកម្មបំផុត។

ទោះបីជាត្រូវប្រឈមមុខនឹងវិបត្តិសង្គ្រាម និងស្ថានភាពនយោបាយដ៏វឹកវរនៅក្នុងតំបន់របស់ខ្លួនយ៉ាងណាក៏ដោយ ប្រទេសអ៊ីរ៉ង់ នៅតែបង្ហាញស្មារតីកីឡាដ៏រឹងមាំ ដោយធ្លាប់បានបញ្ជូនកីឡាករមកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍គុនខ្មែរជើងឯកពិភពលោក រហូតដល់ទៅ៦លើក មិនដែលអាក់ខានឡើយ។ ចំពោះសកម្មភាពដ៏សកម្មនេះ ថ្នាក់ដឹកនាំសហព័ន្ធកីឡាប្រដាល់គុនខ្មែរ មានក្ដីរំភើប និងទន្ទឹងរង់ចាំស្វាគមន៍យ៉ាងកក់ក្ដៅ​ ចំពោះក្រុមជម្រើសជាតិគុនខ្មែរអ៊ីរ៉ង់ ដែលនឹងមកចូលរួមប្រកួតប្រជែងដណ្តើមពានរង្វាន់ក្នុង ព្រឹត្តិការណ៍ប្រកួតកីឡាគុនខ្មែរជើងឯកពិភពលោក លើកទី៧ (7th Kun Khmer World Championship) ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នាចុងឆ្នាំ២០២៦ ខាងមុខ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត