
រដ្ឋធានីសេអ៊ូល៖ កូរ៉េខាងត្បូង មានផែនការពង្រីកប្រតិបត្តិការនៃកងកម្លាំងប្រឆាំងចោរសមុទ្ទឆឹងហែ(Cheonghae)របស់ខ្លួន ទៅកាន់ដែនទឹកកៀកច្រកសមុទ្ទហ័រមូស្ស បន្ទាប់ពីទទួលសម្ពាធពីប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ ឱ្យផ្តល់ការគាំទ្រដល់សង្គ្រាមនៅអ៊ីរ៉ង់។ នេះបើតាមក្រសួងការពារជាតិកូរ៉េខាងត្បូង នាថ្ងៃទី៥ ខែវិច្ឆិកា។

អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង បានបញ្ជាក់ពីរបាយការណ៍របស់ភ្នាក់ងារព័ត៌មានយ៉ុនហាប់ ថា រដ្ឋាភិបាលនឹងដាក់លិខិតស្នើទៅកាន់សភា ដើម្បីពង្រីកការដាក់ពង្រាយកងកម្លាំងនេះ នៅមជ្ឈិមបូព៌ា ដែលត្រូវផុតកំណត់នៅចុងឆ្នាំ២០២៦។ កងកម្លាំងឆឹងហែ ត្រូវបានដាក់ពង្រាយនៅឆកសមុទ្ទអាដែន តាំងពីឆ្នាំ២០០៩ ដើម្បីធានាសុវត្ថិភាពនាវាចរណ៍នៃនាវាពាណិជ្ជកម្ម។ បើយោងតាមស្ថានីយទូរទស្សន៍ YTN កងកម្លាំងនេះបច្ចុប្បន្នរួមមាន៖ នាវាពិឃាតកម្រិត៤៤០០តោនមួយគ្រឿង ឧទ្ធម្ភាចក្រប្រយុទ្ធជើងទឹកមួយគ្រឿង ទូកបំពាក់ម៉ាស៊ីន៣គ្រឿង និងកងកម្លាំងប្រមាណ ៣០០នាក់។ លិខិតស្នើដែលត្រូវដាក់ជូនសភា នឹងពង្រីកតំបន់ប្រតិបត្តិការរបស់កងកម្លាំងនេះទៅកាន់ដែនទឹកជិតកំពង់ផែឌុកគុម ក្នុងប្រទេសអូម៉ង់ មានចម្ងាយប្រមាណ ៦៥០គីឡូម៉ែត្រពីច្រកសមុទ្ទហ័រមូស្ស។ កាសែត Korea Herald បានរាយការណ៍ថា រដ្ឋធានីសេអ៊ូល ក៏នឹងដាក់ពង្រាយយន្តហោះល្បាតជើងទឹក P-8A និងបង្កើនចំនួនបុគ្គលិកយោធាចំនួន៧៥នាក់បន្ថែមទៀតផងដែរ។

សូមជម្រាបថា លោក ត្រាំ បានរិះគន់រដ្ឋធានីសេអ៊ូល ចំពោះអ្វីដែលលោកហៅថាជា«ការគាំទ្រមិនពេញលេញ» សម្រាប់សង្គ្រាមនៅអ៊ីរ៉ង់ ហើយបានកាត់បន្ថយការធ្វើសមយុទ្ធយោធារួមគ្នាដ៏ធំ រវាងកងទ័ពនៃប្រទេសទាំង២នាដូវក្ដៅនេះ ដែលជាចំណាត់ការមួយធ្វើឱ្យសម្ព័ន្ធមិត្តអាម៉េរិកមួយនេះ មានការព្រួយបារម្ភ។ មែនទែនទៅ កូរ៉េខាងត្បូង ពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលប្រេង ដោយទទួលបាន៧០ភាគរយនៃប្រភពផ្គត់ផ្គង់របស់ខ្លួនពីមជ្ឈិមបូព៌ាក្នុងឆ្នាំ២០២៥ ដែលភាគច្រើនត្រូវបានដឹកជញ្ជូនតាមច្រកសមុទ្ទហ័រមូស្ស។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង បានថ្លែងកាលពីថ្ងៃទី១៨ ខែកញ្ញា ថា លោកនឹងមិនដាក់ពង្រាយទ្រព្យសកម្មយោធាទៅកាន់មជ្ឈិមបូព៌ាក្នុងលក្ខណៈដែលអាចទាញប្រទេសចូលទៅក្នុងជម្លោះនោះឡើយ ប៉ុន្តែរដ្ឋធានីសេអ៊ូលកំពុងពិនិត្យមើលការដើរតួនាទីកាន់តែធំក្នុងការការពារសុវត្ថិភាពនាវាចរណ៍នៅក្នុងតំបន់ដ៏ផុយស្រួចមួយនេះ៕




