
ប៉េកាំង-ឌូបៃ៖ លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានថ្លែងទៅកាន់ព្រះចៅស៊ុលតង់នៃប្រទេសអូម៉ង់ នៅថ្ងៃចន្ទទី២ ខែវិច្ឆិកានេះ ថា តំបន់មជ្ឈិមបូព៌ា និងតំបន់ឈូងសមុទ្ទ មិនគួរប្រែជាសង្វៀនប្រកួតប្រជែងអំណាច រវាងប្រទេសមហាអំណាចនោះឡើយ ហើយចិន មានបំណងធ្វើការជាមួយបណ្តាប្រទេសអារ៉ាប់ ដើម្បីសម្រេចឱ្យបាននូវសន្តិភាពយូរអង្វែង...។

តាមទម្លាប់ដើម ប្រទេសចិន តែងតែដើរតួនាទីការទូតយ៉ាងស្ងប់ស្ងាត់នៅតំបន់មជ្ឈិមបូព៌ា ប៉ុន្តែបច្ចុប្បន្ន ចិនបានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយបញ្ចប់ភាពតានតឹង ចំពេលមានសង្គ្រាមរវាងសហរដ្ឋអាម៉េរិក-អ៊ីស្រាអែល កម្ទេចប្រទេសអ៊ីរ៉ង់ ដែលបានបង្កឱ្យជាប់គាំងនៅច្រកសមុទ្ទហ័រមូស្ស និងរុញច្រានតម្លៃថាមពល ព្រមទាំងថ្លៃដឹកជញ្ជូនផ្លូវសមុទ្ទសកលឱ្យកើនឡើង។ យោងតាមក្រសួងការបរទេសចិន លោក ស៊ី ជីនពីង បានប្រាប់ព្រះចៅស៊ុលតង់ នៃប្រទេសអូម៉ង់ ហៃថាំ ប៊ីន ថា រីក អាល់ សេដ (Haitham bin Tariq al-Said) ថា ពិភពលោកកំពុងឆ្លងកាត់ការផ្លាស់ប្ដូរយ៉ាងជ្រាលជ្រៅ ដែលមិនធ្លាប់មានសោះក្នុងរយៈពេលមួយសតវត្សរ៍។ លោក ស៊ី បានបញ្ជាក់ថា៖«តំបន់មជ្ឈិមបូព៌ា និងឈូងសមុទ្ទ មិនគួរប្រែជាសង្វៀនសម្រាប់ប្រកួតប្រជែងអំណាច និងជម្លោះភូមិសាស្ត្រនយោបាយឡើយ។ សន្តិភាព និងស្ថិរភាពក្នុងតំបន់ ត្រូវការ[ការ]ថែរក្សា និងកិច្ចការពាររួមគ្នាពីគ្រប់ភាគីទាំងអស់»។ លោកបានបន្ថែមថា ប្រទេសចិន បានប្តេជ្ញាចិត្តជាប្រចាំក្នុងការបញ្ឈប់សង្គ្រាម ហើយសង្ឃឹមថានឹងរួមចំណែកផ្តល់ដំណោះស្រាយ ដើម្បីដោះស្រាយវិបត្តិសន្តិសុខក្នុងតំបន់។

លោក ស៊ី ជីនពីង ក៏បានបញ្ជាក់ផងដែរថា ប្រទេសចិន មានបំណងពង្រឹងទំនាក់ទំនង និងការសម្របសម្រួលជាមួយបណ្តាប្រទេសអារ៉ាប់ រួមទាំងប្រទេសជាសមាជិកក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្ទ (GCC) ដើម្បីធ្វើការជាមួយគ្នាក្នុងការស្តារសន្តិភាព និងសម្រេចឱ្យបាននូវស្ថិរភាព និងសន្តិសុខយូរអង្វែង។ កាលពីសប្តាហ៍មុន ក្រសួងការបរទេសចិនបានអះអាងថា ប្រទេសចិន នឹងបញ្ជូនបេសកជនពិសេសរបស់ខ្លួនទៅកាន់តំបន់មជ្ឈិមបូព៌ា ក្នុងពេលឆាប់ៗនេះ ដើម្បីជំរុញការចូលរួម និងការកាត់បន្ថយភាពតានតឹង៕




