
ឧបទ្វីបកូរ៉េ៖ ថ្មក្ដៅនៅជ្រោយឧបទ្វីបកូរ៉េ បានិងកំពុងចាប់ផ្តើមកម្រើកឡើងគួរព្រួយបារម្ភសាជាថ្មី បន្ទាប់ពីទាហានកូរ៉េខាងត្បូង៣រូប ជាន់មីនផ្ទុះស្លាប់ម្នាក់ និងរងរបួសធ្ងន់ធ្ងរ២នាក់ កំលុងពេលល្បាតនៅតំបន់ព្រំដែនគ្មានយោធា(DMZ) ឬតំបន់-ស ភាគខាងលិច។ ជុំវិញឧប្បត្តិហេតុនេះ កូរ៉េខាងត្បូង និងបញ្ជាការដ្ឋានអង្គការសហប្រជាជាតិ (UN Command) ក្ដៅស្លឹកត្រចៀកជាខ្លាំង ដោយបានអះអាងថា វាជាមីនដាំបង្កប់របស់កូរ៉េខាងជើង នៅខាងភាគខាងត្បូងនៃខ្សែបន្ទាត់ព្រំដែន ប៉ុន្តែកូរ៉េខាងជើងគ្រវីក្បាល និងទាត់ចោលការចោទប្រកាន់នេះ...។

ទន្ទឹមគ្នា លោកស្រី គីម យ៉ូជុង (Kim Yo Jong) ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំផ្តាច់ការ គីម ជុងអ៊ុន (Kim Jong Un) បានបណ្តើរសេនាប្រមុខនៃប្រទេសកុម្មុយនីស្ដមួយនេះ ទៅត្រួតពិនិត្យព្រំដែនខណ្ឌចែកដែនសីមាប្រទេសកូរ៉េទាំង២ និងបានប្រកាសថា តំបន់ព្រំដែនកំពុងស្ថិតក្នុងស្ថានភាពអស្ថិរភាពខ្លាំង ហើយរដ្ឋធានីសេអ៊ូល នឹងត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ ដែលមិនអាចគ្រប់គ្រងបាន។ លើសពីនេះ លោកស្រីបានបន្លុយពាក្យថា អង្គភាពកម្លាំងហ្វឹកហ្វឺន និងកងកាំភ្លើងធំថ្មីៗ បានចូលកាន់តំណែងប្រយុទ្ធនៅតាមបណ្តោយព្រំដែនរួចរាល់ហើយ។ នៅត្រើយម្ខាង គឺប្រធានាធិបតីកូរ៉េខាងត្បូង ដែលបានជាប់ឆ្នោតកាលពីឆ្នាំមុន ជាមួយនឹងការសន្យាកាត់បន្ថយភាពតានតឹងរវាងបងប្អូនរួមផ្ទៃកូរ៉េទាំង២។ នៅត្រើយម្ខាងទៀត គឺលោក គីម ជុងអ៊ុន ដែលបានចំណាយពេល៣ឆ្នាំចុងក្រោយនេះ ក្នុងការកាត់ផ្តាច់រាល់ចំណងទំនាក់ទំនងរវាងប្រទេសទាំង២។ តើព្រំដែនដែលមានការការពារយ៉ាងរឹងមាំបំផុតនៅលើផែនដីមួយនេះ អស្ថិរភាពឡើងវិញដោយរបៀបណា...? ហើយថា តើកូរ៉េទាំង២កំពុងខិតជិតការប៉ះទង្គិចគ្នាកម្រិតណាដែរ...?

តាមពិតទៅ ព្រំដែនរវាងប្រទេសកូរ៉េទាំង២ មិនមែនខណ្ឌចែកដោយសន្ធិសញ្ញាសន្តិភាពនោះទេ ប៉ុន្តែវាគ្រាន់តែជាខ្សែបន្ទាត់ឈប់បាញ់ ដែលត្រូវបានគូសវាសឡើងនៅពេលសង្គ្រាមកូរ៉េត្រូវបានផ្អាកនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៥៣ តែប៉ុណ្ណោះ។ វាត្រូវបានគេហៅថា «ខ្សែបន្ទាត់ខណ្ឌចែកយោធា»។ ខ្សែបន្ទាត់នេះរត់សន្ធឹងប្រវែង២៤៨គីឡូម៉ែត្រ ពុះចែកឧបទ្វីបកូរ៉េ ចាប់ពីមាត់ទន្លេហាន(Han) ភាគខាងលិច រហូតដល់ឆ្នេរនៃសមុទ្ទខាងកើត។ នៅអមសងខាង មានតំបន់ទ្រនាប់ប្រវែង២គីឡូម៉ែត្រ បង្កើតបានជាតំបន់គ្មានយោធា ឬត្រូវបានគេស្គាល់ «តំបន់-ស» ដែលមានទទឹងសរុបប្រហែល៤គីឡូម៉ែត្រ ខណៈចម្ការមីន ដែលមានមីនប្រហែល ៣៨០០០០គ្រាប់ បាននិងកំពុងបង្កប់នៅក្នុងតំបន់នេះ។

គេនៅចាំបានថា កាលពីខែធ្នូ ឆ្នាំ២០២៣ លោក គីម ជុងអ៊ុន បានបោះបង់ចោលគោលដៅចាស់នៃការបង្រួបបង្រួមជាតិដោយសន្តិវិធី។ លោកបានប្រកាសថា ចាប់ពីពេលនេះតទៅ កូរ៉េទាំង២គឺជា «សត្រូវសួរពូជ»។ ជាក់ស្តែង កាលពីខែតុលា ឆ្នាំ២០២៤ កងទ័ពកូរ៉េខាងជើង បានកម្ទេចផ្លូវថ្នល់ និងផ្លូវរថភ្លើងដែលធ្លាប់ភ្ជាប់ប្រទេសទាំង២នៅជិតក្រុងកែសុង (Kaesong)។ ហើយចាប់តាំងពីខែមេសា ឆ្នាំ២០២៤ មក កូរ៉េខាងជើង បានពង្រឹងកម្លាំងយោធានៅព្រំដែនខាងភាគីខ្លួនយ៉ាងសកម្ម និងបានកាប់ឆ្ការព្រៃ បង្កប់មីន បង្កើតរបងបន្លាលួស ផ្លូវយុទ្ធសាស្ត្រ និងជញ្ជាំងបេតុងប្រឆាំងរថក្រោះកម្ពស់៤ ទៅ៥ម៉ែត្រ ប្រវែងប្រហែល ១០គីឡូម៉ែត្រ។ យោធាកូរ៉េខាងត្បូងប៉ាន់ប្រមាណថា ទាហាន និងកងវិស្វកម្មកូរ៉េខាងជើងរហូតដល់ ៧០០០នាក់ ត្រូវបានបញ្ជូនទៅកាន់តំបន់ព្រំដែន ហើយគម្រោងនេះរំពឹងថា នឹងបញ្ចប់នៅឆ្នាំ២០២៨។

ក្នុងឆ្នាំ២០២៤ ទាហានកូរ៉េខាងជើងបានឆ្លងកាត់ខ្សែបន្ទាត់ខណ្ឌចែកយោធា ចំនួន៩លើក, ឆ្នាំ២០២៥ ចំនួន១៧លើក ហើយក្នុងឆ្នាំ២០២៦នេះ មានច្រើនជាង ៥០លើក។ យ៉ាងណា កូរ៉េខាងត្បូងអះអាងថា ខ្លួនបានដាក់ឧបករណ៍រំពងសំឡេង និងបាញ់ព្រមាននៅពេលកងទ័ពភាគខាងជើងរំលោភបំពានព្រំដែន។ ទោះជាយ៉ាងនេះក្ដី កូរ៉េខាងជើង បានបដិសេធ ដោយចោទប្រកាន់ថា កូរ៉េខាងត្បូងបានបាញ់ព្រមានជាង២០០គ្រាប់ ដើម្បីរំខានដល់ការងារកសាងសន្តិសុខរបស់ខ្លួន។ សូមជម្រាបថា អស់រយៈពេល៧៣ឆ្នាំមកនេះ កិច្ចព្រមព្រៀងឈប់បាញ់ បានបន្តរស់រានមានជីវិតទាំងត្រដរ ពោលគឺស្ទើរដាច់ខ្យល់ម្ដងៗ។ ជាចុងក្រោយ មានសំណួរជាច្រើនចោទជាសំណួរថា តើបទឈប់បាញ់នេះ អាចបន្តទ្រាំទ្របានយូរប៉ុណ្ណាទៀត?...៕







