
រដ្ឋធានីសេអ៊ូល៖ កងទ័ពកូរ៉េខាងត្បូង បានអះអាងថា កូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទីករយៈចម្ងាយខ្លីប្រមាណ១២គ្រាប់ ចេញពីតំបន់វ៉ុនសាន (Wonsan) ឆ្ពោះទៅកាន់សមុទ្ទខាងកើត នៅថ្ងៃព្រហស្បតិ៍ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦។ ការបាញ់សាកល្បងនេះ បានកើតឡើងមិនដល់មួយសប្តាហ៍ផង បន្ទាប់ពីកូរ៉េខាងត្បូង បានស្នើឱ្យមានកិច្ចពិភាក្សាលើជម្លោះព្រំដែនដែលកំពុងតានតឹងខ្លាំង។

កូរ៉េខាងត្បូង បញ្ជាក់ថា កងទ័ពរបស់ខ្លួន បានរកឃើញមីស៊ីលបាលីស្ទីករយៈចម្ងាយខ្លីប្រមាណមួយឡូ ឬ៦គូ ហោះចេញពីតំបន់វ៉ុនសានរបស់កូរ៉េខាងជើង។ កងទ័ពកូរ៉េខាងត្បូង បានបង្កើនការឃ្លាំមើល និងបង្កើនការប្រុងប្រយ័ត្នខ្ពស់។ ទន្ទឹមនេះ អង្គភាពឆ្មាំសមុទ្ទជប៉ុនបានប្រកាសថា មីស៊ីលបាលីស្ទីកទាំងនោះ បានធ្លាក់ចូលទៅក្នុងទឹកសមុទ្ទរួចហើយ និងបានអំពាវនាវឱ្យនាវាទាំងអស់ក្នុងតំបន់មានការប្រុងប្រយ័ត្ន។ ការបាញ់មីស៊ីលជាច្រើនគ្រាប់នេះ បានកើតឡើង ចំពេលមានភាពតានតឹងកើនឡើងខ្លាំង ជុំវិញហេតុការណ៍ផ្ទុះមីននៅតាមបណ្តោយតំបន់ព្រំដែនដែលកំណត់មិនឱ្យមានយោធា (DMZ) បណ្ដាលឱ្យទាហានកូរ៉េខាងត្បូង ៣នាក់រងរបួស។ រដ្ឋធានីសេអ៊ូល បានចោទប្រកាន់រដ្ឋធានីព្យុងយ៉ាងថា រំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយបានអំពាវនាវឱ្យកូរ៉េខាងជើងត្រឡប់ចូលតុចរចាវិញ។

កាលពីសប្តាហ៍មុន កូរ៉េខាងត្បូង បានស្នើឱ្យមានកិច្ចពិភាក្សាយោធាជាមួយភាគីខាងជើង ដើម្បីផ្ទៀងផ្ទាត់ទីតាំងពិតប្រាកដនៃព្រំដែន និងពិភាក្សាអំពីការស្តារទំនាក់ទំនងឡើងវិញ។ ប៉ុន្តែរដ្ឋធានីព្យុងយ៉ាង មិនទាន់បានឆ្លើយតបផ្លូវការនៅឡើយទេ។ ទោះជាយ៉ាងណា លោកស្រី គីម យ៉ូជុង (Kim Yo Jong) ប្អូនស្រីដ៏មានអំណាចរបស់លោក គីម ជុងអ៊ុន (Kim Jong Un) មេដឹកនាំកំពូលកូរ៉េខាងជើង បានសម្ដែងការឌឺដងលើសំណើរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លី ជេម្យុង (Lee Jae Myung) ដោយហៅថាជា «ឈុតឆាកល្ខោនដ៏កំពូល»។ គួរបញ្ជាក់ថា ថ្មីៗនេះ កូរ៉េខាងជើង បានបាញ់សាកល្បងអាវុធជាច្រើនគ្រាប់ រួមទាំងប្រព័ន្ធគ្រាប់ Torpedo និងមីស៊ីលល្បឿនលឿនជាងសំឡេងផងដែរ៕




