ប្រធានសភាអ៊ីរ៉ង់ ហៅជ័យជម្នះរបស់បក្សប្រជាធិបតេយ្យ មកពីពលរដ្ឋអាម៉េរិកាំងអត់គាំទ្រសង្គ្រាម
S
Sinuon Nop
•
មួយម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយពេលគណបក្សសាធារណរដ្ឋ រងបរាជ័យយ៉ាងធ្ងន់ធ្ងរ នៅក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្ដិ នៅសហរដ្ឋអាម៉េរិក លោកប្រធានាធិបតី ដូណាល់ ត្រាំ មិនបានចេញឡាំប៉ា ដូចអ្វីដែលលោកធ្លាប់ធ្វើនៅក្នុងអំឡុងបោះឆ្នោតប្រធានាធិបតី ជាមួយនឹងគូប្រជែងដ៏សំខាន់របស់លោក គឺលោក ចូ បៃឌិន នោះឡើយ ប៉ុន្ដែការបោះឆ្នោតលើកនេះ លោកប្រធានាធិបតី បានស្វាគមន៍ដល់ជ័យជម្នះរបស់បក្សប្រជាធិបតេយ្យ ខណៈប្រធានក្រុមអ្នកចរចាអ៊ីរ៉ង់ បានលើកឡើងថា លទ្ធផលបោះឆ្នោតនេះ បង្ហាញអំពីពលរដ្ឋអាម៉េរិកាំង មិនគាំទ្រសង្គ្រាមរបស់ ត្រាំ ឡើយ...។

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ
ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ

បើតាមប្រព័ន្ធផ្សព្វផ្សាយជាច្រើន បានរាយការណ៍នៅថ្ងៃពុធទី៤ ខែវិច្ឆិកាថា លោក ដូណាល់ ត្រាំ បានថ្លែងដោយត្រង់ទៅកាន់បណ្តាញព័ត៌មាន Fox News ជាមួយនឹងការសម្ដែងនូវការអបអរសាទរ ចំពោះគណបក្សប្រជាធិបតេយ្យ ដែលទទួលបានជ័យជម្នះ នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ។ ជាមួយគ្នា លោកក៏បានទទួលស្គាល់ អំពីលទ្ធផលដ៏ល្អប្រសើររបស់គណបក្សប្រឆាំង បន្ទាប់ពីពួកគេបានតស៊ូ អស់រយៈពេល១១ឆ្នាំ កន្លងមក ដើម្បីទទួលបានជ័យជម្នះបែបនេះ។ ទោះជាយ៉ាងនេះក្ដី ក៏លោក ដូណាល់ ត្រាំ បានសង្កត់ធ្ងន់ថា លទ្ធផលនៃការបោះឆ្នោតនេះ មិនមែនជាសញ្ញាបង្ហាញថា លោករងបរាជ័យនោះដែរ។

ប្រធានក្រុមអ្នកចរចារបស់អ៊ីរ៉ង់ លោក ម៉ូហាមម៉េដ បាហ្គ័រ ហ្គាលីបាហ្វ
ប្រធានក្រុមអ្នកចរចារបស់អ៊ីរ៉ង់ លោក ម៉ូហាមម៉េដ បាហ្គ័រ ហ្គាលីបាហ្វ

ដោយឡែក បណ្ដាញទូរទស្សន៍អារ៉ាប៊ីសាអូឌីត Al Arabiya News បានផ្សាយថា លោក ម៉ូហាមម៉េដ បាហ្គ័រ ហ្គាលីបាហ្វ (Mohammad Bagher Ghalibaf) ប្រធានសភា និងជាប្រធានក្រុមអ្នកចរចារបស់អ៊ីរ៉ង់ ជាមួយសហរដ្ឋអាម៉េរិក បានបញ្ជាក់នៅថ្ងៃពុធថា ក្រុមអ្នកបោះឆ្នោតអាម៉េរិកកាំង បានបដិសេធសង្គ្រាមជាមួយអ៊ីរ៉ង់។ ការលើកឡើងរបស់ប្រធានសភារូបនេះ កើតឡើង បន្ទាប់ពីគណបក្សប្រជាធិបតេយ្យ ធ្វើឱ្យគណបក្សសាធារណរដ្ឋរបស់លោក ដូណាល់ ត្រាំ ទទួលរងបរាជ័យយ៉ាងធ្ងន់ធ្ងរ នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ។ លោកប្រធានសភាអ៊ីរ៉ង់ បានសរសេរនៅលើបណ្តាញសង្គម X ថា៖«មិនថា ដោយសារមនសិកា ឬដោយសារបញ្ហាជីវភាពរស់នៅនោះទេ ប្រជាជនអាម៉េរិកាំង បាននិយាយថា៖«អត់គាំទ្រ ចំពោះសង្គ្រាម ហើយយើងគាំទ្រ ចំពោះសារនេះ»។

នាយករដ្ឋមន្រ្ដីអ៊ីស្រាអែល លោក ណេតាន់យ៉ាហ៊ូ និងប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ
នាយករដ្ឋមន្រ្ដីអ៊ីស្រាអែល លោក ណេតាន់យ៉ាហ៊ូ និងប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ

សូមរម្លឹកឡើងវិញថា៖ លោក ដូណាល់ ត្រាំ ធ្លាប់ឡាំប៉ាម្ដងរួចមកហើយ នៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ជាមួយនឹងគូប្រជែងរបស់លោក មកពីគណបក្សប្រជាធិបតេយ្យ គឺលោក ចូ បៃឌិន។ ក្នុងអំឡុងពេលនោះ ក្រុមអ្នកគាំទ្ររបស់លោក ត្រាំ បាននាំគ្នាសម្រុកចូលទៅក្នុងវិមានកាពីតូល ក្រោយពេលលោក ចាញ់លោក ចូ បៃឌិន នៅក្នុងការឈរឈ្មោះជាលើកទី២។ បាតុកម្ម វាយវិមានសភា ជាហេតុការណ៍ដ៏កម្រលើកដំបូង នៅក្នុងប្រវត្ដិសាស្ត្រ នៃសភាសហរដ្ឋអាម៉េរិក។ អ្វីដែលលោក ដូណាល់ ត្រាំ ធ្លាប់ធ្វើកាន់តែហួសហេតុ ហើយមិនធ្លាប់មាននៅក្នុងប្រវត្ដិសាស្ត្ររបស់ប្រធានាធិបតីអាម៉េរិក ចប់អាណត្ដិ នោះ នៅត្រង់ថា ថ្ងៃសម្ពោធចូលកាន់តំណែង និងការចូលទៅគ្រប់គ្រងសេតវិមានរបស់លោក ចូ បៃឌិន នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ បែរជាលោកដើរចេញពីសេតវិមានមុន ដោយមិនរង់ចាំចូលរួមនៅក្នុងពិធីផ្ទេរតំណែង ជូនលោក ចូ បៃឌិន ទើបនឹងឡើងថ្មីឡើយ៕

អតីតប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ចូ បៃដិន
អតីតប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ចូ បៃដិន
ក្រុមអ្នកគាំទ្រប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ សម្រុកចូលវិមានសភា កាលពីអំឡុងឆ្នាំ២០២១
ក្រុមអ្នកគាំទ្រប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ សម្រុកចូលវិមានសភា កាលពីអំឡុងឆ្នាំ២០២១
សង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់
សង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត