អៀនខ្លួនមិនហ៊ាននៅបន្ត! រដ្ឋមន្ត្រីដឹកជញ្ជូនអេស្ប៉ាញ សុខចិត្តលាលែងពីតំណែង ក្រោយគ្រោះថ្នាក់រថភ្លើងដ៏រន្ធត់ មានមនុស្ស៦៩នាក់បាត់បង់ជីវិត
Mao Sopha
•
មួយម៉ោងមុន

រាជធានីម៉ាឌ្រីដ៖ រដ្ឋមន្ត្រីដឹកជញ្ជូនអេស្ប៉ាញ លោក អូស្កា ពាន់តេ (Óscar Puente) បង្ហាញការទទួលខុសត្រូវរបស់ខ្លួន ដោយសម្រេចចិត្តប្រកាសលាលែងពីតំណែង នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ពោលគឺ៦ថ្ងៃបន្ទាប់ពីមានករណីគ្រោះថ្នាក់រថភ្លើងល្បឿនលឿន បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់៦៩នាក់បាត់បង់ជីវិត និងជាច្រើននាក់ទៀតរងរបួស។ នេះបើយោងតាមសារព័ត៌មាន BBC។

ការប្រកាសរបស់លោក អូស្កា ពាន់តេ ធ្វើឡើងក្នុងសភា ហើយលោក ក៏បង្ហាញការសោកស្ដាយយ៉ាងខ្លាំងផងដែរ ចំពោះគ្រោះថ្នាក់រថភ្លើងដែលធ្វើឱ្យមានក្ដីរន្ធត់ទូទាំងប្រទេស។ លោកលើកឡើងថា រដ្ឋមន្ត្រីដឹកជញ្ជូនក្នុងប្រទេសមួយ មិនអាចបន្តកាន់តំណែងបានទេ បន្ទាប់ពីមានគ្រោះថ្នាក់ធ្ងន់ធ្ងរចំនួន២លើក ក្នុងរយៈពេលមិនដល់១ឆ្នាំបែបនេះ។ គ្រោះថ្នាក់ចុងក្រោយ នាពេលថ្មីៗនេះ បានកើតឡើងនៅតំបន់អ៊ូដា (Urda) ភាគខាងត្បូងរាជធានីម៉ាឌ្រីដ ដោយរថភ្លើងល្បឿនលឿន១គ្រឿង បានបុកពីក្រោយយ៉ាងពេញទំហឹងទៅនឹងរថភ្លើង១គ្រឿងទៀត ដែលឈប់នៅលើផ្លូវ។ 

លោករដ្ឋមន្ត្រី ក៏បានរម្លឹកដល់គ្រោះថ្នាក់រថភ្លើងដ៏សាហាវ១ទៀត ដែលបានកើតឡើងកាលពីខែមករា ឆ្នាំ២០២៦ នៅតំបន់អង់ដាលូសៀ (Andalusia) ដោយបានសម្លាប់មនុស្ស៤៦នាក់។ ក្រឡេកទៅក្រោយបន្តិចទៀត គឺនៅឆ្នាំ២០១៣ ក៏មានគ្រោះថ្នាក់រថភ្លើងដ៏រន្ធត់ដែរ ដោយមានរថភ្លើងបុកគ្នា បណ្ដាលឱ្យមនុស្ស៨០នាក់បាត់បង់ជីវិត។ ការលាលែងរបស់លោក អូស្កា ពាន់តេ នាពេលនេះ កើតឡើងចំពេលមានសម្ពាធនយោបាយ និងការពិភាក្សាយ៉ាងក្ដៅគគុកអំពីសុវត្ថិភាពផ្លូវដែក៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត