
រដ្ឋធានីវ៉ាស៊ីនតោន៖ បើតាមសេចក្ដីរាយការណ៍របស់ទូរទស្សន៍អង់គ្លេស BBC បានបង្ហាញថា គណបក្សប្រជាធិបតេយ្យ បានគ្រប់គ្រងសភាតំណាងរាស្ត្រ និងព្រឹទ្ធសភាអាម៉េរិក ខណៈលោកប្រធានាធិបតី ដូណាល់ ត្រាំ ព្រមទទួលស្គាល់ ចំពោះលទ្ធផលបោះឆ្នោតពាក់កណ្ដាលអាណត្ដិនេះ ថ្វីបើគណបក្សរបស់លោកចាញ់គូប្រជែងដ៏សំខាន់យ៉ាងណាក្ដី...។

ទីភ្នាក់ងារសារព័ត៌មានបារាំង រាយការណ៍នៅថ្ងៃពុធទី៤ ខែវិច្ឆិកានេះថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រាប់ដល់សារព័ត៌មានដ៏ល្បីល្បាញរបស់អាម៉េរិក New York Times ថា លោកបានត្រៀមខ្លួនរួចរាល់អស់ហើយ នៅក្នុងការទទួលយកលទ្ធផល នៃការបោះឆ្នោតពាក់កណ្តាលអាណត្តិ ទោះជាការរាប់សន្លឹកឆ្នោតដំបូង បង្ហាញថា គណបក្សសាធារណរដ្ឋ អាចនឹងជួបប្រទះនឹងបរាជ័យយ៉ាងធ្ងន់ធ្ងរ នៅក្នុងសភាទាំង២របស់សហរដ្ឋអាម៉េរិក យ៉ាងណាក្ដី។

លោក ត្រាំ ប្រាប់ New York Times កាលពីថ្ងៃអង្គារទី៣វិច្ឆិកាថា លោកពិតជាត្រៀមខ្លួន ទទួលយកលទ្ធផលនៃការបោះឆ្នោតនេះ ជាមួយនឹងការបន្ថែមថា រដ្ឋបាលរបស់លោក នឹងធ្វើការជាមួយគណបក្សប្រជាធិបតេយ្យ ហើយសង្ឃឹមថា គណបក្សធំទាំង២នេះ នឹងអាចឈានដល់កិច្ចព្រមព្រៀងរួមគ្នា។ ការលើកឡើងពីគោលជំហររបស់លោក ដូណាល់ ត្រាំ កើតឡើងបន្ទាប់ពីលោកធ្លាប់ព្យាយាម ចោទជាសំណួរ អំពីភាពត្រឹមត្រូវ និងតម្លាភាពនៃការបោះឆ្នោតជាច្រើនលើកច្រើនសាកន្លងមក ដែលបង្កឱ្យមានការព្រួយបារម្ភថា លោកអាចនឹងបដិសេធការទទួលយក ចំពោះភាពបរាជ័យរបស់លោក ប្រសិនបើលទ្ធផល មិនអំណោយផលដល់រូបលោកបានគិត។

បើតាមសេចក្ដីរាយការណ៍របស់ទូរទស្សន៍ BBC បានឱ្យដឹងថា គណបក្សប្រជាធិបតេយ្យ ទទួលបានសំឡេង លើសពីការកំណត់សំឡេងភាគច្រើន នៅក្នុងសភាតំណាងរាស្ត្រ ត្រឹមតែចំនួន២១៨អាសនៈ ខណៈព្រឹទ្ធសភា ទទួលបានសំឡេងលើសពីការកំណត់ត្រឹមចំនួន៥០អាសនៈ៕




