អាម៉េរិកវាយអ៊ីរ៉ង់ រញ្ជួយដល់ថៃ កោះប្រជុំទីភ្នាក់ងាររដ្ឋាភិបាលបន្ទាន់
S
Sinuon Nop
•
2 ម៉ោងមុន

រាជធានីបាងកក៖ ការវាយប្រហារជាថ្មីរបស់សហរដ្ឋអាម៉េរិក ទៅលើប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានធ្វើឱ្យលោកនាយករដ្ឋមន្រ្ដីថៃ អានុទីន ឆានវីរគុល ភ័យស្លន់ស្លោ ជំរុញឱ្យប្រធានក្រុមប្រឹក្សាសន្ដិសុខជាតិថៃ កោះប្រជុំបណ្ដាទីភ្នាក់ងារជាច្រើនរបស់រាជរដ្ឋាភិបាលរាជធានីបាងកក និងក្រុមអ្នកជំនាញបន្ទាន់ រៀបចំផែនការបង្ការទុកជាមុន ចំពោះបញ្ហាអសន្ដិសុខរបស់ពិភពលោក...។

សារព័ត៌មានអនឡាញរបស់ថៃ ថៃរ៉ាត់ បានចេញផ្សាយនៅថ្ងៃពុធទី៤ ខែវិច្ឆិកានេះថា អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិថៃ (NSC) បានជួបពិភាក្សាគ្នាជាមួយអង្គភាពប្រតិបត្តិការនានា អំពីផែនការដោះស្រាយស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ា និងការគំរាមកំហែងតាមប្រព័ន្ធអ៊ិនធើរណេត (Cyber Threats) ព្រមទាំងការត្រៀមលក្ខណៈ សម្រាប់ការគ្រប់គ្រងវិបត្តិ ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធ និងសុវត្ថិភាពសាធារណៈ ខណៈស្ថានការណ៍នៅលើពិភពលោក កំពុងប្រែប្រួល និងមានភាពមិនច្បាស់លាស់។ លោកឧត្ដមសេនីយ៍ បានដឹកនាំកិច្ចប្រជុំរបស់ទីភ្នាក់ងាររាជរដ្ឋាភិបាល និងក្រុមអ្នកជំនាញមកពីរាជបណ្ឌិត្យសភា និងសាកលវិទ្យាល័យនានា ដើម្បីរៀបចំគំនិតគិតពិចារណា លើផែនការជាច្រើន ពាក់ព័ន្ធនឹងបញ្ហាសន្ដិសុខ ដែលកំពុងកើនឡើងនៅតំបន់មជ្ឈិមបូព៌ា។

លោកឧត្ដមសេនីយ៍ ជ័យព្រឹក្ស ឌួងប្រៈផាស បានប្រាប់កិច្ចប្រជុំថា លោកនាយករដ្ឋមន្រ្ដី អានុទីន ជាអ្នកផ្ដើមគំនិតមុនដំបូងឱ្យមានកិច្ចប្រជុំទល់មុខគ្នា និងបានអនុញ្ញាតឱ្យប្រើប្រាស់អគាររាជរដ្ឋាភិបាល ដោយសារតែស្ថានការណ៍ពិភពលោកបច្ចុប្បន្ន មិនមានស្ថិរភាព និងមានភាពមិនច្បាស់លាស់ នៅគ្រប់តំបន់ទាំងអស់ ទើប NSC ដាក់ចេញផែនការជាតិរួចរាល់។ ដូច្នេះ វិធីសាស្ដ្របែបនេះ ផ្ដោតលើបញ្ហាជាច្រើន ដែលកំពុងកើនឡើងនៅតំបន់មជ្ឈិមបូព៌ា ជាមួយនឹងគំនិតលើកឡើងថា វាអាចត្រូវយកទៅអនុវត្ត នៅតំបន់ផ្សេងៗទៀត។ ទន្ទឹមគ្នា លោក និងក្រុមការងារ បានពិនិត្យមើលព័ត៌មានលម្អិត និងកំណត់សេណារីយ៉ូផ្សេងៗ ដើម្បីត្រៀមទុកជាមុន សម្រាប់ព្រឹត្តិការណ៍ដែលអាចនឹងកើតឡើង នៅថ្ងៃខាងមុខ។ ប្រការនេះ អាចអនុញ្ញាតឱ្យមានការរៀបចំទុកជាមុន សម្រាប់សេណារីយ៉ូនីមួយៗ។

អគ្គលេខាធិការសន្ដិសុខជាតិថៃ រូបនេះ បានបន្ដថា ក្រុមអ្នកជំនាញនានា ត្រូវបានអញ្ជើញឱ្យមកចូលរួមពិភាក្សា ផ្លាស់ប្ដូរគំនិត និងផ្តល់មតិយោបល់។ បន្ទាប់ពីកិច្ចពិភាក្សានេះ ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) នឹងកែសម្រួលព័ត៌មានលម្អិតទាំងនោះ ឱ្យកាន់តែច្បាស់លាស់ ហើយអាចនឹងទាក់ទងទៅកាន់ក្រុមអ្នកជំនាញទាំងនេះ ម្ដងទៀត ដើម្បីពិនិត្យមើលថា តើវាមានភាពសមស្របឬយ៉ាងណា ឬថា..តើចាំបាច់ត្រូវបន្ថែមចំណុចអ្វីខ្លះទៀតដែរឬទេ?...៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត