
ក្រុងព្រះសីហនុ៖ នាវាទេសចរណ៍ SEABOUNR ENCORE សញ្ជាតិ BAHAMAS មួយគ្រឿង បានបន្តដឹកភ្ញៀវទេសចរបរទេសជិត៦០០នាក់ទៀត មកលេងកម្សាន្តនៅខេត្តព្រះសីហនុ…។

នាវាខាងលើបានធ្វើដំណើរចាកចេញពីប្រទេសថៃ ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦នេះ។ នាវាទេសចរណ៍ SEABOUNR ENCORE មានបណ្ដោយប្រវែង២១០ម៉ែត្រ ទទឹង២៨ម៉ែត្រ និងជម្រៅ៦ម៉ែត្រ បាននាំភ្ញៀវចំនួន៥៨១នាក់ (ស្រី៣០០នាក់) មាន២១សញ្ជាតិ ខណៈនាវិកនៅលើនាវាចំនួន៤១១នាក់ មាន៤២សញ្ជាតិ មកដើរលេងកម្សាន្តលើទឹកដីខេត្តព្រះសីហនុ រយៈពេល១ថ្ងៃ។ បន្ទាប់ពីដើរកម្សាន្តរួច នៅវេលាម៉ោង៨យប់ថ្ងៃដដែល នាវាខាងលើនឹងដឹកភ្ញៀវទេសចរចេញពីខេត្តព្រះសីហនុ ប្រទេសកម្ពុជា ឆ្ពោះទៅប្រទេសវៀតណាម។

ក្នុងដំណើរមកដល់របស់ភ្ញៀវទេសចរ គេឃើញមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីថ្នាក់ដឹកនាំខេត្តព្រះសីហនុ និងមន្រ្តីពាក់ព័ន្ធ។ គេបានរៀបចំឱ្យមានរបាំបាចផ្កា ភ្លេងឆៃយ៉ាំ និងការជូនក្រមាខ្មែរជាកាដូអនុស្សាវរីយ៍ និងបានបញ្ជូនរថយន្តក្រុងមកទទួលភ្ញៀវទេសចរដោយផ្ទាល់ទៀតផង។ សូមជម្រាបថា នាវា SEABOUNR ENCORE ធ្លាប់បានដឹកភ្ញៀវចម្រុះជាតិសាស៍ជាង៥០០នាក់ មកលេងកម្សាន្តនៅខេត្តព្រះសីហនុ ម្ដងរួចហើយ កាលពីថ្ងៃទី៧មករាកន្លងទៅ ភាគច្រើនជាជនជាតិអាម៉េរិក និងអង់គ្លេស។ វាសរបញ្ជាក់ឱ្យឃើញថា ការយកចិត្តទុកដាក់គ្រប់សព្វបែបយ៉ាងរបស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ ពិតជាធ្វើឱ្យភ្ញៀវទេសចរមានអារម្មណ៍កក់ក្ដៅ សុវត្ថិភាព មកម្ដងហើយចង់មកម្ដងទៀត៕







