ភ្ញៀវអន្តរជាតិជាង៧០០នាក់ ចូលមកកម្សាន្តខេត្តព្រះសីហនុ តាមរយៈនាវាទេសចរណ៍
S
Soriya Sou
19 កុម្ភៈ 2026 07:30 AM

ក្រុងព្រះសីហនុ៖ ភ្ញៀវទេសចរចម្រុះជាតិសាសន៍ប្រមាណជាង៧០០នាក់ បានមកដល់ក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១៩កុម្ភៈនេះ តាមរយៈនាវាទេសចរណ៍ឈ្មោះ SEVEN SEAS EXPLORER…។

នាវាទេសចរណ៍ឈ្មោះ SEVEN SEAS EXPLORER សញ្ជាតិ MARSHALL ISLAND មានបណ្តោយប្រវែងជាង២០០ម៉ែត្រ ទទឹងជាង៣០ម៉ែត្រ បានដឹកភ្ញៀវទេសចរអន្តរជាតិចំនួន៧៣០នាក់ (ស្រី៣៧៤នាក់) មាន២៤សញ្ជាតិ ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង៩:៣០នាទីព្រឹក ថ្ងៃទី១៩កុម្ភៈ។ ក្រៅពីភ្ញៀវទេសចរ នាវានេះក៏មានផ្ទុកនាវិកចំនួន៥៤៦នាក់ (ស្រី១៣៨នាក់) មាន៤០សញ្ជាតិ។ នាវានេះ ធ្វើការសំចតឱ្យភ្ញៀវទេសចរ ដើរលេងកម្សាន្តយ៉ាងរីករាយនៅតាមតំបន់ទេសចរណ៍ក្នុងខេត្តព្រះសីហនុ រហូតដល់ម៉ោង២០:០០នាទីយប់ថ្ងៃដដែល ទើបចាកចេញពីកម្ពុជាទៅកាន់ប្រទេសវៀតណាម។

មិនខុសពីលើកមុនៗ ក្នុងដំណើរមកដល់របស់ភ្ញៀវទេសចរលើនាវា SEVEN SEAS EXPLORER ថ្នាក់ដឹកនាំខេត្តព្រះសីហនុ និងមន្រ្តីពាក់ព័ន្ធបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ដោយមានរៀបចំរបាំបាចផ្កា ផ្ដល់ជូនក្រមាខ្មែរជាកាដូអនុស្សាវរីយ៍ និងបានបញ្ជូនរថយន្តក្រុងមកទទួលភ្ញៀវទេសចរដោយផ្ទាល់ផងដែរ។ គួរកត់សម្គាល់ថា ក្រៅពីតាមរយៈផ្លូវអាកាស ទេសចរអន្តរជាតិ បានសម្រុកចូលមកដើរលេងកម្សាន្តនៅកម្ពុជាឥតដាច់ តាមផ្លូវទឹកខេត្តព្រះសីហនុ។ កាលពីថ្ងៃទី៦កុម្ភៈ កម្ពុជាទើបតែទទួលភ្ញៀវទេសចរជិត៦០០នាក់ នាវិកជាង៤០០នាក់តាមរយៈនាវា SEABOUNR ENCORE៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត