
ក្រុងប៉ោយប៉ែត៖ ជារឿងដដែលៗ ដែលពលករខ្មែរមួយចំនួនតូច ខ្វះសតិសម្បជញ្ញៈជាតិ នៅបន្តលួចឆ្លងដែនទៅធ្វើការខុសច្បាប់នៅប្រទេសថៃ ធ្វើឱ្យអាជ្ញាធរឈុតខ្មៅថៃ ចាប់បញ្ជូនត្រឡប់មកប្រទេសកំណើតវិញ យ៉ាងអាម៉ាសបំផុត ខណៈដែលប្រទេសមានសណ្តានអន្យតិរិ្ថយមួយនេះ កំពុងឈ្លានពានទឹកដីរបស់យើង...។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយនាយកដ្ឋានច្រកទ្វារទី១ នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចកម្ពុជា ចុះអន្តរាគមន៍ និងសម្របសម្រួលទទួលពលករខ្មែរចំនួន៧៨នាក់ (ស្ត្រី២១នាក់ និងកុមារ៩នាក់) ពីអាជ្ញាធរឈុតខ្មៅថៃ តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។ ក្នុងឱកាសនោះ មន្ត្រីសមត្ថកិច្ចកម្ពុជា បានផ្តល់អាហារសម្រន់ រួមមាន បាយប្រអប់ ទឹកបរិសុទ្ធ ជូនដល់ពលករឆ្លងដែនខុសច្បាប់ទាំងអស់នោះ និងបានរៀបចំមធ្យោបាយដឹកជញ្ជូនពួកគាត់ បញ្ជូនបន្តទៅប្រគល់ជូនមន្ត្រីជំនាញ នៃមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត ដើម្បីសាកសួរព័ត៌មាន អប់រំណែនាំ និងអនុវត្តនីតិវិធីបន្ត មុននឹងបញ្ជូនត្រឡប់ទៅជួបជុំគ្រួសារ នៅតាមស្រុកកំណើតរៀងៗខ្លួន។

សូមជម្រាបថា នេះពុំមែនជាការដាក់បន្ទុកបន្ថែមលើបងប្អូនប្រជាពលករឆ្លងដែនខុសច្បាប់ទាំងនេះឡើយ ប៉ុន្តែសកម្មភាពរបស់បងប្អូននៅពេលនេះ តើសក្តិសមជាពលរដ្ឋខ្មែរដែរឬទេ? ហេតុអ្វីបងប្អូនគ្មានការឈឺចាប់នៅពេលដែលប្រទេសយើងត្រូវបាន ប្រជាជាតិដ៏អប្រិយទុយ៌សមួយនេះ ប្រមាថ មើលងាយ ប្រដូចយើងជាអ្នកសុំទានស្ទើរទូទាំងប្រទេស។ មិនតែប៉ុណ្ណោះ ពួកគេទាញទ្វាររបងព្រំដែនបិទជាឯកតោភាគី ប្រើយន្តហោះចម្បាំងទម្លាក់គ្រាប់បែកកម្ទេចទីតាំងជនស៊ីវិល វត្តអារាម សាលារៀន មន្ទីរពេទ្យ ផ្ទះភូមិឋានរបស់បងប្អូនរួមឈាម រួមសញ្ជាតិយើងមិនតិចនាក់ឡើយ។ អ្វីដែលកាន់តែឈឺចាប់បំផុតនោះ ពួកគេបានបាញ់ផ្សែងគីមីពុលសម្លាប់យោធាការពារទឹកដីយើងជាង១៥០នាក់ ចាប់រំលោភពលការិនីយើងម្ដង៧នាក់ និងការប្លន់យកដីស្រែចម្ការ ភូមិឋាន ប្រាសាទបុរាណរបស់យើងជាច្រើនទីតាំង តើបងប្អូនរួមឈាមភ្លេចហើយមែនទេ?

សពយោធិនពលី សពពលរដ្ឋត្រូវគ្រាប់ស្លាប់ពីការឈ្លានពាន មិនទាន់ទាំងរលុះសាច់ចេញពីឆ្អឹង អស់ពីរាងកាយផង ហេតុអ្វីបងប្អូនលួចឆ្លងដែនចូលទៅរកការងារធ្វើ នៅប្រទេសអន្យតិរិ្ថយមួយនេះទៀត? តើប្រទេសរបស់យើងគ្មានការងារ ឱ្យបងប្អូនធ្វើមែនទេ? បើតាមការពិនិត្យជាក់ស្តែងក្នុងពេលបច្ចុប្បន្ន ហាក់ដូចមិនមែនជាការពិតទេ! ដ្បិតក្រសួងការងារ នៅបន្តប្រកាសរកកម្លាំងពលករបម្រើការងារក្នុងបណ្តាសហគ្រាស រោងចក្រនៅក្នុងស្រុកជានិច្ច។ ដូច្នេះ ការដែលបងប្អូនខ្មែរលួចឆ្លងដែនចេញទៅប្រទេសថៃ ក្នុងកំលុងពេលដែលប្រទេសអន្យតិរិ្ថយមួយនេះ នៅបន្តឈ្លានពានទឹកដី គឺមានន័យថា បងប្អូនគ្មានការឈឺចាប់ គ្មានសតិសម្បជញ្ញៈជាមនុស្សខ្មែរ ហើយបងប្អូនមានភាពអាត្មានិយមខ្លាំងណាស់ ដែលសុខចិត្តឱ្យជាតិសាសន៍អន្យតិរិ្ថយ មើលងាយ មើលថោក ជាតិសាសន៍ខ្លួនឯងនៅនឹងមុខបែបនេះ៕



