
ខេត្តបន្ទាយមានជ័យ៖ កម្លាំងជំនាញនៃការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយកម្លាំងបញ្ជាការដ្ឋានវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ កងកម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ និងកងកម្លាំងយោធាផ្នែកសឹករងស្រុកម៉ាឡៃ កាលពីវេលាម៉ោង១៤:៣០នាទីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ បានឆ្មក់ហាមឃាត់ទប់ស្កាត់ពលករខ្មែរប្រុសស្រីក្មេងចាស់ប្រមាណជាង៣០០នាក់ ដែលត្រៀមឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ យកមកអប់រំ...។

បើតាមការឱ្យដឹងពីភ្នាក់ងារ SBM News ប្រចាំខេត្តបន្ទាយមានជ័យ ប្រតិបត្តិការនេះ ដឹកនាំដោយលោកស្រី ឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរងផែនការងារប្រឆាំងការជួញដូរមនុស្ស និងយេនឌ័រ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ កងកម្លាំងអធិការនគរបាលស្រុកម៉ាឡៃ កម្លាំងយោធាផ្នែកសឹករង ដើម្បីទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ ក្រោយពិធីចូលឆ្នាំខ្មែរបានបិទបញ្ចប់។ ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុស-ស្រីក្មេងចាស់ចំនួន៣០០នាក់ ក្នុងនោះស្រី១៥៤នាក់ កុមារ២៦នាក់ ដើម្បីយកមកអប់រំ និងឱ្យពួកគាត់ត្រឡប់ទៅស្រុកកំណើតវិញ ព្រោះការលួចឆ្លងដែនខុសច្បាប់បែបនេះ គឺមានហានិភ័យខ្ពស់ណាស់។ អាជ្ញាធរបានឱ្យដឹងបន្ថែមថា ពលរដ្ឋទាំងនេះ ត្រូវបានស្ទាក់ឃាត់ខ្លួនក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ ដែលជាស្រុកមួយមានច្រករបៀងឆ្លងដែនខុសច្បាប់ទាំងការរត់ពន្ធទំនិញ និងមនុស្សនាពេលកន្លងមក ទើបអាជ្ញាធរបង្កប់កម្លាំងចាំស្ទាក់ទប់ស្កាត់ពលករខុសច្បាប់ទាំងភាគីខ្មែរ និងភាគីថៃមិនឱ្យឆ្លងដែនដោយគ្មានការអនុញ្ញាតនោះឡើយ។

ទោះយ៉ាងណា លោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃ និងស្ថាប័នពាក់ព័ន្ធមួយចំនួន បានចុះទៅសួរសុខទុក្ខប្រជាពលរដ្ឋទាំងជាង៣០០នាក់នោះ ក៏ដូចជាការជម្រាបជូនពីហានិភ័យផ្សេងៗដែលបងប្អូនប្រជាពលករអាចនឹងជួប ដូចជា៖ អាចជាន់ចំមីនសល់ពីសម័យសង្គ្រាមនៅតាមបន្ទាត់ព្រំដែន, ត្រូវបានតម្រួតថៃចាប់ ឬធ្វើដំណើរទៅប្រទេសថៃប្រឈមនឹងគ្រោះថ្នាក់ ព្រោះតែតៃកុងរថយន្តបើកបរក្នុងល្បឿនលឿន ដើម្បីគេចចេញពីការដេញតាមចាប់របស់សមត្ថកិច្ចជាដើម។ល។ បើតាមមន្ត្រីអាជ្ញាធរស្រង់ស្ថិតិ ប្រជាពលករទាំងអស់ ភាគច្រើនមកពីបណ្ដាខេត្តមួយចំនួនរួមមាន៖ ខេត្តកំពង់ចាម, កំពង់ឆ្នាំង, បាត់ដំបង, ពោធិ៍សាត់, ព្រៃវែង, កំពង់ធំ, ឧត្តរមានជ័យ,បន្ទាយមានជ័យ និងខេត្តសៀមរាប។ បន្ទាប់ពីទទួលបានការអប់រំណែនាំ និងធ្វើកិច្ចសន្យារួចហើយ សមត្ថកិច្ចបានឱ្យប្រជាពលករទាំងអស់ត្រឡប់ទៅគេហដ្ឋានវិញ និងបានស្នើឱ្យពួកគាត់ទៅបំពេញបែបបទឆ្លងដែនដោយស្របច្បាប់ មានលិខិតស្នាមត្រឹមត្រូវ ចៀសវាងការចាញ់បោកមេខ្យល់ ឬមានបញ្ហាផ្សេងៗបើនៅបន្តឆ្លងដែនខុសច្បាប់បែបនេះ...៕ រាយការណ៍ដោយ៖ ឈុន មករា








