
ក្រុងដូនកែវ៖ កម្មករ-កម្មការិនីជាច្រើននាក់ បម្រើការងារនៅរោងចក្រ ប្រាយត៍ ហ្វ្លូសស៊ីង ឯ.ក (Bright Flushing Co., Ltd.) ស្ថិតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ បានលើកគ្នាតវ៉ា រហូតឈានដល់ការបិទផ្លូវសាធារណៈ ប្រឆាំងតវ៉ាចំពោះភាគីថៅកែរោងចក្រ ដែលបានកាត់ប្រាក់ឧបត្ថម្ភថ្លៃធ្វើដំណើររបស់ពួកគេ អស់ជាង២ដុល្លារអាម៉េរិក...។

ប្រភពព័ត៌មានបឋមពីកម្មករនៅក្នុងរោងចក្រខាងលើ នៅរសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បានឱ្យដឹងថា កម្មករ-កម្មការិនីប្រមាណជាង៣០០០នាក់ បានលើកគ្នាតវ៉ារហូតឈានដល់ការបិទផ្លូវជាតិលេខ២២ ជាបណ្ដោះអាសន្ន ក្រោមមូលហេតុ ភាគីថៅកែរោងចក្រ កាត់លុយធ្វើដំណើររបស់កម្មករ-កម្មការិនីទាំងអស់ ចំនួនជាង២ដុល្លារអាម៉េរិក។ ភ្លាមៗ..បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង មន្ត្រីជំនាញនៃមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តតាកែវ បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការសម្របសម្រួលជាមួយបងប្អូនកម្មករ-កម្មការិនីផង និងសម្រួលចរាចរណ៍សាធារណៈជូនអ្នកដំណើរឆ្លងកាត់ផ្លូវជាតិមួយខ្សែនេះផង បន្ទាប់ពីអាជ្ញាធរអំពាវនាវឱ្យក្រុមបាតុករ បើកផ្លូវជាតិឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ឡើងវិញ។

ជុំវិញបញ្ហានេះ អង្គភាពសារព័ត៌មាន SBM News បានព្យាយាមសុំការបំភ្លឺបន្ថែមពី លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ តាមប្រព័ន្ធតេលេក្រាម នៅរសៀលថ្ងៃដដែលនេះដែរ ដោយលោកបញ្ជាក់យ៉ាងខ្លីថា ពាក់ព័ន្ធករណីខាងលើ មន្ត្រីជំនាញបាននិងកំពុងជួបពិភាក្សាការងារជាមួយដំណាងកម្មករ និងថៅកែរោងចក្រ ខណៈមន្ត្រីជំនាញកំពុងស្ដាប់ការលើកឡើងពីភាគីទាំងសងខាង ដើម្បីស្វែងរកដំណោះស្រាយលឿន និងរហ័សជូនបងប្អូនកម្មករ-កម្មការិនី។ សម្រាប់ព័ត៌មានលម្អិត ក្រោយពីបញ្ចប់ការស៊ើបសួរ និងរកដំណោះស្រាយចប់ លោកនឹងផ្ដល់ជូនតាមក្រោយ៕




