នាយករដ្ឋមន្ត្រីថៃ ប្រឈមមុខនឹងការដេញដោលដកសេចក្តីទុកចិត្តជាលើកដំបូងនាខែធ្នូខាងមុខ
ហៀប ស៊ីថេត
•
មួយថ្ងៃមុន

រាជធានីបាងកក៖ មន្ត្រីម្នាក់អះអាងនៅថ្ងៃអង្គារទី៣ ខែវិច្ឆិកានេះថា រាជរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីថៃ អនុទីន ឆានវីរគុល (อนุทิน ชาญวีรกูล) បានយល់ព្រមលើកាលវិភាគចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែធ្នូ សម្រាប់ការជជែកដេញដោលដកសេចក្តីទុកចិត្តជាលើកដំបូង នៅក្នុងសភា...។

លោក អនុទីន ឆានវីរគុល (อนุทิน ชาญวีรกูล Anutin Charnvirakul)
លោក អនុទីន ឆានវីរគុល (อนุทิน ชาญวีรกูล Anutin Charnvirakul)

អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ឯកភព ភាពិសេស (เอกภพ เพียรพิเศษ) បានថ្លែងថា ការដេញដោលនេះ នឹងប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ ហើយការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត នឹងធ្វើឡើងនៅថ្ងៃទី១១ ខែធ្នូ ក្រោមការព្រមព្រៀងគ្នា ដោយតំណាងភាគីរាជរដ្ឋាភិបាល និងបក្សប្រឆាំង។ បណ្តាបក្សប្រឆាំងបានដាក់ញត្តិដេញដោល ផ្តោតលើរដ្ឋមន្ត្រីចំនួន១៨រូប មកពីគណបក្សកាន់អំណាចភូមិចៃថៃ (ภูมิใจไทย) រួមទាំងលោក អនុទីន ផងដែរ។ ភាគីប្រឆាំងអាចដាក់ញត្តិដកសេចក្តីទុកចិត្តបាន តែម្ដងគត់ក្នុងមួយឆ្នាំ។ ការចោទប្រកាន់របស់បក្សប្រឆាំងរួមមាន៖ អំពើពុករលួយក្នុងការបោះឆ្នោតជ្រើសរើសព្រឹទ្ធសភា អំពើពុករលួយក្នុងការប្រឡងជ្រើសរើសមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងការគ្រប់គ្រងមិនបានល្អលើសេដ្ឋកិច្ច និងគ្រោះទឹកជំនន់នាពេលថ្មីៗនេះ។

យ៉ាងណា គណបក្សភូមិចៃថៃ របស់ អនុទីន បានបដិសេធការចោទប្រកាន់ទាំងនេះ ហើយថ្លែងថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រឈមមុខនឹងចំណាត់ការនៅក្នុងសភា។ លោក វ៉ាន់វិចិត្រ ប៊ុនព្រូង (วันวิชิต บุญโปร่ง) សាស្ត្រាចារ្យវិទ្យាសាស្រ្តនយោបាយនៅសាកលវិទ្យាល័យរាំងសិត (รังสิต) លើកឡើងថា លោក អនុទីន ត្រូវបានគេរំពឹងថា នឹងទទួលបានជ័យជម្នះ ដោយសារតែលោកមានសំឡេងភាគច្រើននៅក្នុងសភា ទោះបីជាអាចមានការកែសម្រួលសមាសភាពគណៈរដ្ឋមន្ត្រីនៅពេលខាងមុខក៏ដោយ។ សម្ព័ន្ធភាពរបស់ អនុទីន ដែលឡើងកាន់អំណាចបន្ទាប់ពីជ័យជម្នះភ្លូកទឹកភ្លូកដីរបស់គណបក្សភូមិចៃថៃ ក្នុងការបោះឆ្នោតកាលពីខែកុម្ភៈ បច្ចុប្បន្នមាន ២៩២អានសនៈ នៅក្នុងសភា ដែលមានសមាជិកសរុប៤៩៩រូប ប្រៀបធៀបនឹងភាគីប្រឆាំងមាន២០៧អាសនៈ។ ដើម្បីទម្លាក់នាយករដ្ឋមន្ត្រី ឬរដ្ឋមន្ត្រីម្នាក់បាន គឺត្រូវការសំឡេងគាំទ្រលើសពីពាក់កណ្តាលនៃសមាជិកសភារបស់រដ្ឋសភាទាំងមូល៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត