
រាជធានីបាងកក៖ តើជាការពិតទេ..? អង្គភាពអភិវឌ្ឍន៍ចល័ត៥៦ (ឬ MDU 56) កំពុងបន្តសកម្មភាពសាងសង់ផ្លូវតាមបណ្តោយព្រំដែន ដោយកែលម្អផ្លូវដីក្រហមប្រវែង២គីឡូម៉ែត្រ ទៅជាផ្លូវក្រាលគ្រួស ដើម្បីគាំទ្រដល់ប្រតិបត្តិការរបស់កងកម្លាំងពិសេសសុរៈនារីថៃនៅតំបន់មុំបី ដែលថៃហៅថា តំបន់ណាមយឺន (น้ำยืน) ក្នុងខេត្តព្រះវិហារ (ថៃកាត់បញ្ចូលដោយខ្លួនឯង ទៅក្នុងខេត្តឧប្បុលរាជធានី)។ នេះបើយោងតាមការចុះផ្សាយដោយកាសែត Amrin TV...។

សារព័ត៌មានដដែលនេះ បញ្ជាក់ថា នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ កងទ័ពជើងគោកថៃ តាមរយៈអង្គភាពអភិវឌ្ឍន៍ចល័ត៥៦ នៃការិយាល័យអភិវឌ្ឍន៍ភូមិភាគ៥ ចំណុះឱ្យបញ្ជាការដ្ឋានអភិវឌ្ឍន៍ បានបញ្ជូនក្រុមយោធាវិស្វកម្ម រួមជាមួយយានយន្ត និងគ្រឿងចក្រទៅកាន់តំបន់គោលដៅ ដើម្បីឈូសឆាយដីធ្វើផ្លូវ ចាក់គ្រួសក្រហមលុប និងអនុវត្តគម្រោងដែលបានរៀបចំសម្រាប់ថវិកាឆ្នាំ២០២៦។ កាសែតខាងលើបន្តរាយការណ៍ថា បេសកកម្មនេះ ធ្វើឡើងដើម្បីផ្តល់ភាពងាយស្រួលដល់កងកម្លាំងពិសេស សុរៈនារីថៃ ដោយកែលម្អផ្លូវបណ្តោះអាសន្នឱ្យទៅជាផ្លូវក្រាលគ្រួសទទឹង៤ម៉ែត្រ លើប្រវែងសរុប២គីឡូម៉ែត្រ នៅតំបន់មុំបី ឬតំបន់ណាមយឺន។

ប្រតិបត្តិការនេះ រួមមាន៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅក្នុងតំបន់ទទួលខុសត្រូវ ដើម្បីបង្កើនភាពងាយស្រួល និងប្រសិទ្ធភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងយោធា ព្រមទាំងគាំទ្រដល់ការផ្លាស់ទីកម្លាំងកងទ័ព និងប្រតិបត្តិការរបស់កងកម្លាំងពិសេសសុរៈនារី ឱ្យមានភាពរហ័ស និងទាន់ពេលវេលា។ បញ្ជាការដ្ឋានអភិវឌ្ឍន៍នៃកងទ័ពជើងគោកថៃ ប្តេជ្ញាបន្តប្រើប្រាស់ក្រុមយោធាវិស្វកម្ម និងគ្រឿងចក្រ ដើម្បីកែប្រែតំបន់នោះ។ ទោះយ៉ាងណាក៏ដោយ ជុំវិញការចុះផ្សាយនេះ ភាគីកម្ពុជា មិនទាន់ចេញសេចក្តីថ្លែងការណ៍ណាមួយឡើយ គិតត្រឹមពេលចេញផ្សាយនេះ ខណៈ SBM News ក៏មិនទាន់អាចសុំការបំភ្លឺពីមន្ត្រីនាំពាក្យក្រសួងការពារជាតិ បានដូចគ្នា។ ដូច្នេះ ការចុះផ្សាយរបស់សារព័ត៌មានថៃ នេះ មិនទាន់អាចបញ្ជាក់បានថា ផ្លូវដែលកំពុងធ្វើនោះ ស្ថិតនៅតំបន់មុំបី១០០ភាគរយដែរ ដរាបណាគ្មានការបញ្ជាក់ពីក្រសួងការពារជាតិ ឬក្រសួងការបរទេសកម្ពុជា ទេនោះ៕






