
ក្រុងដូនកែវ៖ នៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនដ៏គួរឱ្យភ្ញាក់ផ្អើលមួយ មន្ត្រីនគរបាលថ្នាក់អធិការរងនៃអធិការដ្ឋាននគរបាលស្រុកអង្គរបុរី ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួនវាយខ្នោះ បន្ទាប់ពីរកឃើញភស្តុតាងយ៉ាងច្បាស់ក្រឡែត ថា បានយកអំណាច និងតួនាទីរបស់ខ្លួនមកធ្វើជាខែល ដើម្បីប្រព្រឹត្តអំពើជួញដូរគ្រឿងញៀន នៅក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រង...។

ជាក់ស្ដែង តាមរយៈសេចក្ដីប្រកាសព័ត៌មាននៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឱ្យដឹងថា កាលពីកំលុងខែតុលាកន្លងទៅ កម្លាំងស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានធ្វើការឃាត់ខ្លួនជនល្មើសឈ្មោះ ពួយ សោវណ្ណដេត មានតួនាទីជាអធិការរងនៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ។ បច្ចុប្បន្ន លោកអនុសេនីយ៍ឯក ពួយ សោវណ្ណដេត ត្រូវបានសាលាដំបូងខេត្តតាកែវ សម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួន បណ្តោះអាសន្ន នៅក្នុងពន្ធនាគារខេត្តតាកែវរួចរាល់ហើយ។

ជុំវិញករណីខាងលើ ត្រូវបានមហាជនលើកឡើងថា ការប្រើប្រាស់អំណាច ឋានៈ និងតួនាទីជាមន្ត្រីអនុវត្តច្បាប់ មកប្រព្រឹត្ត ឬពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀននៅក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រង គឺជាទង្វើខុសឆ្គងយ៉ាងធ្ងន់ធ្ងរ ដែលមិនត្រឹមតែបំផ្លាញកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជះឥទ្ធិពលអាក្រក់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ មកលើស្ថាប័នរដ្ឋថែមទៀតផង។ ដូច្នេះ មហាជន សំណូមពរឱ្យច្បាប់ដាក់ទោសទណ្ឌលើមន្ត្រីរាជការសាធារណៈទាំងហ្លាយណាដែលបានប្រព្រឹត្តកំហុសឆ្គងលើវិជ្ជាជីវៈរបស់ខ្លួនឱ្យបានធ្ងន់ធ្ងរបំផុត ដើម្បីជាគំរូសម្រាប់មន្ត្រីរាជការជំនាន់ក្រោយ កុំឱ្យយកតម្រាប់តាម៕






