ប្រមុខការទូតកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ នៅប៉េកាំង
អ
អុន សម្ផស្ស
•
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ក្រោមមូលបទ«ពង្រឹងការកសាងសហគមន៍ដែលមានជោគវាសនារួម៖ ការចាប់ផ្តើមជំពូកថ្មី សម្រាប់មេគង្គ-ឡានឆាង ២.០»។ កិច្ចប្រជុំនេះប្រព្រឹត្តិទៅដោយរដ្ឋមន្ត្រីការបរទេស ចិន កម្ពុជា ឡាវ ថៃ វៀតណាម និងភូមា...។

ក្នុងឱកាសនោះ លោកនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការជំរុញសមាហរណកម្មអនុតំបន់ កំណើនសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការជាក់ស្តែង ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក។ ជាមួយគ្នានេះ ក្នុងដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ២.០ កម្ពុជាបានលើកឡើងពីអាទិភាពសំខាន់ៗ ដែលផ្តោតលើការផ្ដល់ផលប្រយោជន៍ជាក់ស្តែង ដល់ប្រជាជនក្នុងអនុតំបន់ រួមមាន៖ ការរក្សាសន្តិភាព ការគ្រប់គ្រងធនធានទឹកប្រកបដោយការទទួលខុសត្រូវ ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។

សូមរំឭកថា យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន គ្រោងនឹងជួបពិភាក្សាទ្វេភាគីជាមួយ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ព្រមទាំងផ្លាស់ប្ដូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការយកចិត្តទុកដាក់រួម។ កិច្ចប្រជុំនេះ នឹងពិនិត្យ វាយតម្លៃ លើវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពរយៈពេល៥ឆ្នាំ ស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣-២០២៧ ព្រមទាំងផ្លាស់ប្ដូរទស្សនៈអំពីទិសដៅ និងអាទិភាពនាពេលអនាគត ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ និងពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងការគាំទ្រគ្នាទៅវិញទៅមក រវាងប្រទេសសមាជិក។ កិច្ចប្រជុំ ក៏នឹងផ្តោតលើការជំរុញការអភិវឌ្ឍ និងការលើកកម្ពស់ការតភ្ជាប់ផ្នែកសង្គម និងវប្បធម៌ក្នុងអនុតំបន់មេគង្គ-ឡានឆាងផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត