
ក្រុងបោយប៉ែត៖ ប្រជាកសិករនៅខេត្តបន្ទាយមានជ័យ ដែលបានដាំដំណាំមៀនស្រស់ កំពុងញាប់ដៃប្រមូលផលដោយភាពសប្បាយរីករាយ ខណៈដែលឈ្មួញបានចុះទៅទិញដល់ចម្ការ ដើម្បីនាំចេញទៅប្រទេសចិន…។

លោកស្រី អន ស៊ីថា ប្រធានស្តីទីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣វិច្ឆិកា បានថ្លែងប្រាប់ SBM News ថា ពាក់ព័ន្ធនឹងការចងក្រងជាសហគមន៍ ស្រុកមានសហគមន៍មៀនម៉ាឡៃ សមាជិកមាន១៥២នាក់ ដែលកន្លងមក មន្ទីរជួយលើការបណ្ដុះបណ្ដាលបច្ចេកទេស ថែទាំមុន និងក្រោយប្រមូលផល និងធ្វើការបណ្ដុះបណ្ដាល ស្តីពីការអនុវត្តកសិកម្មល្អមានស្ដង់ដារ អាចនាំចេញទៅប្រទេសចិន និងប្រទេសផ្សេងៗទៀតបាន។ ចំពោះមៀនកំពុងប្រមូលផលនេះ គឺត្រូវដឹកជញ្ជូនទៅខេត្តប៉ែលិន ដើម្បីឆ្លងកាត់ការត្រួតពិនិត្យ និងញែកទៅតាមប្រភេទគុណភាព គឺនាំចេញទាំងផ្លែស្រស់ ដោយមានការវេចខ្ចប់ ទៅតាមលក្ខណៈបច្ចេសទេស។ ចំណែក ផ្លែដែលដាច់ទង ត្រូវបានយកទៅសម្ងួត និងវេចខ្ចប់ទៅតាមលក្ខណៈបច្ចេកទេស ដូចគ្នា មុននាំចេញទៅកាន់ទីផ្សារប្រទេសចិន។

សម្រាប់ដីដាំដុះមៀននៅស្រុកម៉ាឡៃនេះ គឺមានប្រមាណជាង៥០០ហិកតា។ ប្រធានស្តីទីនៃមន្ទីរកសិកម្ម បន្ថែមថា ចំពោះទីផ្សារមិនមានអ្វីជាបញ្ហាចោទទេ ដោយសារពួកគាត់មានដៃគូស្រាប់ សម្រាប់នាំចេញទៅប្រទេសចិន។ ដើម្បីឱ្យប្រជាកសិករ កាន់តែទទួលបានភាពជឿទុកចិត្តជាមួយក្រុមឈ្មួញ ក៏ដូចជាក្រុមហ៊ុន មន្ត្រីជំនាញរបស់មន្ទីរ នឹងជួយសម្របសម្រួល តាមរយៈកិច្ចសន្យាផលិតកម្មកសិកម្ម ឱ្យពួកគាត់រៀបចំកិច្ចសន្យា ដែលមានការដឹងឮពីខាងមន្ទីរផ្ទាល់។ កន្លងមក មន្ទីរ និងក្រសួងកសិកម្ម បានយកចិត្តទុកដាក់ និងចូលរួមសម្របសម្រួលលើការរៀបចំ និងត្រួតពិនិត្យកិច្ចសន្យាផលិតកម្មកសិកម្ម ជាពិសេស លើផលិតកម្មស្រូវ និងបន្លែផ្សេងៗ។ ចំពោះតម្លៃមៀនឆ្នាំ២០២៦នេះ មិនខុសគ្នាពីឆ្នាំ២០២៥ ប៉ុន្មានទេ តម្លៃចន្លោះពី៣០០០រៀល ដល់៣៥០០រៀល ឬ៤០០០រៀល ក្នុងមួយគីឡូក្រាម អាស្រ័យទៅលើទំហំ និងគុណភាពផ្លែមៀនកម្រិតលេខ១ លេខ២ និងលេខ៣ និងពេលវេលាត្រូវប្រមូលផល។

លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានលើកទ្បើងថា ទីតាំងចម្ការរបស់កសិករដាំដំណាំមៀន ឆ្ងាយពីប្រភពទឹកសម្រាប់ស្រោចស្រព ដូច្នេះលោកសូមណែនាំទៅកាន់លោកចៅហ្វាយស្រុក ត្រូវធ្វើការជាមួយមន្ទីរជំនាញ ដើម្បីទាញប្រភពទឹក សម្រាប់យកមកផ្គត់ផ្គង់ស្រោចស្រពផលដំណាំជូនប្រជាកសិករ។ មួយវិញទៀត ត្រូវជួយសហការជាមួយមន្ទីរជំនាញ ក្នុងការជួយទាញអ្នកវិនិយោគ ដើម្បីទទួលទិញនូវកសិផល ឱ្យធានានូវតម្លៃដ៏ល្អមួយ ដែលបងប្អូនប្រជាកសិករអាចទទួលយកបាន៕ រាយការណ៍ដោយ៖ លោក ឈុន មករា






