Mbappe ជួបទុក្ខស្ទួន! ខកខាន Ballon d’Or និងត្រូវក្រុមហ៊ុនចិនធំៗផ្តាច់កិច្ចសន្យាព្រមគ្នា
Chanmarady Chuon
•
27 តុលា 2026 05:30 PM

កីឡាបាល់ទាត់៖ កំពូលខ្សែប្រយុទ្ធបារាំង គីលាន អឹមបាប៉េ (Kylian Mbappe)  បានជួបទុកស្ទួនៗក្នុងអាជីពបាល់ទាត់ ត្រឹមមួយប៉ប្រិចភ្នែក ដោយមិនត្រឹមតែភ្លាត់មិនទទួលបានពានរង្វាន់ឯកត្តជនកំពូល (Ballon d’Or) ប៉ុណ្ណោះទេ ថែមទាំងត្រូវក្រុមហ៊ុនពាណិជ្ជកម្មយក្សរបស់ចិន ប្រកាសផ្តាច់កិច្ចសន្យាព្រមៗគ្នាតែម្ដង...។

កាលពីថ្ងៃចន្ទកន្លងទៅ ខ្សែប្រយុទ្ធរូបនេះបានខកខានឱកាសលើកពាន Ballon d’Or បន្ទាប់ពីត្រូវបរាជ័យក្រោមដៃខ្សែប្រយុទ្ធអង់គ្លេស ហារី ខេន (Harry Kane)។ មិនទាន់ទាំងបានធូរស្បើយពីការខកចិត្តផង ស្រាប់តែនៅថ្ងៃអង្គារទី២៧ ខែតុលា ឆ្នាំ២០២៦ នេះ ក្រុមហ៊ុនធំៗរបស់ប្រទេសចិន រួមមាន៖ ក្រុមហ៊ុនភេសជ្ជៈ ដុងប៉េងប៊ើវើរីជ (Dongpeng Beverage) និងក្រុមហ៊ុនផលិតផលទឹកដោះគោ ម៉េងនីវ ដេរី (Mengniu Dairy) បានប្រកាសលុបចោលរាល់កិច្ចសហប្រតិបត្តិការទាំងអស់ជាមួយកីឡាករ អឹមបាប៉េ Mbappe បន្ទាន់។ គួរជម្រាបថា ការបញ្ឈប់កិច្ចសហការនេះ ធ្វើឡើងបន្ទាប់ពីវីដេអូមួយបង្ហាញថា រូបគេបាននិយាយលេងអំពីអតីតមេដឹកនាំចិន លោក ម៉ៅ សេទុង (Mao Zedong) ត្រូវបានចែកចាយយ៉ាងទូលំទូលាយលើបណ្តាញអ៊ីនធឺណិត។

ក្រុមហ៊ុនភេសជ្ជៈ ដុងប៉េងប៊ើវើរីជ បានចេញសេចក្តីថ្លែងការណ៍នៅលើគណនី វ៉ីបូ (Weibo) ផ្លូវការរបស់ខ្លួនថា៖«ក្រុមហ៊ុនយើងខ្ញុំ ប្រឆាំងដាច់ខាត និងប្រកាន់ជំហរគ្មានការអត់ឱនចំពោះទង្វើទាំងហ្លាយណា ដែលប៉ះពាល់ដល់មនោសញ្ចេតនាជាតិ។ ចាប់ពីពេលនេះតទៅ យើងខ្ញុំ..សូមបញ្ចប់កិច្ចសហប្រតិបត្តិការទាំងអស់ជាមួយ Mbappe»។ ជាមួយគ្នា គណនីផ្លូវការនៃម៉ាកសញ្ញាទឹកអេឡិចត្រូឡិត "Bushuila" ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ដុងប៉េង ក៏បានចេញសេចក្តីថ្លែងការណ៍បដិសេធដូចគ្នានេះដែរ។ទន្ទឹមនោះ ក្រុមហ៊ុន Mengniu Dairy ក៏បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនយ៉ាងម៉ឺងម៉ាត់ថា៖«ចាប់ពីពេលនេះតទៅ ក្រុមហ៊ុនយើងខ្ញុំ ប្រកាសបញ្ចប់កិច្ចសហប្រតិបត្តិការទាំងអស់ជាមួយ Mbappe។ Mengniu ប្រឆាំងដាច់ខាត និងមិនអត់ឱនឱ្យជាដាច់ខាត ចំពោះពាក្យសម្តី ឬសកម្មភាពណា ដែលធ្វើឱ្យប៉ះពាល់ដល់មនោសញ្ចេតនារបស់ប្រជាជនចិន»។

ការរំលាយកិច្ចសន្យាភ្លាមៗ ពីសំណាក់ក្រុមហ៊ុនយក្សចិនទាំងនេះ បូករួមទាំងការបរាជ័យប្រជែងពាន Ballon d’Or ក្រោមដៃ Harry Kane បានធ្វើឱ្យMbappe ធ្លាក់ចូលទៅក្នុងវិបត្តិប្រជាប្រិយភាព និងការខាតបង់ប្រាក់ចំណូលពីពាណិជ្ជកម្មយ៉ាងធ្ងន់ធ្ងរមិនធ្លាប់មាន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត