ពេជ្រ សម្បត្តិ ប្រកួតកម្ដៅសាច់ដុំ ត្រៀមខ្លួនជួបអ្នកលេងសាម៉ូរ៉ៃជប៉ុនសប្ដាហ៍ក្រោយ..?
Chanmarady Chuon
•
3 ម៉ោងមុន

គុនខ្មែរ៖ មុនឈានទៅប្រកួតមិត្តភាពអន្តរជាតិដ៏ធំសម្បើម នៅលើទឹកដីប្រវត្តិសាស្ត្រក្រុងអង្គរ ខេត្តសៀមរាប នៅថ្ងៃទី០៨ ខែវិច្ឆិកា សប្ដាហ៍ក្រោយ អ្នកលេងគុនខ្មែររហស្សនាមក្របីព្រៃ ពេជ្រ សម្បត្តិ ត្រូវទទួលភារកិច្ចឡើងប្រកួតកម្ដៅសាច់ដុំមួយប្រកួតសិន នៅថ្ងៃទី៣១ ខែតុលា ស្អែកនេះ ដោយត្រូវតតាំងជាមួយកីឡាករមកពីអាហ្គានីស្ថាន អាលី ហ្សាហ្វា ខណៈលោក ពេជ្រ សុផាន់ ជាគ្រូបង្វឹកផ្ទាល់ សម្ដែងក្ដីបារម្ភចំពោះបញ្ហាសុខភាព និងកាយសម្បទារបស់សិស្សគុនលោក...។

ការប្រកួតនៅថ្ងៃស្អែក ត្រូវបានអ្នកគាំទ្រមើលឃើញថា ជាការប្រកួតសម្រួចស្នែងកម្ដៅសាច់ដុំប៉ុណ្ណោះ ព្រោះកីឡាករ អាលី ហ្សាហ្វា ហាក់នៅមានកម្រិតសមត្ថភាពដាច់ឆ្ងាយពី ពេជ្រ សម្បត្តិ នៅឡើយ។ គួររម្លឹកថា នៅក្នុងការប្រកួតចុងក្រោយរបស់  កីឡាករ អាលី ហ្សាហ្វា កាលពីដើមខែតុលាកន្លងទៅ នៅលើទឹកដីកម្ពុជា រូបគេ រងបរាជ័យក្រោមដៃសិស្សប្អូនរួមអាជីព រឿង ចិត្រា តាំងពីជុំដំបូងនៃព្រឹត្តិការណ៍ប្រកួតម៉ារ៉ាតុនដណ្ដើមពានរង្វាន់។ ដូច្នេះ ជំនួបជាមួយ ពេជ្រ សម្បត្តិ ស្អែកនេះ ត្រូវគេរំពឹងថានឹងក្លាយជាការស្ទង់កម្លាំង និងពង្រឹងស្នែងក្របីព្រៃ មុនបន្តបេសកកម្មសំខាន់តទល់ នឹងជើងខ្លាំងជប៉ុន។

ដៃគូ ពេជ្រ សម្បត្តិ ស្អែកនេះធ្លាប់ចាញ់ រឿង ចិត្រា សប្ដាហ៍មុន
ដៃគូ ពេជ្រ សម្បត្តិ ស្អែកនេះធ្លាប់ចាញ់ រឿង ចិត្រា សប្ដាហ៍មុន

គួរបញ្ជាក់ថា នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ ក្រុមអ្នកចម្បាំងគុនខ្មែរក្រុងអង្គរ៥រូប នឹងត្រូវតតាំងជាមួយជើងខ្លាំងមកពីប្រទេសជប៉ុន ៥រូបដូចគ្នា នៅក្នុងព្រឹត្តិការណ៍ KUN KHMER KNOCK OUT នាសួនមាត់ស្ទឹងខេត្តសៀមរាប។ ក្នុងនោះ ម្ចាស់ខ្សែក្រវាត់១៣ខ្សែ ពេជ្រ សម្បត្តិ ត្រូវជួបជាមួយកីឡាករ កាណាតូ សៃម៉ូជី (Kanato Shimoji) ជាស៊ូភើស្តាមួយរូបប្រចាំសង្វៀន KNOCK OUT របស់ប្រទេសជប៉ុន។ កាណាតូ សៃម៉ូជី គឺជាអ្នកប្រយុទ្ធ Kickboxing ដ៏លេចធ្លោ មានកម្ពស់១៧០សង់ទីម៉ែត្រ ជាអតីតម្ចាស់ខ្សែក្រវាត់ KOS Super Featherweight និងល្បីល្បាញខាងប្រើប្រាស់បច្ចេកទេសវាយសម្រុកយ៉ាងមុតស្រួច ក្រោមបទបញ្ជា RED Rules (អនុញ្ញាតឱ្យប្រើកែង)។ តាមកំណត់ត្រាអាជីព គេធ្លាប់ឈ្នះ១២ដង (KO៤ដង) និងចាញ់៤ដង។

ទោះយ៉ាងណា ទន្ទឹមនឹងការប្រកួតបន្តបន្ទាប់ដ៏មមាញឹកបែបនេះ លោក ពេជ្រ សុផាន់ ដែលជាប្រធានក្លឹប និងជាគ្រូបង្វឹកផ្ទាល់ បានសម្ដែងក្ដីបារម្ភចំពោះបញ្ហាសុខភាព និងកាយសម្បទារបស់សិស្សគុនរបស់លោកផងដែរ។ លោកថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ថា កត្តាដែលធ្វើឱ្យ ពេជ្រ សម្បត្តិ មានឈ្មោះបោះសំឡេងដូចសព្វថ្ងៃ គឺបន្ថែមពីលើសមត្ថភាព គឺការទទួលបានឱកាសប្រកួតពីគ្រប់កម្មវិធី។ ដូច្នេះ នៅពេលកម្មវិធីត្រូវការ លោកមិនអាចបដិសេធបានឡើយ។ ប៉ុន្តែការបញ្ជាក់របស់លោក ពេជ្រ សុផាន់ នេះ ហាក់ផ្ទុយពីគំនិតមហាជន និងហាក់ដូចជាខុសគោលការណ៍របស់សហព័ន្ធប្រដាល់គុនខ្មែរ ដែលបានហាមឃាត់មិនឱ្យកីឡាករប្រកួត១សប្តាហ៍ម្ដងនោះឡើយ។ ដូច្នេះ យើងរង់ចាំមើលថា តើការប្រកួតជាប់ៗគ្នារបស់កីឡាករ ពេជ្រ សម្បត្តិ អាចរងពិន័យពីសហព័ន្ធប្រដាល់គុនខ្មែរដែរឬយ៉ាងណា..?

យ៉ាងណា លោក ពេជ្រ សុផាន់ បានទទួលស្គាល់ថា ការប្រកួតញឹកញាប់ពេក ពិតជាអាចប៉ះពាល់ដល់សុខភាព និងកម្លាំងរបស់ក្របីព្រៃទៅថ្ងៃអនាគត។ តែលោកជឿថា តាមរយៈការគ្រប់គ្រងវិន័យ និងបទបញ្ជាផ្ទៃក្នុងក្លឹបយ៉ាងម៉ឺងម៉ាត់ លោកអាចជួយថែរក្សាកាយសម្បទា ពេជ្រ សម្បត្តិ ឱ្យស្ថិតក្នុងកម្រិតល្អប្រសើរបាន។ ដូចនេះ មានតែការរង់ចាំមើលទាំងអស់គ្នាថា តើក្របីព្រៃ ពេជ្រ សម្បត្តិ អាចឆ្លងកាត់ការប្រកួតកម្ដៅសាច់ដុំនៅថ្ងៃស្អែកបានដោយរលូន ដើម្បីរង់ចាំស្វាគមន៍អ្នកលេងដាវសាម៉ូរ៉ៃជប៉ុន កាណាតូ សៃម៉ូជី នៅសង្វៀនក្រុងអង្គរសប្ដាហ៍ក្រោយ បានកម្រិតណា?..៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត