ផ្អើលពិភពបាល់ទាត់អាស៊ី! ក្លិបបាល់ទាត់កម្ពុជា២ក្រុម បង្ហាញភាពខ្លាំងនៅពាន ACL Two

ACL Two៖ ការប្រកួតបាល់ទាត់ជុំទី៣ តាមពូលនីមួយៗនៃពានរង្វាន់ AFC Champions League Two របស់ក្រុមបាល់ទាត់កម្ពុជា កាលពីម្សិលមិញ បានបង្ហាញភាពភ្ញាក់ផ្អើលជាខ្លាំង ដល់បណ្តាក្លិបបាល់ទាត់នៅក្នុងតំបន់អាស៊ីទាំងមូល បន្ទាប់ពីក្រុមជើងឯក/ជើងឯករងលីគកំពូលកម្ពុជា យកឈ្នះលើក្រុមខ្លាំងៗនៃលីគកំពូលល្បីៗ ជាពិសេស ក្រុមភ្នំពេញក្រោន ដែលលេង៣ប្រកួតក្នុងពូល H មិនទាន់ស្គាល់ពាក្យបរាជ័យ ឬស្មើឡើយ...។

ក្រុមព្រះខ័នរាជស្វាយរៀង បានសាងកំណត់ត្រាដ៏ភ្ញាក់ផ្អើលមួយក្នុងពូល G បន្ទាប់ពីយកឈ្នះក្រុមថែមភីណេស រ៉ូវើស៍ (Tampines Rovers) ដោយលទ្ធផល ៥ទល់នឹង១ កាលពីវេលាម៉ោង១៧ៈ០០នាទីល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ នៅកីឡដ្ឋាន Jalan Besar Stadium ប្រទេសសិង្ហបុរី ខណៈ២ប្រកួតដំបូងរបស់ក្រុមជើងឯកលីកកំពូលកម្ពុជាមួយនេះ រងបរាជ័យក្រោមថ្វីជើង ក្រុមមកពីប្រទេសជប៉ុន ម៉ាឈិដាក់ ហ្ស៊ីលវៀ (FC Machida Zelvia) ០-២ និងបន្តលេងស្មើ ០-០ ជាមួយក្រុមសាងហៃ ស៊ិនហួរ (Shanghai Shenhua) មកពីប្រទេសចិន នៅក្នុងដីខ្លួនឯង។ យ៉ាងណា ការប្រកួតជុំទី៣ ក្រុមព្រះខ័នរាជស្វាយរៀង ធ្វើបានយ៉ាងល្អ ដោយដណ្តើមបានកៅអីលេខ២បណ្តោះអាសន្នក្នុងពូល G បន្ទាប់ពីយកឈ្នះក្រុមថែមភីណេស រ៉ូវើស៍ យ៉ាងចាស់ដៃមកនោះ។

សម្រាប់ការប្រកួតជុំទី៤ ក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ស្វាគមន៍ ក្រុមថែមភីណេស រ៉ូវើស៍ នៅថ្ងៃព្រហស្បតិ៍ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ វាលាម៉ោង៧:១៥នាទីយប់ នៅប្រទេសកម្ពុជាវិញម្ដង។ ចំពោះពិន្ទុបណ្តោះអាសន្នក្នុងពូល G បច្ចុប្បន្ន ក្រុមម៉ាឈិដាក់ ហ្ស៊ីលវៀ មាន៩ពិន្ទុ មានគ្រាប់បាល់ចំណេញ៤គ្រាប់, ក្រុមព្រះខ័នរាជស្វាយរៀង មាន៤ពិន្ទុ មានគ្រាប់បាល់ចំណេញ២គ្រាប់, ក្រុមសាងហៃ ស៊ិនហួរ មាន៤ពិន្ទុ គ្មានសល់គ្រប់បាល់ចំណេញ, និងក្រុមបាតតារាងគ្មានពិន្ទុរាប់ គឺ ក្រុមថែមភីណេស រ៉ូវើស៍ មាន០ពិន្ទុ។

ដោយឡែក ក្រុមជើងឯករងលីគកំពូលកម្ពុជា មួយក្រុមទៀត គឺ ភ្នំពេញក្រោន បានបង្ហាញការភ្ញាក់ផ្អើលដល់បណ្តាក្លិបបាល់ទាត់អាជីពធំៗនៅតំបន់អាស៊ី បន្ទាប់ពីយកឈ្នះលើក្រុមឃីតឈី អេហ្វស៊ី មកពីចិនហុងកុង ដោយលទ្ធផល ២-០ កាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។ គ្រាប់បាល់បើកឆាកនៅនាទី៩០ របស់ខ្សែប្រយុទ្ធឆ្នើមពាក់អាវលេខ៩ សាទី ធ្វើឱ្យសំឡេងហ៊ោកញ្ជ្រៀវពេញពហុកីឡដ្ឋានបន្លឺឡើង ក្រោយស្ងប់ស្ងាត់ស្ទើរពេញ៩០នាទីទៅហើយនោះ។ កីឡាករពាក់អាវលេខ២៨ ដានីញែល បារ៉េស (Daniel Bares) របស់ក្រុមភ្នំពេញក្រោន បានស៊ុតបញ្ចូលទីនៅនាទី៩០+៤ បញ្ចប់ក្ដីសង្ឃឹមតាមស្មើរបស់ក្រុមឃីតឈី អេហ្វស៊ី ទាំងស្រុង ក្រោយកីឡាកររូបនេះ បណ្តើរបាល់ស៊ុតបញ្ចូលទីយ៉ាងអស្ចារ្យ ក្រោយអ្នកចាំទី ក្រុមឃីតឈី អេហ្វស៊ី បញ្ជូនបាល់ខុសបច្ចេកទេស។ 

ចប់ការប្រកួត ក្រុមភ្នំពេញក្រោន បានបន្តជ័យជម្នះរបស់ខ្លួនក្នុងពូល H ដោយប្រកួត៣ជុំ ឈ្នះទាំង៣ មាន៩ពិន្ទុ មានគ្រាប់បាល់ចំណេញ៤គ្រាប់, ក្រុមហ្កាងវ៉ុន មាន៤ពិន្ទុ គ្មានសល់គ្រាប់បាល់ចំណេញ, ក្រុមឃិតឈី មាន២ពិន្ទុ ជំពាក់គ្រាប់បាល់២គ្រាប់, និងក្រុមបាតតារាង គូឈីង ស៊ីធី មាន១ពិន្ទុ ជំពាក់គ្រាប់បាល់២គ្រាប់។ ការដណ្តើមបាន៣ពិន្ទុបន្ថែមនៅជុំទី៣ នៃពានរង្វាន់ក្លិបលំដាប់ទី២អាស៊ី ២០២៦-២០២៧នេះ ធ្វើឱ្យក្រុមភ្នំពេញក្រោន ក្លាយជាក្រុមបាល់ទាត់នៅតំបន់អាស៊ានល្អដាច់គេ ដែលទទួលបានជ័យជម្នះ៣ប្រកួតជាប់ៗគ្នា ពោលគឺឈ្នះ គូឈីង ស៊ីធី ២-១, ឈ្នះក្រុមហ្កាងវ៉ុន ២-១ និងឈ្នះក្រុមឃិតឈី អេហ្វស៊ី ២-០ ខណៈប្រកួតជុំទី៤ ក្រុមភ្នំពេញក្រោន ត្រូវហោះទៅជួបក្រុមឃីតឈី អេហ្វស៊ី នៅឯទីក្រុងហុងកុង ប្រទេសចិនវិញ នាថ្ងៃព្រហស្បតិ៍ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ ដូចគ្នា នឹងក្រុមព្រះខ័នរាជស្វាយរៀង ដែលត្រៀមបើកទ្វារផ្ទះទទួលស្វាគមន៍ភ្ញៀវដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត