១៥គ្រាប់ទៀតប៉ុណ្ណោះ ដល់១ពាន់គ្រាប់ហើយ! រ៉ូណាល់ដូ ស៊ុត Hat-trick លើកទី៦៧ យ៉ាងអស្ចារ្យបំផុត
Chanmarady Chuon
•
30 តុលា 2026 09:45 AM

កីឡាបាល់ទាត់៖ អធិរាជរកគ្រាប់បាល់លើវាលស្មៅ គ្រីស្ទាណូ រ៉ូណាល់ដូ បន្តបង្កើតរឿងរ៉ាវដ៏អស្ចារ្យក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក ជាថ្មីម្ដងទៀត តាមរយៈការបង្ហាញទម្រង់លេងដ៏មុតស្រួច ស៊ុតបញ្ចូលទី Hat-trick យ៉ាងអស្ចារ្យ ដែលជាការធ្វើបានចំនួន៦៧ដងក្នុងអាជីព ទោះមានវ័យជ្រែទៅហើយក្ដី…។

តាមរយៈកំណត់ត្រាគ្រាប់បាល់ដ៏អស្ចារ្យទាំងនេះ ធ្វើឱ្យចំនួនគ្រាប់បាល់សរុបក្នុងអាជីពបាល់ទាត់របស់ម្ចាស់ពាន Ballon d'Or ៥ សម័យកាល គ្រីស្ទាណូ រ៉ូណាល់ដូ កើនដល់៩៨៥គ្រាប់ហើយ ដែលមានន័យថា គោលដៅដ៏អស្ចារ្យក្នុងការឈានដល់កំណត់ត្រាប្រវត្តិសាស្ត្រ១០០០គ្រាប់ នៅសល់តែ១៥គ្រាប់ទៀតប៉ុណ្ណោះ។ ភាពខ្លាំងក្លាទាំងកម្លាំងកាយ និងទឹកចិត្តដ៏ធំធេងរបស់កីឡាករវ័យ៤១ឆ្នាំរូបនេះ បានធ្វើឱ្យអ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោក ស្ងើចសរសើរមិនដាច់ពីមាត់ មិនថា ថាមពលរាងកាយនៅតែមានភាពរឹងមាំប៉ុណ្ណោះទេ សមត្ថភាពនៃការរកគ្រាប់បាល់របស់ គ្រីស្ទាណូ រ៉ូណាល់ដូ ហាក់មិនមានសញ្ញាថមថយឡើយ ទោះបីស្ថិតក្នុងវ័យដែលកីឡាករអាជីពភាគច្រើន បានសម្រេចចិត្តចូលនិវត្តន៍ទៅហើយក្ដី។

គួរបញ្ជាក់ថា ការសម្រេចបាន Hat-trick លើកទី៦៧ នៅក្នុងជំនួបយកឈ្នះ Al Kholood ៥-៣ កាលពីយប់ឈានចូលថ្ងៃសុក្រទី៣០ ខែតុលា ឆ្នាំ២០២៦ ត្រូវបានកត់ត្រាជាទម្រង់ Perfect Hat-trick ដ៏ល្អឥតខ្ចោះ ដោយរូបគេប្រើប្រាស់ជើងស្តាំ ជើងឆ្វេង និងការតែតបញ្ចូលទីយ៉ាងស្អាត។ សមិទ្ធផលនេះ កើតឡើងបន្ទាប់ពីការធ្វើបាន Hat-trick លើកទី៦៥ (ឈ្នះ Abha ៨-០) និងលើកទី៦៦ (ឈ្នះ Al-Wehda ៦-០) ជាមួយក្រុមបាល់ទាត់ Al Nassr កាលពីឆ្នាំ២០២៤។ ទម្រង់លេងរបស់ គ្រីស្ទាណូ រ៉ូណាល់ដូ បង្ហាញយ៉ាងច្បាស់ថា ភាពមុតស្រួចនៃការបញ្ចប់ទីលើទីលានវាលស្មៅគូប្រកួត នៅតែរក្សាបានកម្រិតកំពូលដដែល។ ដូច្នេះ ការស្វែងរក១៥គ្រាប់ទៀត នឹងមិនធ្វើឱ្យម៉ាស៊ីនរកគ្រាប់បាល់ គ្រីស្ទាណូ រ៉ូណាល់ដូ ពិបាកឡើយសម្រាប់ការប្រកួតបន្ទាប់។ យើងរង់ចាំមើលថា តើស្តេចរកគ្រាប់បាល់រូបនេះ អាចសម្រេចគោលបំណងរបស់ខ្លួន បាននៅពេលណា..?

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត