
រាជធានីភ្នំពេញ៖ លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានណែនាំដល់មន្ត្រីជំនាញរបស់ក្រសួង រដ្ឋាករទឹកសាធារណៈ មន្ទីររាជធានី-ខេត្ត និងសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា រួមគ្នាពិនិត្យ ដាក់ចេញវិធានការត្រៀម និងពង្រឹងការសម្របសម្រួលសម្រាប់ការផ្ដល់សេវាផ្គត់ផ្គង់ទឹកស្អាត ខណៈបាតុភូតអែលនីញ៉ូត្រូវបានព្យាករថា អាចបង្កផលប៉ះពាល់ដល់របបទឹកភ្លៀង និងប្រភពទឹកនៅកម្ពុជា...។

ក្នុងកិច្ចប្រជុំកាលពីរសៀលថ្ងៃទី៣វិច្ឆិកា លោករដ្ឋមន្រ្តីក្រសួងឧស្សាហកម្មមានប្រសាសន៍ថា៖«យើងមិនទាន់ដឹងច្បាស់ថា បាតុភូតអែលនីញ៉ូ នឹងមានឥទ្ធិពលខ្លាំងកម្រិតណា ឬអូសបន្លាយយូរប៉ុណ្ណាទេ។ ប៉ុន្តែការត្រៀមលក្ខណៈបានល្អ អាចជួយកាត់បន្ថយផលប៉ះពាល់។ ដូច្នេះ យើងត្រូវត្រៀមលក្ខណៈសម្រាប់សេណារីយ៉ូអាក្រក់បំផុត និងពង្រឹងវិធានការឆ្លើយតបឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់»។ ក្នុងនោះ លោក ហែម វណ្ណឌី បានណែនាំឱ្យប្រតិបត្តិករទឹកស្អាត ទាំងរដ្ឋ និងឯកជន បង្កើនការតាមដានស្ថានភាពប្រភពទឹក ពង្រឹងផែនការត្រៀមបម្រុង និងស្វែងរកប្រភពទឹកជំនួសតាមការចាំបាច់។ លោកសង្កត់ធ្ងន់ថា ការផ្គត់ផ្គង់ទឹកស្អាតត្រូវមាននិរន្តរភាព។ អ្នកពាក់ព័ន្ធត្រូវគិតគូរទុកជាមុន និងស្វែងរកដំណោះស្រាយបន្ថែម ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមដែលអាចកើតមាន។

លោកក៏បានណែនាំដល់អ្នកពាក់ព័ន្ធទាំងអស់នៅក្នុងអង្គប្រជុំ ដាក់ចេញវិធានការបង្កើនសមត្ថភាពស្តុកទឹក កាត់បន្ថយការបាត់បង់ទឹកក្នុងបណ្តាញ ការសន្សំសំចៃទឹក ការត្រៀមឧបករណ៍ និងមធ្យោបាយអន្តរាគមន៍សម្រាប់ករណីចាំបាច់ និងការពង្រឹងកិច្ចសហការរវាងរដ្ឋាករទឹក ប្រតិបត្តិករទឹកស្អាត និងអាជ្ញាធរពាក់ព័ន្ធ។ រដ្ឋមន្រ្តីឧស្សាហកម្ម បានជំរុញឱ្យសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា ត្រូវចូលរួមផ្សព្វផ្សាយវិធានការត្រៀមបម្រុងដល់ប្រតិបត្តិករទឹកស្អាតឯកជន និងអនុវត្តដំណោះស្រាយប្រកបដោយភាពបត់បែន ស្របតាមស្ថានភាពជាក់ស្តែង នៅតាមមូលដ្ឋាន។ យោងតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក បាតុភូតអែលនីញ៉ូអាចបន្តមានឥទ្ធិពលលើកម្ពុជា រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧ ដោយក្រសួងបានអំពាវនាវឱ្យថែរក្សាប្រភពទឹក សន្សំសំចៃទឹក និងផ្តល់អាទិភាពទី១ ដល់ការប្រើប្រាស់ទឹកសម្រាប់ជីវភាពប្រចាំថ្ងៃ និងទី២ ដល់ការធ្វើស្រែប្រាំង និងការដាំដុះ៕




