ក្រសួងកសិកម្ម ជំរុញការប្រើប្រព័ន្ធកាមេរ៉ាបច្ចេកវិទ្យាទំនើប តាមដានសត្វផ្សោត
S
Sreyleak Yith
•
3 ម៉ោងមុន

ក្រុងក្រចេះ៖ កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៣វិច្ឆិកា បានដឹកនាំក្រុមការងារអភិរក្សជលផល ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងអង្គការដៃគូ ជួបសំណេះសំណាលជាមួយមន្ត្រីឆ្មាំទន្លេ ដើម្បីពង្រឹង និងបង្កើនប្រសិទ្ធភាពការងារគ្រប់គ្រង ការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គ។

អនុរដ្ឋលេខាធិការរូបនេះ គូសបញ្ជាក់ថា លទ្ធផលនៃការបង្ក្រាបបទល្មើស និងការដកហូតឧបករណ៍នេសាទខុសច្បាប់ មានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលបង្ហាញពីវឌ្ឍនភាពនៃការអនុវត្តការងារអភិរក្ស និងការពង្រឹងការអនុវត្តច្បាប់នៅតាមតំបន់គោលដៅសំខាន់ៗ។ កញ្ញាបន្ថែមថា ការពង្រឹងប្រព័ន្ធតាមដាន និងត្រួតពិនិត្យតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាកាមេរ៉ា និងប្រព័ន្ធផ្ទុកទិន្នន័យវីដេអូថតផ្សោត និងសិក្សាលទ្ធភាពប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ដើម្បីជួយកាត់បន្ថយការចំណាយលើថ្លៃអគ្គិសនី។

ចំណែក ការពង្រឹងកិច្ចសហការជាមួយអ្នកជំនាញអន្តរជាតិ និងដៃគូពាក់ព័ន្ធ ការកែសម្រួលរចនាសម្ព័ន្ធការងារ ការបែងចែកភារកិច្ចតាមជំនាញ ការបណ្ដុះបណ្ដាលបន្ថែម និងការយកចិត្តទុកដាក់លើបរិយាកាសការងារ និងជីវភាពមន្ត្រី គឺជាកត្តាសំខាន់ក្នុងការលើកកម្ពស់សមត្ថភាពក្រុមការងារ និងធានានិរន្តរភាពនៃការគ្រប់គ្រង ការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គ។ ជាមួយគ្នា អនុរដ្ឋលេខាធិការ បានកោតសរសើរ និងថ្លែងអំណរគុណចំពោះមន្ត្រីជំនាញអភិរក្ស អង្គការ WWF កម្ពុជា និងមន្ត្រីឆ្មាំទន្លេ ដែលបានរួមសហការគ្នាយ៉ាងសកម្ម ក្នុងការចុះល្បាត ទប់ស្កាត់បទល្មើស និងការពារធនធានជលផលជាតិ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត