
រាជធានីភ្នំពេញ៖ ក្នុងរយៈពេលត្រឹមតែមួយខែប៉ុណ្ណោះ មន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនយ៉ាងសកម្មទូទាំងប្រទេស ដោយរឹបអូសបានគ្រឿងញៀនសរុបជាង២តោន និងបានឃាត់ខ្លួនឧក្រិដ្ឋជនជិត២ពាន់នាក់ យកមកអនុវត្តវិធានការច្បាប់....។

តាមរយៈកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារបន្ត ខែវិច្ឆិកា ឆ្នាំ២០២៦ របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រសួងមហាផ្ទៃ បានឱ្យដឹងថា សមត្ថកិច្ចជំនាញ បានចុះប្រតិបត្តិការបង្ក្រាបលើបទល្មើស៧៩១ករណី ពេញមួយខែតុលាកន្លងទៅ។ កិច្ចប្រតិបត្តិការនេះ បានឃាត់ខ្លួនមនុស្សសរុប១៩៩៦នាក់ (ស្រី៨០នាក់) មានដល់១៨សញ្ជាតិ និងអនុវត្តដីកាចំនួន១០១ដីកា ឃាត់ខ្លួនមនុស្ស ៨៨នាក់។ ជាមួយគ្នា អាជ្ញាធរបានធ្វើការដកហូតសារធាតុញៀនសរុប៖ ២តោន ២៦៣គីឡូក្រាម និង៤២៨,៩៤ក្រាម (រួមមាន៖ មេតំហ្វេតាមីន, កេតាមីន, ហេរ៉ូអ៊ិន, អ៊ិចស្តាស៊ី និងកូកាអ៊ិន) កើនឡើងប្រមាណ៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីខែតុលា ឆ្នាំមុន។

លទ្ធផលនៃកិច្ចប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ក្នុងរយៈពេលមួយខែកន្លងមកនេះ បង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់កងកម្លាំងមានសមត្ថកិច្ច ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ដែលជាភ្នាក់ងារបំផ្លាញសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងអនាគតយុវជន។ អាជ្ញាធរ និងសមត្ថកិច្ចជំនាញ នៅតែបន្តអំពាវនាវដល់សាធារណជន និងប្រជាពលរដ្ឋគ្រប់រូប បន្តចូលរួមផ្តល់ព័ត៌មានសម្ងាត់ ពាក់ព័ន្ធនឹងសកម្មភាពជួញដូរ ការប្រើប្រាស់ ការចែកចាយ និងការចរាចរគ្រឿងញៀនខុសច្បាប់ ដើម្បីរួមចំណែកជួយគ្នាសម្អាតសង្គមជាតិ ឱ្យរួចចាកផុតពីគ្រោះថ្នាក់ នៃវិបត្តិគ្រឿងញៀននេះ៕








