កាសែតបរទេសធ្វើបទវិភាគបែបស៊ីជម្រៅ៖ ដើម្បីឱ្យខ្លួនខ្លាំង កម្ពុជាចង់ចាប់ទាំងចិន និងអាម៉េរិក តែក៏ប្រឹងព្យាយាមមិនឱ្យក្លាយជាកូនអុករបស់មហាអំណាចណាឡើយ
Mao Sopha
•
មួយម៉ោងមុន

រាជធានីភ្នំពេញ៖ កម្ពុជា ​កំពុងព្យាយាមពង្រឹងទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិក ហើយបន្តរក្សាចំណងមិត្តភាពជិតស្និទ្ធជាមួយចិន ដើម្បីការពារផលប្រយោជន៍ជាតិ សេដ្ឋកិច្ច និងឯករាជ្យភាព។ នេះបើយោងតាមអត្ថបទវិភាគដ៏វែងអន្លាយ និងស៊ីជម្រៅរបស់សារព័ត៌មាន South China Sea News Wire ដែលសរសេរឡើងដោយលោក ឌូមិទ្រូ ផាឡានឈូក (Dumitru Palanciuc) ដែលបានចុះផ្សាយ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦។ បន្ទាប់មក សារព័តមានអាម៉េរិកឈ្មោះ UPI ដ៏ចំណាស់បំផុតមួយ មានអាយុកាលជាង១០០ឆ្នាំ បានយកអត្ថបទវិភាគនេះ ទៅចុះផ្សាយបន្តនៅថ្ងៃទី២ ខែវិច្ឆិកា...។ 

អត្ថបទវិភាគ លើកឡើងថា ក្រោយផ្ទុះជម្លោះព្រំដែនជាមួយថៃក្នុងឆ្នាំ២០២៥ កម្ពុជាបានព្យាយាមស្តារទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិកឡើងវិញ។ អត្ថបទដដែលនេះ បន្តថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានព្យាយាមរក្សាតុល្យភាពរវាងមហាអំណាចទាំងពីរ គឺអាម៉េរិក និងចិន។ កាលពីឆ្នាំ២០២៥ សម្តេចធិបតី បានប្រើឃ្លាថា កម្ពុជាចង់បានទាំង «ស្ពៃក្តោប និងសាច់គោ» ដើម្បីបង្ហាញពីបំណងចង់ពង្រឹងសេដ្ឋកិច្ច និងនយោបាយជាមួយមហាអំណាចផុតលេខ ទាំងពីរ។ 

ក្រោយកម្ពុជា-ថៃ បង្កើតបទឈប់បាញ់ជាមួយគ្នា ដោយមានសហរដ្ឋអាម៉េរិក ជាអ្នកសម្របសម្រួល កម្ពុជាក៏បានចូលរួមជាសមាជិកនៃក្រុមប្រឹក្សាសន្តិភាព (Board of Peace) របស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ។ កម្ពុជា ក៏ទទួលបានការកាត់បន្ថយពន្ធគយរបស់សហរដ្ឋអាម៉េរិកពី៤៩ភាគរយ មកត្រឹម១៩ភាគរយ ហើយក្រោយមកទៀត ធ្លាក់មកនៅត្រឹម១០ភាគយ។ លើសពីនេះ កម្ពុជា-អាម៉េរិក បានប្រកាសផែនការ បន្តធ្វើសមយុទ្ធយោធារួមគ្នាឡើងវិញ នៅដើមឆ្នាំ២០២៧។

ចិននៅតែជាដៃគូសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា!

អត្ថបទវិភាគ បានរម្លឹកថា ចាប់តាំងពីទសវត្សរ៍១៩៩០ មក សម្តេចតេជោ ហ៊ុន សែន កាលនៅធ្វើជានាយករដ្ឋមន្រ្តី បានចាប់ផ្តើមកែលម្អទំនាក់ទំនងជាមួយចិន ហើយក្នុងចំណោមបណ្តាប្រទេសនៅតំបន់អាស៊ាន កម្ពុជាបានក្លាយជាដៃគូជិតស្និទ្ធបំផុតមួយរបស់ចិន។ មកដល់ឆ្នាំ២០២៦ ពាណិជ្ជកម្មរវាងកម្ពុជា និងចិន មានទំហំជាង ១៧ពាន់លានដុល្លារ។ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង មកកម្ពុជា កាលពីខែមេសា ឆ្នាំ២០២៥ បានបង្កើតកិច្ចព្រមព្រៀងចំនួន៣៧ ផ្តោតលើវិស័យពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ អប់រំ សុខាភិបាល និងការពារជាតិ។ ការយកឈ្មោះលោក ស៊ី ជីនពីង មកដាក់ជាឈ្មោះមហាវិថីមួយ ក្នុងរាជធានី គឺជាការកត់សម្គាល់ដ៏ពិសេសមួយ ដែលអ្នកនិពន្ធអត្ថបទ យកមកវិភាគថា កម្ពុជាកំពុងព្យាយាមរក្សាទំនាក់ទំនងជាមួយប្រទេសចិន និងមេដឹកនាំចិន។ 

អាម៉េរិក ជាទីផ្សារនាំចេញដ៏សំខាន់របស់កម្ពុជា!

ទោះបីកម្ពុជា មានទំនាក់ទំនងជិតស្និទ្ធជាមួយចិនក៏ដោយ សហរដ្ឋអាម៉េរិក នៅតែមានសារសំខាន់យ៉ាងខ្លាំង ចំពោះសេដ្ឋកិច្ចកម្ពុជា ជាពិសេសទីផ្សារនាំចេញ។ អត្ថបទវិភាគ បញ្ជាក់ថា ក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦ ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាម៉េរិក មានតម្លៃជាង៩ពាន់លានដុល្លារ ស្មើនឹងជាង៤៣ភាគយ នៃការនាំចេញសរុបរបស់កម្ពុជា។ ដោយសារតែការដំឡើងពន្ធគយ អាចប៉ះពាល់ដល់ស្ថិរភាពសង្គម និងសេដ្ឋកិច្ច កម្ពុជា ក៏ព្យាយាមពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងសន្តិសុខជាមួយសហរដ្ឋអាម៉េរិកឡើងវិញ។

នៅឆ្នាំ២០២៥ កម្ពុជា និងសហដ្ឋអាម៉េរិក បានប្រកាសពីការបន្តសមយុទ្ធយោធាឆ្មាំអង្គរ (Angkor Sentinel) ដែលបានផ្អាកតាំងពីឆ្នាំ២០១៧មក។ បន្ថែមពីនេះ នៅដើមឆ្នាំ២០២៦ សហរដ្ឋអាម៉េរិក បានដកឧបសគ្គធំមួយចេញពីកម្ពុជា គឺលុបឈ្មោះប្រទេសកម្ពុជា ចេញពីបញ្ជីមិនលក់អាវុធឱ្យ (មានន័យថា យល់ព្រមបើកលក់ឱ្យវិញ)។ នៅដើមឆ្នាំ២០២៦ ដដែល នាវាចម្បាំងសហរដ្ឋអាម៉េរិកឈ្មោះ USS Cincinnati បានចូលចតនៅមូលដ្ឋានទ័ពជើងទឹករាមរបស់កម្ពុជា រយៈពេល៥ថ្ងៃ។

កម្ពុជា មិនចង់ក្លាយជាកូនអុករបស់មហាអំណាចណាឡើយ!

អត្ថបទវិភាគ បានធ្វើសេចក្តីវិនិច្ឆ័យយ៉ាងច្បាស់ថា កម្ពុជា បានទទួលយកការគាំទ្រពីចិន ក្នុងការអភិវឌ្ឍមូលដ្ឋានទ័ពជើងទឹករាម ប៉ុន្តែមិនបានផ្តល់សិទ្ធិប្រើប្រាស់មូលដ្ឋាននោះដល់ចិន [ឬដល់ប្រទេសណា] នោះទេ។ កម្ពុជា ក៏បានស្វាគមន៍ការបន្តសមយុទ្ធយោធាជាមួយសហរដ្ឋអាម៉េរិក ប៉ុន្តែមិនបានចូលជាសម្ព័ន្ធមិត្តយោធា ផ្លូវការជាមួយមហាអំណាចនេះឡើយ។

អ្នកនិពន្ធអត្ថបទវិភាគ បង្ហាញថា កម្ពុជាកំពុងប្រើប្រាស់យុទ្ធសាស្ត្ររក្សាតុល្យភាពទំនាក់ទំនង ដើម្បីពង្រឹងសមត្ថភាពចរចា ទាក់ទាញការវិនិយោគ និងការពារផលប្រយោជន៍របស់ខ្លួន។ ទោះជាយ៉ាងណា អត្ថបទវិភាគនេះ សរសេរថា យុទ្ធសាស្ត្ររក្សាតុល្យភាពនេះ ហាក់មានដែនកំណត់ ព្រោះទំនាក់ទំនងរវាងកម្ពុជា និងចិន នៅតែមានសារសំខាន់ ជាងទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិក ក្នុងផ្នែកមួយចំនួន។ អត្ថបទនេះ បន្តទៀតថា កម្ពុជា ក៏ត្រូវប្រឈមនឹងការរិះគន់របស់សហរដ្ឋអាម៉េរិក ចំពោះបញ្ហាសិទ្ធិមនុស្ស និងសេរីភាពផ្នែកនយោបាយផងដែរ។

ជាសរុបជារួមមក អ្នកនិពន្ធនៃសារព័ត៌មានបរទេសខាងលើ រំលេចការមើលឃើញរបស់ខ្លួន តាមរយៈអត្ថបទស៊ីជម្រៅនេះថា កម្ពុជា មិនចង់ជ្រើសរើសយកតែមួយនោះទេ រវាងមហាអំណាចលេខមួយសហរដ្ឋអាម៉េរិក និងមហាយក្សចិន។ និយាយតាមភាសាមួយបែបទៀតថា កម្ពុជា ប្រឹងទប់ខ្លួនមិនឱ្យក្លាយជាកូនអុករបស់មហាអំណាចណាមួយឡើយ មិនថាចិន សហរដ្ឋអាម៉េរិក ឬប្រទេសផ្សេងទៀត។ តែផ្ទុយទៅវិញ កម្ពុជា ចង់រក្សាទំនាក់ទំនងជាមួយប្រទេសអ្នកខ្លាំង ទាំងពីរនេះ ដើម្បីទាក់ទាញការវិនិយោគ ពង្រីកទីផ្សារនាំចេញ និងពង្រឹងឯករាជ្យភាពរបស់ខ្លួន៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត