
រដ្ឋធានីវ៉ាស៊ីនតោន៖ គណបក្សប្រជាធិបតេយ្យ បានទទួលជ័យជម្នះដ៏ធំបំផុតមួយ នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ នៅសហរដ្ឋអាម៉េរិក បន្ទាប់ពីលោក រ៉យ ឃូភ័រ (Roy Cooper) អតីតអភិបាលរដ្ឋ North Carolina ដណ្ដើមបានជ័យជម្នះលើគូប្រជែង មកពីគណបក្សសាធារណរដ្ឋរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដោយដណ្តើមបានអាសនៈព្រឹទ្ធសភា ជូនដល់គណបក្សប្រជាធិបតេយ្យ ជាលើកដំបូង នៅក្នុងរយៈពេលជិត២០ឆ្នាំ កន្លងមកនេះ...។

បណ្ដាញទូរទស្សន៍របស់អង់គ្លេស BBC បានចុះផ្សាយនៅព្រឹកថ្ងៃពុធទី៤ ខែវិច្ឆិកានេះថា គណបក្សប្រជាធិបតេយ្យ ត្រូវបានគេព្យាករថា នឹងឈ្នះសំឡេងភាគច្រើន នៅក្នុងសភាតំណាងរាស្រ្ដ ដោយដណ្ដើមការគ្រប់គ្រងពីគណបក្សសាធារណរដ្ឋ។ គណបក្សប្រជាធិបតេយ្យ នឹងឈ្នះយ៉ាងតិច២១៨អាសនៈ ដែលចំនួនត្រូវការចាំបាច់ សម្រាប់សំឡេងភាគច្រើន ហើយគណបក្សសាធារណរដ្ឋរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ អាចនឹងឈ្នះយ៉ាងតិចចំនួន១៦០អាសនៈ។ បើតាមទូរទស្សន៍អាម៉េរិក CBS ដែលជាដៃគូរបស់ BBC បានរាយការណ៍ថា គណបក្សប្រជាធិបតេយ្យ ក៏បានដណ្តើមយកអាសនៈព្រឹទ្ធសភាទីពីររបស់ខ្លួន នៅក្នុងយប់នេះដែរ បន្ទាប់ពីទទួលបានជ័យជម្នះ នៅរដ្ឋ South Carolina។ ស្របគ្នានេះដែរ អ្នកយកព័ត៌មានប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោន បានសរសេរថា នេះជាជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតមួយរបស់គណបក្សប្រជាធិបតេយ្យ។

តើមានតំណែងអ្វីខ្លះ ដែលត្រូវបោះឆ្នោតជ្រើសរើស? រួមមាន៖ អាសនៈទាំងអស់ចំនួន៤៣៥ នៅក្នុងសភាតំណាងរាស្ត្រ, អាសនៈចំនួន៣៥នៅចំណោម១០០អាសនៈ នៅក្នុងព្រឹទ្ធសភា និងតំណែងនយោបាយ នៅថ្នាក់រដ្ឋមួយចំនួន រួមទាំងតំណែងអភិបាលរដ្ឋផងដែរ។ លោក រ៉យ ឃូភ័រ (Roy Cooper) អតីតអភិបាលរដ្ឋ North Carolina (ណ័រ ការ៉ូលីណា) បានដណ្ដើមជ័យជម្នះលើបេក្ខជន មកពីគណបក្សសាធារណរដ្ឋ បន្ទាប់ពីលទ្ធផលស្ទង់មតិ នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមក បង្ហាញថា គាត់មានសំឡេងនាំមុខយ៉ាងដាច់ខាត។ ជ័យជម្នះដ៏ធំនេះ បានជំរុញឱ្យគណបក្សសាធារណរដ្ឋ ត្រូវកែសម្រួលយុទ្ធសាស្ត្រឃោសនារបស់ខ្លួន ដោយបង្វែរថវិកាមួយចំនួនពីដ្ឋ North Carolina ទៅកាន់រដ្ឋផ្សេងៗទៀត ដែលជាការប្រកួតប្រជែង មានភាពប្រផិតប្រផើយខ្លាំងជាង។

ទោះជាជ័យជម្នះរបស់លោក ឃូភ័រ ត្រូវគេរំពឹងទុកយ៉ាងខ្លាំងក៏ដោយ ក៏វាជាជោគជ័យដ៏ធំមួយ សម្រាប់គណបក្សប្រជាធិបតេយ្យផងដែរ។ ជ័យជម្ននេះ ដោយសារតែលើកចុងក្រោយ ដែលពួកគេឈ្នះអាសនៈព្រឹទ្ធសភា នៅរដ្ឋ North Carolina កាលពីឆ្នាំ២០០៨ ថ្វីបើពួកគេបានចំណាយពេលវេលា និងធនធានយ៉ាងច្រើន នៅក្នុងការបោះឆ្នោត កាលពីពេលកន្លងមកយ៉ាងណាក៏ដោយ។ ជ័យជម្នះនេះ បានបន្ថែមអាសនៈមួយទៀត ដល់គណបក្សប្រជាធិបតេយ្យ ដោយដណ្តើមបានពីគណបក្សសាធារណរដ្ឋ។ ទោះជាយ៉ាងណាក៏ដោយ គណបក្សប្រជាធិបតេយ្យ នៅតែត្រូវការដណ្តើមយកអាសនៈព្រឹទ្ធសភាចំនួន៣បន្ថែមទៀត ពីគណបក្សសាធារណរដ្ឋ ហើយត្រូវរក្សាអាសនៈទាំងអស់ ដែលខ្លួនមានបច្ចុប្បន្ន ដើម្បីអាចគ្រប់គ្រងសំឡេងភាគច្រើន នៅក្នុងព្រឹទ្ធសភាសហរដ្ឋអាម៉េរិក៕




