ចិនបញ្ជូនយន្ដហោះ-នាវាចម្បាំងជាង៣០គ្រឿង ឡោមព័ទ្ធកោះតៃវ៉ាន់ ចំពេលអាម៉េរិកបោះឆ្នោត
S
Sinuon Nop
•
2 ម៉ោងមុន

ទីក្រុងតៃប៉ិ៖ ស្របពេលគណបក្សប្រជាធិបតេយ្យ កំពុងនាំមុខគណបក្សសាធារណរដ្ឋរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៃលទ្ធផលបឋម នៃការរាប់សន្លឹកឆ្នោត នៅក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្ដិ នៅសហរដ្ឋអាម៉េរិកនោះ ប្រទេសចិន បានបញ្ជូនកងយន្ដហោះយោធា និងនាវាចម្បាំង រាប់សិបគ្រឿង ទៅកាន់តំបន់ជុំវិញកោះតៃវ៉ាន់ ខណៈក្រុមមន្រ្ដីយោធាកំពូលៗរបស់សហរដ្ឋអាម៉េរិក តែងព្យាករអំពីលទ្ធភាពរបស់រដ្ឋាភិបាលរដ្ឋធានីប៉េកាំង អាចនឹងលើកទ័ពចូលលុកលុយលើដែនកោះមួយនេះ នៅកំលុងឆ្នាំ២០២៧...។

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ និងសមភាគីចិន លោក ស៊ី ជិនពីង
ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ និងសមភាគីចិន លោក ស៊ី ជិនពីង

សារព័ត៌មាន Taiwan News បានចេញផ្សាយនៅព្រឹកថ្ងៃពុធទី៤ ខែវិច្ឆិកានេះថា ក្រសួងការពារជាតិរដ្ឋបាលកោះតៃវ៉ាន់ អះអាងថា តៃវ៉ាន់ បានតាមដានកងយន្ដហោះយោធារបស់ចិន ចំនួន២២គ្រឿង និងកងនាវាចម្បាំងចំនួន១២គ្រឿង ដែលកំពុងធ្វើសកម្មភាព នៅចន្លោះពីម៉ោង៦ព្រឹកថ្ងៃអង្គារ និងម៉ោង៦ព្រឹកថ្ងៃពុធនេះ នៅតំបន់ជុំវិញដែនកោះរបស់ខ្លួន។ រីឯយន្ដហោះកងទ័ពរំដោះប្រជាជនចិនចំនួន១៤គ្រឿង បានឆ្លងកាត់ខ្សែបន្ទាត់មធ្យម នៃច្រកសមុទ្ទតៃវ៉ាន់ នៅភាគនិរតី និងតំបន់កំណត់អត្ដសញ្ញាណការពារដែនអាកាស នាភាគខាងកើត នៃដែនកោះរបស់ខ្លួន។ ប៉ុន្ដែជាការឆ្លើយតបនឹងសកម្មភាពយោធារបស់កងទ័ពចិននេះ មេដឹកនាំកោះតៃវ៉ាន់ បានដាក់ពង្រាយកងយន្ដហោះចម្បាំង កងនាវាចម្បាំង និងប្រព័ន្ធមីស៊ីលជាច្រើនគ្រឿង ដើម្បីបង្ការហេតុការណ៍ដ៏អាក្រក់ណាមួយ កើតឡើងជាយថាហេតុ។

ប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីងថេ
ប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីងថេ

បើតាមក្រសួងការពារជាតិរដ្ឋបាលតៃវ៉ាន់ បានឱ្យដឹងទៀតថា នៅដើមខែវិច្ឆិកានេះ កងទ័ពកោះតៃវ៉ាន់ បានតាមដានយន្ដហោះចម្បាំងចិនចំនួន៩០លើក និងនាវាចម្បាំងចំនួន៣៧លើក។ ប៉ុន្ដែបើគិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០២០ រហូតមក ប្រទេសចិន បានបង្កើនសកម្មយោធា នៅក្នុងការប្រើប្រាស់យុទ្ធសាស្រ្ដតំបន់ប្រផេះ តាមរយៈការប្រើប្រាស់ កងយន្ដហោះចម្បាំង និងកងនាវារបស់កងទ័ពជើងទឹករបស់ខ្លួន ធ្វើប្រតិបត្ដិការឥតឈប់ឈរ នៅតំបន់ជុំវិញដែនកោះរបស់ខ្លួន។ ក្រុមមន្រ្ដីយោធាកំពូលៗរបស់សហរដ្ឋអាម៉េរិក ធ្លាប់ព្យាករជាញឹកញាប់រួចមកហើយ កាលពីពេលកន្លងទៅថា រដ្ឋាភិបាលរដ្ឋធានីប៉េកាំង បាននិងកំពុងបង្កើនសមត្ថភាពយោធាយ៉ាងឆាប់រហ័ស នៅក្នុងគោលបំណង ឈ្លានពានទៅលើកោះតៃវ៉ាន់។ ថ្វីបើមានការព្យាករយ៉ាងដូច្នេះក្ដី លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងថា ចិន នឹងមិនឈ្លានពានដែនកោះមួយនេះ នៅក្នុងអាណត្ដិរបស់លោកឡើយ។

យន្ដហោះយោធាចិន
យន្ដហោះយោធាចិន

ដោយឡែក ការបោះឆ្នោតពាក់កណ្ដាលអាណត្ដិនៅសហរដ្ឋអាម៉េរិក គិតត្រឹមព្រឹក ថ្ងៃពុធ (ម៉ោងនៅកម្ពុជា) លទ្ធផលមិនផ្លូវការ គឺគណបក្សប្រជាធិបតេយ្យ កំពុងនាំមុខគណបក្សសាធារណរដ្ឋរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ខណៈការរាប់សន្លឹកឆ្នោត និងការបោះឆ្នោតកំពុងបន្ដ។ ទន្ទឹមគ្នា ក្រុមអ្នកវិភាគនយោបាយរបស់លោកខាងលិច បានលើកឡើងថា គណបក្សប្រជាធិបតេយ្យ កំពុងមានសេចក្ដីសង្ឃឹមថា ពួកគេអាចនឹងចូលមកគ្រប់គ្រងកៅអីសភាសាជាថ្មីវិញ៕

នាវាចម្បាំងចិន
នាវាចម្បាំងចិន
ទិន្នន័យការបោះឆ្នោតបឋមនៅអាម៉េរិក (AP)
ទិន្នន័យការបោះឆ្នោតបឋមនៅអាម៉េរិក (AP)
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត